កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននឹងសម្រេចបានបញ្ហាជាច្រើន រាប់ទាំងបញ្ហាមីយ៉ាន់ម៉ា អ៊ុយក្រែន និង កូរ៉េខាងជើង។ ហើយសេចក្តីថ្លែងការណ៍រួមមួយ ហៅថា «សេចក្តីថ្លែងការណ៍ទស្សនៈរួម» នឹងគ្រោងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលប៉ុន្មានម៉ោងទៀតនេះ។ លោកប្រធានាធិបតី Joe Biden (ចូ បៃដិន) នឹងអញ្ជើញមេដឹកនាំ អាស៊ាន អនុម័តរួមគ្នា នៅថ្ងៃកិច្ចប្រជុំអាមេរិក -អាស៊ានបញ្ជប់នេះ។ នេះបើតាមកម្មវិធីនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន និង សេចក្តីថ្លែងការណ៍រួមមួយផ្នែក ដែលវីអូអេទទួលបានពីប្រភពដែលគួរទុកចិត្តបាន។
ចំពោះបញ្ហាអ៊ុយក្រែន ដែលគេមិនបានឃើញមានការប្រើពាក្យ «រុស្ស៉ី» ក្នុងសេចក្តីព្រាងនៃ«សេចក្តីថ្លែងការណ៍ទស្សនៈរួម» ហៅថា Joint Vision Statement នោះ អាមេរិកនិងអាស៊ានបានបញ្ជាក់ឱ្យដឹងថា៖ «យើងនឹងបន្តបញ្ជាក់ពីជំហររបស់យើងក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពដែនដី។ យើងសូមអំពាវនាវជាថ្មីឱ្យមានការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងសូមបញ្ជាក់ពីសារ:សំខាន់នៃការបញ្ចប់សង្គ្រាម និង បង្កើតបរិយាកាសដែលអាចនាំទៅរកដំណោះសា្រយសន្តិភាព»។
សេចក្តីព្រាងដដែលបានបញ្ជាក់ថា៖ «យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការ អ.ស.ប.ក្នុងការបន្តស្វែងរកសន្តិភាព។ យើងទទូចផងដែរឱ្យមានការសម្របសម្រួលជាបន្ទាន់ឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាព ដោយគ្មានការរារាំង ទៅជូនដល់ពលរដ្ឋអ៊ុយក្រែនដែលត្រូវការស្បៀងអាហារនិងការការពារដល់បុគ្គលិកផ្នែកជំនួយមនុស្សធម៌ស៊ីវិល និង ពលរដ្ឋដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់»។
បញ្ហាមីយ៉ាន់ម៉ាវិញសេចក្តីព្រាងនៃ«សេចក្តីថ្លែងការណ៍ទស្សនៈរួម» ហៅថា Joint Vision Statement អាមេរិកនិងអាស៊ានបានបញ្ជាក់ឱ្យដឹងថា៖ «យើងនៅបន្តព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ យើងរំលេចការប្តេជ្ញារបស់មីយ៉ាន់ម៉ាចំពោះចំណុចកុងសង់ស៊ីសអាស៊ានទាំង៥ក្នុងពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយទទូចឱ្យមីយ៉ាន់ម៉ាអនុវត្តចំណុចកុងសង់ស៊ីសទាំង៥ឱ្យបានឆាប់និងគ្រប់ចំណុច»។
សេចក្តីព្រាងដដែលបានបន្តបញ្ជាក់ថា៖ «យើងនឹងបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ានដើម្បីសម្របសម្រួលតាមរយ:ការធ្វើកិច្ចការរបស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដូចជាការស្តារទំនុកចិត្តនិងការជឿជាក់ ដើម្បីការចូលជួបសន្ទនាគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយនឹងការដឹកជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពជូនដល់ពលរដ្ឋមីយ៉ាន់ម៉ា រួមទាំងពលរដ្ឋដែលត្រូវការស្បៀងចាំបាច់ ដោយគ្មានការរើសអើង»។
សេចក្តីព្រាងដដែលបានបន្តបញ្ជាក់បន្ថែមថា៖ «យើងសូមបញ្ជាក់ពីគោលជំហរជាថ្មីរបស់យើងចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និង បន្តអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា និង បន្តដោះលែងអ្នកជាប់ឃុំនយោបាយ រួមទាំងជនបរទេសផង។ យើងនឹងបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់យើងថែមទៀតដើម្បីរកដំណោះស្រាយសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាបន្តរបស់យើងចំពោះសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាមូលដ្ឋាន ដែលមានចែងបញ្ជាក់ក្នុងធម្មនុញ្ញអាស៊ាន»។
ចំពោះបញ្ហាកូរ៉េខាងជើង សេចក្តីព្រាងនៃ«សេចក្តីថ្លែងការណ៍ទស្សនៈរួម» ហៅថា Joint Vision Statement អាមេរិក និងអាស៊ានបានបញ្ជាក់ឱ្យដឹងថា៖ «យើងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ និងកសាងសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។ យើងបន្តទាមទារឱ្យកូរ៉េខាងជើងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលពាក់ព័ន្ធនានាគោរពតាមការអំពាវនាវរបស់សហគមន៍អន្តរជាតិចំពោះផ្នែកគោលនយោបាយការទូត ដើម្បីជាផលប្រយោជ៍នៃការរក្សាសន្តិភាព សន្តិសុខ ក្នុងតំបន់»។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោន ពីរថ្ងៃគ្រោងនឹងបញ្ចប់នៅថ្ងៃនេះ ជាមួយនឹងសន្ទរកថាបិទរបស់ប្រធានអាស៊ានគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ក្រោយពីការថ្លែងសុន្ទរកថារបស់មេដឹកនាំអាស៊ានចំនួន៥នាទីម្នាក់ និង ការសន្ទនារវាងមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក Joe Biden (ចូ បៃដិន)៕