កំណត់និពន្ធ៖ តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា ភាពយន្តហូលីវូដជាភាសាខ្មែរនេះ ជាអំណោយរបស់លោកស្រីចំពោះប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោក Maddox កូនចិញ្ចឹមរបស់លោកស្រី។ នៅចំពោះមុខវត្តមានពលរដ្ឋខ្មែរជាច្រើនដែលត្រូវបានគេអញ្ចើញឲ្យចូលរួមនៅក្នុងពិធីបញ្ចាំងភាពយន្តកណ្តាលវាលនៅព្រះលានជល់ដំរីក្នុងឧទ្យានអង្គរខេត្តសៀមរាប លោកស្រី Jolie មានប្រសាសន៍ដោយអួលដើមកថា បើគ្មានប្រទេសកម្ពុជានោះទេ «ខ្ញុំក៏ប្រហែលមិនបានក្លាយជាម្តាយមួយរូបដែរ»។ នៅប៉ុន្មានម៉ោងមុនការបញ្ចាំងភាពយន្តនេះនៅលើទឹកដីអង្គរ លោកស្រី Jolie និងលោកស្រី Loung Ung សកម្មជនសិទ្ធិមនុស្សជាតិអាមេរិកាំងដើមកំណើតខ្មែរ និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ដែលត្រូវក្រុមហ៊ុន Netflix យកទៅថតជាខ្សែភាពយន្តមួយនេះ បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីគម្រោងផ្សេងទៀតដែលមានបន្ទាប់ពីភាពយន្តនេះ។
VOA៖ លោកស្រីមានសញ្ជាតិកម្ពុជា ហើយពួកយើងបានទៅខេត្តបាត់ដំបង ហើយយើងបានឃើញមូលនិធិ Maddox។ ដូច្នេះវាមិនមែនជាការបំផ្លើសទេដែលថា លោកស្រីមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងប្រទេសកម្ពុជា។ ប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ទៀត ខ្ញុំចង់ដឹងថា តើអ្នកស្រីមានគម្រោងអ្វីផ្សេងទៀតទេតទៅមុខ នៅក្នុងប្រទេសកម្ពុជា ក្រៅពីការផលិតខ្សែភាពយន្តមួយនេះ?
លោកស្រី Angelina Jolie៖ ខ្ញុំនឹងបន្តការងារដែលខ្ញុំបានធ្វើអស់រយៈពេលជាង១២ឆ្នាំមកនេះ នៅតំបន់ស្រុកសំឡូត (ខេត្តបាត់ដំបង)។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាធនធានធម្មជាតិនិងការរុករករ៉ែខុសច្បាប់។ ទាំងនោះគឺជាអ្វីដែលខ្ញុំបាននិងកំពុងផ្តោតលើជាបន្ត។ ប្រាកដណាស់ការងារដែលខ្ញុំផ្តោតសំខាន់ទៅលើ គឺសាលារៀនសម្រាប់កុមារ និងសេវាសុខភាព។ ហើយពួកយើងបានមើលថែទាំប្រជាពលរដ្ឋរាប់ពាន់នាក់តាមរយៈសកម្មភាពក្នុងសហគមន៍របស់យើង។ ខ្ញុំគិតថា វាជារឿងសំខាន់ដែល នៅពេលអ្នកធ្វើការជាលក្ខណៈអន្តរជាតិ អ្នកត្រូវធ្វើការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អ្នកប្រគល់ការងារឲ្យអ្នកក្នុងស្រុកមើលការខុសត្រូវ។ បន្ទាប់មក វាក្លាយជាគម្រោងដែលគ្រប់គ្រងដោយពួកគេ នោះហើយជាអ្វីដែលយើងកំពុងតែធ្វើ។ ប្រធានក្រុមរបស់យើងគឺលោក មុន្នីច័ន្ទ។ គាត់ពិតជាអស្ចារ្យ ហើយក្រុមទាំងមូលពិតជាអស្ចារ្យណាស់។ ខ្ញុំនៅទីនោះមែន ប៉ុន្តែគឺដើម្បីពួកគេ។ ពួកគេអាចធ្វើបានដោយមិនចាំបាច់មានវត្តមានរបស់ខ្ញុំឡើយ។ នេះហើយជាអ្វីដែលសំខាន់។
VOA: មូលនិធិរបស់លោកស្រីគឺស្ថិតក្រោមឈ្មោះរបស់ Maddox ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ។ តើលោកស្រីមានផែនការជាក់លាក់ណាខ្លះសម្រាប់ Maddoxធ្វើកិច្ចការតទៅមុខទៀតនៅក្នុងប្រទេសកម្ពុជាឬទេ?
លោកស្រី Angelina Jolie: Maddox ដឹងច្បាស់ណាស់ថា គម្រោងនេះ មិនមែនគ្រាន់តែស្ថិតនៅក្រោមឈ្មោះរបស់គាត់នោះទេ ប៉ុន្តែវាគឺសម្រាប់គាត់គ្រប់គ្រងនៅពេលដែលគាត់គម្រប់អាយុ១៨ឆ្នាំ។ ដូច្នេះគាត់នឹងទទួលខុសត្រូវទៅលើគម្រោងនោះ ហើយការងារទាំងពាក់ព័ន្ធនឹងមូលនិធិនេះនៅពេលដែលគាត់អាយុ១៨ឆ្នាំ។ ខ្ញុំជឿទៅលើ ការមិនជំរុញកូនរបស់អ្នកឲ្យត្រូវស្រឡាញ់ប្រទេសណាមួយដោយសារគ្រាន់តែគេមានកំណើតពីប្រទេសនោះទេ ពីព្រោះថា ការជំរុញបែបនេះវានឹងមិនបានផលអ្វីនោះទេ។ អ្នកគ្រាន់តែត្រូវណែនាំគាត់ឲ្យស្គាល់អំពីប្រទេស(កម្ពុជា)នេះ ធ្វើឲ្យគាត់មានអារម្មណ៍ស្និទ្ធស្នាលនិងមានមិត្តភក្តិជាច្រើននៅក្នុងប្រទេសនោះ។ នោះគឺជាអ្វីដែលបានកើតឡើងដោយឯកឯង ដោយពុំចាំបាច់ជំរុញគាត់នោះទេ។ គាត់បានសុំខ្ញុំមកលេងកម្ពុជា។ គាត់បានសុំខ្ញុំមកចំណាយពេលនៅទីកន្លែងកំណើតរបស់គាត់។ គាត់ពិតជាចាប់ផ្តើមភ្ជាប់ទំនាក់ទំនងពិតប្រាកដ។ វាពិតជាល្អណាស់។ ដូច្នេះពិតណាស់ ខ្ញុំរំពឹងថា គាត់នឹងអាចធ្វើការងារទាំងនោះដោយផ្ទាល់បាននាពេលអនាគត។
VOA៖ ងាកមកលោកស្រី Loung Ung វិញ ក្នុងនាមជាអ្នកនិពន្ធខ្មែរអាមេរិកាំង វាមិនមែនជារឿងធម្មតាទេ ដែលអាចក្លាយជាអ្នកនិពន្ធសម្រាប់ភាពយន្តហូលីវូដនោះ ហើយក៏មិនមានមនុស្សច្រើនដែរ ដែលខ្សែភាពយន្តរបស់ពួកគេបានដាក់បញ្ចាំងនៅលើ Netflix។ តើលោកស្រីមានអារម្មណ៍យ៉ាងណា ហើយតើអ្នកស្រីអាចមានគម្រោងអ្វីបន្ទាប់ទៅទៀត?
លោកស្រី Loung Ung៖ ខ្ញុំកំពុងសរសេររឿងប្រលោមលោកមួយ ហើយវាកើតឡើងក្នុងស្រុកខ្មែរ។ ខ្ញុំបានមកស្រុកខ្មែរតាំងពីឆ្នាំ១៩៩៥ គឺប្រហែលជាង៣៥ដងហើយ។ ដូច្នេះបេះដូងរបស់ខ្ញុំគឺនៅស្រុកខ្មែរ។ វិញ្ញាណគឹនៅស្រុកខ្មែរ។ ដួងព្រលឹងរបស់ខ្ញុំគឺនៅស្រុកខ្មែរ។ វាជារឿងគួរឲ្យសោកស្តាយដែលខ្ញុំមិនអាចនិយាយភាសាខ្មែរបានពិរោះស្តាប់ដូចប្រជាជនខ្មែរឯទៀត ពីព្រោះខ្ញុំបានចាកចេញពីស្រុកខ្មែរតាំងពីខ្ញុំអាយុ១០ឆ្នាំ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលខ្ញុំនៅទីនេះ វាជារឿងរីករាយមួយដែលខ្ញុំបាននិយាយភាសាខ្មែរ បានបរិភោគម្ហូបខ្មែរ បានស្តាប់ចម្រៀងខ្មែរនិងបានឃើញទេសភាពស្រុកខ្មែរ។ ហើយសម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ស្កប់ស្កល់នៅពេលដែលខ្ញុំជាខ្មែរទាំងរូបកាយ ចិត្តនិងវិញ្ញាណ។ ដូច្នេះនៅពេលដែលខ្ញុំមើលទេសភាពស្រុកខ្មែរវាបានដក់ជាប់ក្នុងកែវភ្នែកខ្ញុំយ៉ាងច្បាស់ គ្មានបាត់បង់អ្វីឡើយ គ្រប់យ៉ាងគឺពេញលេញបរិបូណ៌។ ដូច្នេះហើយខ្ញុំពិតជាមានមោទនភាពណាស់នៅពេលដែលខ្សែភាពយន្តនេះ បានបង្ហាញអ្វីទាំងនោះ វាពិតជាស្អាតខ្លាំងណាស់។ លោកស្រី Jolie បានផ្តិតយកមិនត្រឹមតែសាច់រឿងនោះទេ ប៉ុន្តែរួមមានទាំងទំនាក់ទំនងក្រុមគ្រួសារ វប្បធម៌ និងទេសភាព ផ្កាឈូក សត្វកន្ទុំរុយ ស្រូវ និងវាលស្រែបៃតងផងដែរ។ នោះជារូបភាពដែលខ្ញុំគិតថា ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញឲ្យពិភពលោកបានឃើញពីស្រុកខ្មែរ ព្រោះរបបប្រល័យពូជសាសន៍ខ្មែរក្រហមមានរយៈពេលតែជិត៤ឆ្នាំប៉ុណ្ណោះ ក្នុងប្រវត្តិសាស្រ្ត២.០០០ឆ្នាំរបស់ខ្មែរ។ វាជាកិត្តិយសមួយនិងជាការត្រេកអរមួយដែលយើងបានត្រឡប់មកទីនេះ មកប្រាសាទអង្គរវត្តដើម្បីសម្ពោធការចាក់បញ្ចាំងភាពយន្តនេះជាលើកដំបូងនៅចំណុចស្នូលនៃអរិយធម៌ខ្មែររបស់យើង ទីដែលជាបេះដូង ជាដួងព្រលឹងនិងជាមោទនភាពរបស់ជាតិយើង ហើយខ្សែភាពយន្តនេះបានចាប់យករូបភាពទាំងនោះ គឺមិនត្រឹមតែសាច់រឿងធំៗប៉ុណ្ណោះទេ ប៉ុន្តែដូចដែលអ្នកបានដឹងហើយក្នុងនាមជាខ្មែរ វាក៏មានរឿងតូចៗជាច្រើនទៀតដូចជា ស្នាមញញឹមរបស់ខ្មែរ សម្រស់របស់ខ្មែរ ការសំពះជម្រាបសួររបស់ខ្មែរ ខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់។ អ្នកស្រី Angie ពិតជាជាមានភ្នែកមុតនិងលម្អិតណាស់ នៅពេលដែលយើងឃើញនៅក្នុងខ្សែភាពយន្ត ហើយយើងជម្រាបសួរ។ អ្នកស្រីធ្វើបានត្រឹមត្រូវ។ អ្នកស្រីដឹងថា យើងមិននិយាយហេឡូទេ ប៉ុន្តែជម្រាបសួរដោយមានសំពះទៀត។ វាបង្ហាញពីទិដ្ឋភាពពិតៗរបស់ខ្មែរ ហើយខ្ញុំមានមោទនភាពខ្លាំងណាស់នៅពេលដែលពិភពលោកបានឃើញទិដ្ឋភាពនេះរបស់ប្រទេសកម្ពុជា គឺប្រទេសកម្ពុជាទាំងមូល។ ពួកគេនឹងមិនមើលរំលងអ្វីនោះទេ។ នៅពេលដែលអ្នកបានទស្សនារឿងនេះ អ្នកនឹងទទួលបាននូវអារម្មណ៍ពេញលេញបរិបូណ៌៕