អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនអាចចាប់ផ្តើមឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ បើទោះបីជាអង្គការពិភពលោកនេះបានថ្កោលទោសការបាញ់ផ្លោងរបស់រុស្ស៊ីលើ Odesa ទីក្រុងកំពង់ផែសមុទ្រខ្មៅដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានម៉ោងនៃកិច្ចព្រមព្រៀងបន្តការដឹកជញ្ជូនស្បៀងអាហារឡើងវិញក៏ដោយ។
ការនាំចេញគ្រាប់ធញ្ញជាតិនឹងត្រូវធ្វើពីកំពង់ផែ Odesa និងកំពង់ផែនៅសមុទ្រខ្មៅពីរផ្សេងទៀតនៅ Chernomorsk និង Yuzhny។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា៖ «ហើយយើងចង់ធ្វើឱ្យប្រាកដថា លក្ខខណ្ឌទាំងអស់គឺត្រឹមត្រូវ ច្បាស់លាស់សម្រាប់ការធ្វើដំណើររបស់កប៉ាល់ដោយសុវត្ថិភាព»។
លោក Haq បាននិយាយថា៖ «អ្វីដែលមិនសមស្របនោះ គឺមិនមានប្រយោជន៍សម្រាប់ជោគជ័យនៃគំនិតផ្តួចផ្តើមនេះទេ»។ លោក Haq ថ្លែងដូច្នេះនៅពេលគាត់និយាយឡើងវិញនូវការថ្កោលទោសរបស់អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres ចំពោះប្រទេសរុស្ស៊ីដែលបានបាញ់កាំជ្រួចកាលពីថ្ងៃសៅរ៍លើទីក្រុង Odesa។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកែកថា «ការសន្យានាំចេញគ្រាប់ធញ្ញជាតិដែលរុស្ស៊ីបានចុះហត្ថលេខានៅទីក្រុង Istanbul (អ៊ីស្តង់ប៊ុល) នោះ មិនមានហាមឃាត់យើងមិនឱ្យបន្តប្រតិបត្តិការយោធាពិសេសរបស់យើងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា និងគោលដៅយោធាផ្សេងទៀតនោះទេ»។
រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារមីស៊ីលរបស់ខ្លួនលើការដំឡើងផ្នែកយោធានៅ Odesa មិនគួរប៉ះពាល់កិច្ចព្រមព្រៀងដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការវាយប្រហារនេះ«មិនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនោះទេ» ។
រុស្ស៊ីបានបដិសេធពីដំបូងថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ នោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃអាទិត្យថា កម្លាំងរបស់ខ្លួនជាអ្នកទទួលខុសត្រូវ។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីនាំចេញគ្រាប់ធញ្ញជាតិជាថ្មីម្តងទៀតបន្ទាប់ពីកិច្ចព្រមព្រៀងដែលអ៊ុយក្រែន និងរុស្ស៊ីបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បាននិយាយថា ការនាំចេញគ្រាប់ធញ្ញជាតិនឹងចាប់ផ្តើមនៅថ្ងៃពុធ។ នេះបើយោងតាមកាសែត Kyiv Independent។
អង្គការសហប្រជាជាតិ និងប្រទេសតួកគីបានជួយសម្របសម្រួលកិច្ចព្រមព្រៀងនេះ ដែលអំពាវនាវឱ្យកងនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅអនុញ្ញាតការឆ្លងកាត់ដោយសុវត្ថិភាពក្នុងតំបន់ដែលរុស្ស៊ីបានរារាំងចាប់តាំងពីចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា តួកគីរំពឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters