ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ពូទីន ​បើក​ផ្លូវ​សម្រាប់​កិច្ច​ព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​តែ​ចង់​ឲ្យ​ដក​ទណ្ឌកម្ម​លើ​រុស្ស៊ី


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi (កណ្ដាល) និង​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ឈរ​ថតរូប​ជុំគ្នា​មុន​ជំនួប​ពិភាក្សា​របស់​ពួកគេ​នៅ​វិមាន​ Saadabad ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi (កណ្ដាល) និង​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ឈរ​ថតរូប​ជុំគ្នា​មុន​ជំនួប​ពិភាក្សា​របស់​ពួកគេ​នៅ​វិមាន​ Saadabad ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្ល៉ាឌីមៀ ពូទីន ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​សម្រួល​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ពី​កំពង់ផែ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ខ្មៅ ​ប៉ុន្តែ​លោក​ចង់​ឱ្យ​ប្រទេស​លោក​ខាងលិច​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី។ ​

លោក​ពូទីន​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​បាន​និយាយ​ជា​មួយ​ប្រធានាធិបតី​តួកគី​ លោក​ Recep Tayyip Erdogan​ អំពី​ផែនការ​ដែល​បាន​ស្នើ​ឡើង​ដើម្បី​បន្ត​ការ​នាំ​ចេញ​របស់​អ៊ុយក្រែន​ឡើង​វិញ។​

ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​រំខាន​ដល់​ពាណិជ្ជ​កម្ម​អ៊ុយក្រែន​ដែល​នាំ​ឱ្យ​មាន​សម្ពាធ​លើ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពិភពលោក។​ អង្គការ​សហ​ប្រជាជាតិ​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​បើក​ការ​នាំ​ចេញ។ ​លោក ​Farhan Haq ​អ្នក​នាំពាក្យ​រង​របស់​លោក​ Antonio Guterres ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​លោក ​Guterres​ នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​ អាច​នឹង​មាន​កិច្ច​ព្រមព្រៀង។ ​លោក​បាន​បន្ថែម​ថា​ លោក​ Guterres ​បាន​ពិភាក្សា​អំពី​ការ​ចរចា​ដែល​កំពុង​បន្ត​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy។​

លោក​ពូទីន​កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​ជួបជា​មួយ​មេ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​គឺ​លោក​ Ayatollah Ali Khamenei ​នៅ​ទីក្រុង​តេហេរ៉ង់​ ដែល​បង្ហាញ​សញ្ញា​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។​ លោក ​Yuri Ushakov​ ទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ពូទីន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​មូស្គូ​ថា ​«ទំនាក់​ទំនង​ជាមួយ​លោក​ Khamenei ​សំខាន់​ខ្លាំង​ណាស់។ ​កិច្ច​សន្ទនា​ស្មោះស​បាន​ធ្វើ​ឡើង​លើ​បញ្ហា​សំខាន់​បំផុត​ក្នុង​របៀប​វារៈ​ទ្វេភាគី ​និង​អន្តរជាតិ»។ ​លោក​Ushakov ​បាន​និយាយ​ថា​ «សម្រាប់​បញ្ហា​ភាគ​ច្រើន ​ ជំហរ​របស់​យើង​គឺ​សឹង​តែ​ដូច​គ្នា»។​

ខណៈ​ដែល​ក្រុង​ម៉ូស្គូ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​លោក​ខាងលិច​ដែល​កំពុង​បន្ត​ប្រឆាំង​ការ​ឈ្លានពាន​អ៊ុយក្រែន​នោះ​ រុស្ស៊ី​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​ជាមួយ​អ៊ីរ៉ង់​ ចិន​ និង​ឥណ្ឌា។ ​អ៊ីរ៉ង់​ ដែល​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោក​ខាងលិច​ និង​មាន​ជម្លោះ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ទាក់​ទង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេអេរ៉ង់​នោះ​ បាន​បង្ហាញ​ក្តី​សង្ឃឹម​អំពី​ទំនាក់​ទំនង​កាន់​តែជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី។

សមាជិក​សភា​អាមេរិក​នៅ​ថ្ងៃពុធ​នេះ​គ្រោង​នឹង​ស្តាប់​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន​អ្នកស្រី​ Olena Zelenska​ នៅ​ពេល​អ្នកស្រី​ថ្លែង​សុន្ទរកថា​នៅ​វិមាន​សភា​ Capitol។​

ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោកស្រី ​Nancy Pelosi ​បាន​លើក​ទឹកចិត្ត​សមាជិក​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ទាំងអស់​ឱ្យ​ចូល​រួម​ ដោយ​និយាយ​ថា​ វា​នឹង​ជា​«ឱកាស​ដ៏​សំខាន់​ និង​ទាន់​ពេល​វេលា​ក្នុង​ការ​ស្តាប់​ដោយផ្ទាល់​ពី​ជំទាវ ​Zelenska​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ចំនួន​មនុស្ស​ស្លាប់​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ ដោយសារ​ការ​លុកលុយ​របស់​រុស្ស៊ី ​និង​ដើម្បី​បង្ហាញ​ពីការ​ដឹង​គុណ​របស់​យើង​ចំពោះ​ប្រជាជន​អ៊ុយក្រែន ​ដែល​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

អ្នកស្រី Zelenska ​បាន​ជួប​ជាមួយ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោកស្រី​ Jill Biden ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Press, Agence France-Presse និង Reuters)

XS
SM
MD
LG