ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden សាទរ​«សករាជថ្មី»​នៃ​ទំនាក់ទំនង​អាមេរិក​អាស៊ាន​ ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​វ៉ាស៊ីនតោន


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ​បានថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា កិច្ចប្រជុំ​កំពូល​លើក​ដំបូង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​បណ្តា​មេដឹកនាំប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ហៅ​កាត់​ថា​អាស៊ាន ជា​កំណត់ត្រា​លើ​ការ​បង្កើត​ «សករាជ​ថ្មី» មួយ​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្លុក​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស។

ថ្លែង​នៅ​ថ្ងៃ​ទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​រយៈពេល​ ២​ ថ្ងៃ​ លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​យើង​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ​នេះ នឹង​ត្រូវ​កត់ត្រា​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក គឺ​ជា​អនាគត ក្នុង​រយៈពេល​រាប់​ឆ្នាំ​និង​រាប់​ទសវត្សរ៍​ខាង​មុខ»។

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ ជា​កំណត់ត្រា​នៃ​ការ​ជួបជុំ​គ្នា​ជា​ក្រុម​លើក​ដំបូង​របស់​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន និង​ជា​កិច្ចប្រជុំលើក​ដំបូង​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បើ​គិតចាប់តាំង​ពី​ឆ្នាំ ២០១៦ មក។

រដ្ឋបាល​លោក Biden សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​យក​ចិត្ត​ទុកដាក់​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​បញ្ហា​ប្រឈម​រយៈពេល​វែង​ពី​ប្រទេស​ចិន ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ដៃ​គូ​ប្រជែង​ដ៏​សំខាន់​របស់​អាមេរិក ទោះ​បី​ជា​ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន​ក្តី។

លោក Biden ថ្លែង​ថា៖ «យើង​កំពុង​បង្កើត​សករាជ​ថ្មី​មួយ នៅ​ក្នុង​ទំនាក់​ទំនង​រវាង​អាមេរិក​និង​អាស៊ាន»។

លោក Biden ក៏​បាន​ប្រកាស​ថា លោក​នឹង​តែងតាំង​លោក Yohannes Abraham ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន ហើយ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​បង្កើន​ភាព​ជា​ដៃគូ​«ដ៏​សំខាន់»​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​អាស៊ីអាគ្នេយ៍៕

XS
SM
MD
LG