រឿងដែលឈ្នះពានរង្វាន់ច្រើនជាងគេ គឺរឿងដែលមានចំណងជើងថា Dear Evan Hansen ដែលប្រែសម្រួលជាភាសាខ្មែរថា «ជូនចំពោះ Evan Hansen»។ រឿងល្ខោនដែលពោរពេញទៅដោយចម្រៀងនេះរៀបរាប់អំពីនិស្សិតវិទ្យាល័យឯកោម្នាក់ ដែលតាំងខ្លួនជាមិត្តភ័ក្ដិរបស់មិត្តរួមថ្នាក់មួយរូបដែលបានធ្វើអត្តឃាតខ្លួនឯង។
រឿងនេះទទួលបានពានរង្វាន់ចំនួន ៦ ដែលមានដូចជាពានរង្វាន់សាច់ភ្លេងល្អបំផុត និងពានរង្វាន់តួឯកប្រុស និងតួឯកស្រីល្អបំផុត ជាដើម។ ការផ្ដល់ពានរង្វាន់នេះក៏សំដៅដល់មនុស្សជាច្រើនដែលធ្វើការពីក្រោយឆាកផងដែរ ដូចជាអ្នកនិពន្ធ អ្នកដឹកនាំសម្ដែង និងអ្នករចនាប្លង់ជាដើម។ ប៉ុន្តែ នៅមានបុគ្គលមួយចំនួនទៀតដែលរួមចំណែកសំខាន់ផងដែរ តែមិនស្របទៅនឹងលក្ខខណ្ឌក្នុងការទទួលបានពានរង្វាន់នេះ ដូចជាអ្នកគ្រប់គ្រងការសម្ដែងជាដើម។
អ្នកគ្រប់គ្រងការសម្ដែង ជាទូទៅត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចការនានា ដោយពួកគេអង្គុយនៅតុមួយដែលមានអេក្រង់វីដេអូ រួមទាំងប៊ូតុងចុច និងកុងតាក់ជាច្រើន។ ហើយពួកគេពាក់កាសត្រចៀក ដើម្បីទំនាក់ទំនងជាមួយនឹងក្រុមការងារទាំងអស់។
លោក Ira Mont អ្នកគ្រប់គ្រងការសម្ដែងមួយរូប បាននិយាយជាមួយក្រុមការងារលោកនៅក្នុងការថតសាច់ភ្លេងសម្រាប់ការសម្ដែងមួយដែលមានចំណងជើងថា Cats យ៉ាងដូច្នេះថា៖ «សួស្ដីអ្នកទាំងអស់គ្នា! ស្វាគមន៍ត្រឡប់មកវិញ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយ។ នេះជាការអំពាវនាវរយៈពេល ៣០ នាទី មុនការថតចាប់ផ្ដើម»។
អ្នកគ្រប់គ្រងការសម្ដែងនិយាយដោយប្រើក្បាលមីក្រូដែលហៅថា «ក្បាលមីក្រូអាទិទេព»។ លោក Ira Mont បាននិយាយដោយប្រើក្បាលមីក្រូអាទិទេពនេះ នៅឯការថតសាច់ភ្លេងសម្រាប់ការសម្ដែងរឿង Cats។
«ខ្ញុំគិតថា អ្នកគ្រប់គ្រងការសម្ដែងគឺប្រៀបដូចជានាយកប្រតិបត្តិនៃសាជីវកម្មមួយដូច្នេះដែរ ដែលសាជីវកម្មនោះគឺការសម្ដែងនេះឯង»។
លោក Donald Fried ក៏កំពុងបញ្ជាក្រុមការងារលោកតាមរយៈក្បាលមីក្រូអាទិទេព សម្រាប់ការសម្ដែងរឿងមួយដែលមានឈ្មោះថា Sweat ដែលជាការសម្ដែងត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Tony Awards ផងដែរ។
«ខ្ញុំគិតថា អ្នកគ្រប់គ្រងការសម្ដែង គឺប្រៀបដូចជាប្រធានសហគ្រាសមួយដូច្នេះដែរ»។
ចំណែកឯអ្នកស្រី Karyn Meek វិញ គឺជាអ្នកគ្រប់គ្រងការសម្ដែងផលិតកម្មសម្រាប់ការថតតន្ត្រីសម្រាប់ការសម្ដែងរឿងដែលមានចំណងជើងថា Natasha, Pierre & The Great Comet of 1812 ដែលជាតន្ត្រីត្រូវបានជ្រើសរើសសម្រាប់ប្រកួតពានរង្វាន់ Tony Awards ផងដែរ។
«ខ្ញុំអាចហៅពួកយើងថាជាបណ្ដុំកង់រទេះ។ ពួកយើងជាអ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងគ្រប់ផ្នែកទាំងអស់ បូករួមទាំងការទាក់ទងជាមួយនឹងក្រុមការងារផងដែរ។ ពួកយើងក៏ទទួលបន្ទុកផ្នែកគ្រប់គ្រងផងដែរ។ ក្នុងពេលសម្ដែង ពួកយើងទទួលបន្ទុកខាងគ្រប់គ្រងពន្លឺភ្លើង ក្រុមសម្ដែង សំឡេង និងអ្វីៗផ្សេងទៀត ក៏ដូចជាគ្រប់គ្រងអ្នកដែលនៅពីក្រោយឆាកមើលការខុសត្រូវលើក្រុមការងារផងដែរ។ ដូច្នេះ នេះគឺជាការងារដែលប្រើប្រាស់គ្រប់ជំនាញទាំងអស់»។
ក្នុងរយៈពេលដ៏យូរមុននឹងការសម្ដែងចាប់ផ្ដើម អ្នកគ្រប់គ្រងការសម្ដែង គឺជាផ្នែកស្នូលនៃដំណើរការហាត់សម។ នេះបើតាមការបញ្ជាក់របស់លោក Fried ពាក់ព័ន្ធនឹងការសម្ដែងរឿង Sweat របស់អ្នកស្រី Lynn Nottage។
«អ្វីៗទាំងអស់ចាប់ផ្ដើម និងបញ្ចប់ជាមួយនឹងនាដកថា។ ខ្ញុំត្រូវតែអាននាដកថាជាច្រើនលើកច្រើនសារ។ សម្រាប់ពេលមួយ គឺយើងអានវាក្នុងនាមជាមនុស្សម្នាក់ គឺមិនមែនក្នុងនាមជាអ្នកគ្រប់គ្រងការសម្ដែង ជាអ្នកសិល្បៈ ឬជានរណាផ្សេងនោះទេ ដើម្បីឲ្យយើងមានចំណាប់អារម្មណ៍ដំបូងចំពោះការសម្ដែងនោះ។ បន្ទាប់មក ខ្ញុំត្រឡប់មកអាននាដកថានេះម្ដងទៀត ដោយអានការណែនាំសម្រាប់ការសម្ដែងរបស់អ្នកស្រី Lynn Nottage ដូច្នេះខ្ញុំអាចដឹងថាអ្វីនឹងកើតឡើង ដូចជាថាតើអ្នកស្រី Lynn Nottage ចង់បានអ្វីពីទស្សនិកជន ពីក្រុមសម្ដែង ពីអ្នកដែលចេញចូលឆាកសម្ដែង ដូចជាថាតើតួសម្ដែងមានប្ដូរសំលៀកបំពាក់សម្ដែង ឬក៏អត់ ជាដើម»។
នៅពេលដែលការសម្ដែងចាប់ផ្ដើមដំណើរការ អ្នកស្រី Karyn Meek បាននិយាយថា អ្នកគ្រប់គ្រងការសម្ដែង និងក្រុមរបស់ពួកគេបានចំណាយពេលជាច្រើនសម្រាប់ការសម្ដែងនេះ។
«ថ្ងៃនេះ ខ្ញុំចាប់ផ្ដើមធ្វើការនៅម៉ោង ៩ កន្លះព្រឹក ដោយក្រុមសម្ដែងចាប់ផ្ដើមប្រាប់ខ្ញុំថា ពួកគេនឹងចូលរួម ឬមិនចូលរួមនៅក្នុងការសម្ដែងនេះ ដោយសារតែពួកគេមានរបួស ឬក៏ជំងឺ ឬក៏អ្វីៗផ្សេងទៀតស្រដៀងហ្នឹងកើតឡើង។ … បន្ទាប់មក យើងធ្វើការហាត់សមដែលបញ្ចប់នៅម៉ោងប្រហែលជា ៥ ឬ ៥ កន្លះ ល្ងាច រួចហើយសម្រាកពិសារអាហារពេលល្ងាច និងត្រឡប់មកហាត់សមម្ដងទៀត»។
នៅក្នុងរយៈពេលកន្លះម៉ោងមុនការសម្ដែងនីមួយៗចាប់ផ្ដើម អ្នកគ្រប់គ្រងការសម្ដែងបានបង្ហាញនូវចំណុចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាថាអ្នកសម្ដែងគ្រប់គ្នាត្រៀមរួចរាល់សម្រាប់ការសម្ដែង។
អ្នកស្រី Karyn Meek ឡើងកាំជណ្ដើរទៅកាន់កន្លែងមួយខ្ពស់ជាងឆាកសម្ដែងសម្រាប់ការសម្ដែងរឿងNatasha, Pierre & The Great Comet of 1812។ តួសម្ដែងធ្វើការសម្ដែងនៅពាសពេញឆាក ហើយអ្នកស្រីអាចពិនិត្យមើលអ្នកទាំងនោះបាន។ នៅពេលដែលការសម្ដែងចាប់ផ្ដើម អ្នកស្រី Karyn Meek បានធ្វើតាមណោតភ្លេង ដោយមានក្រដាសកំណត់សម្គាល់បង្ហាញអំពីរបៀបបំភ្លឺភ្លើង និងរបៀបផ្ដល់សញ្ញាដល់ក្រុមការងារ។
តាមរយៈអេក្រង់វីដេអូមួយរបស់អ្នកស្រី អ្នកស្រីអាចឃើញលោក Josh Groban ដែលដើរតួជា Pierre ឈរនៅក្រោយឆាកសម្ដែងបាន។
ហើយនៅពេលដែលភ្លេងសម្ដែងបានចាប់ផ្ដើម អ្នកស្រីបានឲ្យសញ្ញាចុះឡើងទៅអ្នកបច្ចេកទេសខាងពន្លឺភ្លើង នៅរាល់ចង្វាក់ភ្លេងនីមួយៗ។
តាមពិត អ្នកស្រី Karyn Meek ធ្វើដៃឲ្យសញ្ញាខាងសំឡេងដល់អ្នកសម្ដែងនីមួយៗរាប់រយដងឯណោះ។
អ្នកគ្រប់គ្រងការសម្ដែងភាគច្រើនបានធ្វើការងារផ្សេង មុននឹងពួកគេចាប់អាជីពជាអ្នកគ្រប់គ្រងការសម្ដែងនេះ។ អ្នកស្រី Karyn Meek ពីមុនធ្វើជាអ្នករចនាសំលៀកបំពាក់បុរាណ។ លោក Donald Fried ពីមុនធ្វើជាអ្នករាំ។ ចំណែកឯលោក Ira Mont វិញ ពីមុនធ្វើជាតួសម្ដែង។ ដូច្នេះសម្រាប់លោក Mont លោកធ្លាប់ទទួលបានការទះដៃអបអរសាទររួចមកហើយ។ ទោះបីជាឥឡូវការងារជាអ្នកគ្រប់គ្រងការសម្ដែងនេះមិនមានទស្សនិកជនណាទះដៃអបអរសាទរក៏ដោយ ក៏លោក Mont មិនចង់ធ្វើកិច្ចការអ្វីផ្សេងពីនេះ នោះទេ។
លោក Ira Mont បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនរំពឹង ឬក៏ស្វែងរកការសរសើរ ឬការទទួលស្គាល់ណាមួយនោះទេ។ ខ្ញុំធ្វើការនេះគឺដើម្បីជួយដល់ការសម្ដែងដែលខ្ញុំកំពុងធ្វើ និងជួយដល់តួសម្ដែង ហើយទាំងនេះហើយជាអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ខ្ញុំមានសំណាងណាស់ ដែលមានអាជីព ៣០ ឆ្នាំ ជាអ្នកគ្រប់គ្រងការសម្ដែង ដែលជាមុខតំណែងមួយដែលពិបាកនឹងទទួលបាន និងពិបាកបំពេញឲ្យបានល្អ។ ខ្ញុំជាមនុស្សសំណាងម្នាក់»។
បណ្ដារោងល្ខោន Broadway មានសំណាងដែលមានអ្នកគ្រប់គ្រងឆាកសម្ដែងប្រឹងប្រែងធ្វើការ ទោះបីជាមាន ឬគ្មានពានរង្វាន់ Tony Award ក៏ដោយ៕
ប្រែសម្រួលដោយ ភី សុភាដា