ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និយាយ​ថា ​ទីក្រុង​ម៉ូស្គូ​ចង់​បាន​ទឹកដី​បន្ថែម​ទៀត​


នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ទាហាន​រុស្ស៊ី​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​​ចេញ​ពី​ទីតាំង​មិន​បញ្ជាក់​មួយ​កន្លែង​​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។
នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ទាហាន​រុស្ស៊ី​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​​ចេញ​ពី​ទីតាំង​មិន​បញ្ជាក់​មួយ​កន្លែង​​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ​លោក​ Sergey Lavrov ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ទីក្រុង​មូស្គូ​ចង់​ដណ្តើម​យក​ទឹកដី​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន​ហួស​ពី​តំបន់​ Donbas ​ភាគ​ខាងកើត​ ខណៈ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​បាន​ប្តេជ្ញា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។​ រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​វាយ​លុក​រយៈ​ពេល​ប្រាំខែ​របស់​ខ្លួន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​ឬ​មិន​អាច​ដណ្តើម​យក​រដ្ឋធានី​កៀវ​នៅ​ ភាគខាង​ជើង​អ៊ុយក្រែន។ ​បច្ចុប្បន្ន​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយក្រែន​ដើម្បី​កាន់កាប់​តំបន់ ​Donbas។​

ប៉ុន្តែ​លោក ​Lavrov​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​ រុស្ស៊ី​មិន​មាន​អារម្មណ៍​កំហិត​ការ​ប្រយុទ្ធ​កាន់​កាប់​ត្រឹម​តែ​ Donbas​ នោះទេ។​ Donbas​ ជា​កន្លែង​ដែល​ពួក​បំបែក​ខ្លួន​រុស្ស៊ី​បាន​ប្រយុទ្ធ​ជា​មួយ​កង​កម្លាំង​ក្រុង​កៀវ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ នៅ​ពេល​រុស្ស៊ី​បាន​ដណ្តើម​យក​ឧបទ្វីប​ Crimean ​របស់​អ៊ុយក្រែន។​

លោក​ Lavrov​ បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ RT​ និង​ទីភ្នាក់ងារ​ព័ត៌មាន​ RIA Novosti ​ថា៖ ​«ឥឡូវ​នេះ​ភូមិសាស្ត្រ​បាន​ផ្លាស់ប្តូរ។ ​យើង​មិន​យក​ត្រឹមតែ ​Donetsk ​និង​ Luhansk ​ប៉ុណ្ណោះ​ទេ។​ យើង​យក ​Kherson, Zaporizhia ​និង​ទឹកដី​ជា​ច្រើន​ទៀត។​ ដំណើរការ​នេះ​កំពុង​បន្ត​ជាប់​ជានិច្ច»។​

លោក​ Lavrov ​អ្នក​ការទូត​កំពូល​របស់​រុស្ស៊ី ​បាន​និយាយ​ថា ​គោល​បំណង​កាន់កាប់​ទឹកដី​របស់​ទីក្រុង​មូស្គូ​ នឹង​ពង្រីក​បន្ថែម​ទៀត ​ប្រសិន​បើ​បណ្តា​ប្រទេស​លោក​ខាងលិច​ផ្តល់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​ទៀត​ទៅ​ឱ្យ​ទីក្រុង​ កៀវ។​ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ នឹង​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​បែប​នេះ​ចំនួន​បួន​ទៀត​ទៅ​ប្រទេស​អ៊ុយក្រែន​រួម​ជាមួយ​គ្រាប់​កាំភ្លើង​ធំ​បន្ថែម​ទៀត។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក ​Lloyd Austin​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រសួង​ការពារជាតិ​ថា ​«កង​កម្លាំង​អ៊ុយក្រែន​ឥឡូវ​នេះ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​ប្រសិទ្ធ​ភាព​ដ៏​អស្ចារ្យ ​រួមទាំង​ប្រព័ន្ធ​អាវុធ ​HIMARS ​ផ្តល់​ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ប្រព័ន្ធ​ផ្សេង​ទៀត​ពី​សម្ព័ន្ធ​មិត្ត ​និង​ដៃគូ​របស់​យើង​ផង​ដែរ។ ​ខ្សែ​ការពារ​របស់​អ៊ុយក្រែន​កំពុង​ជំរុញ​យ៉ាងខ្លាំង​ដើម្បី​ទប់​ការរុល​ចូល​របស់​រុស្ស៊ី​នៅ ​Donbas»។​

ឧត្តម​សេនីយ៍ ​Mark Milley​ ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​បាន​និយាយ​ថា​ ប្រជាជន​អ៊ុយក្រែន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ពហុ​រ៉ុក្កែត​ផ្តល់​ដោយ​សហ​រដ្ឋ​អាមេរិក​ដើម្បី​វាយ​ប្រហារ​បញ្ជាការដ្ឋាន​ និង​បណ្តាញ​ផ្គត់ផ្គង់​របស់​រុស្ស៊ី​ រួមទាំង​ស្ពាន​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ឆ្លង​កាត់​ទន្លេ ​Dnieper ​ក្នុង​តំបន់​ Kherson។ មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា​ ស្ពាន​នេះ​បាន​រង​ការ​ខូច​ខាត​ ប៉ុន្តែ​នៅ​តែ​បើក​ឲ្យ​ធ្វើ​ចរាចរ។ ​យោធា​រុស្ស៊ី​នឹង​ពិបាក​បន្ត​ផ្គត់ផ្គង់​កង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ ប្រសិន​បើ​ស្ពាន​នេះ​ត្រូវ​បាន​បំផ្លាញ។​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Press, Agence France-Presse, RFE/RL និង​ Reuters

XS
SM
MD
LG