ដំណើរទស្សនកិច្ចរបស់លោកស្រី Olena Zelenskyy ភរិយាប្រធានាធិបតីអ៊ុយក្រែនមករដ្ឋធានីវ៉ាស៊ីនតោនកំពុងចាប់ផ្តើមចេញលទ្ធផលជាក់ស្តែងហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Zelenskyy បាននិយាយថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក James Risch លោក Benjamin Cardin លោក Roger Wicker លោក Richard Blumenthal លោក Rob Portman អ្នកស្រី Jeanne Shaheen និង លោក Lindsey Graham បានដាក់ស្នើពង្រាងសេចក្តីសម្រេចទទួលស្គាល់ថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនជាអំពើប្រល័យពូជសាសន៍។
លោក Zelenskyy បាននិយាយថា៖ «តាមឯកសារដែលព្រាងនោះ ព្រឹទ្ធសភាសហរដ្ឋអាមេរិកថ្កោលទោសរុស្ស៊ីចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាពលរដ្ឋអ៊ុយក្រែន។ សេចក្តីសម្រេចព្រាងនោះអំពាវនាវឱ្យសហរដ្ឋអាមេរិក រួមជាមួយអង្គការអូតង់ និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបគាំទ្ររដ្ឋាភិបាលអ៊ុយក្រែនដើម្បីរារាំងអំពើប្រល័យពូជសាសន៍បន្ថែមទៀតរបស់រុស្ស៊ីប្រឆាំងនឹងប្រជាពលរដ្ឋអ៊ុយក្រែន គាំទ្រតុលាការ និងការស៊ើបអង្កេតបទព្រហ្មទណ្ឌអន្តរជាតិដើម្បីឱ្យមេដឹកនាំនយោបាយនិងយោធារបស់រុស្ស៊ីទទួលខុសត្រូវចំពោះសង្គ្រាមឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍។
លោក Zelenskyy បានមានប្រសាសន៍ថា ការវាយប្រហារទាំងអស់ប្រឆាំងនឹងអ៊ុយក្រែននិងប្រទេសរបស់យើង រុស្ស៊ីកំពុងជីកកប់ខ្លួនឯង។
ខណៈនោះដែរ លោក Zelenskyy បាននិយាយថា បន្ទាប់ពីជំនួបជាមួយពួកមេដឹកនាំយោធានិងបុគ្គលិករបស់លោកកាលពីពេលព្រឹកនោះ ពួកគេបានសន្និដ្ឋានថា៖ «យើងមានសក្តានុពលយ៉ាងខ្លាំងធ្វើឱ្យកងទ័ពរបស់យើងរុលទៅមុខលើសមរភូមិនិងធ្វើឱ្យពួកឈ្លានពានមានការខាតបង់ជាថ្មី។
ទោះជាយ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ីជាថ្មីម្តងទៀតបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែនដោយប្រើកាំភ្លើងវង់ប្រតិបត្តិការឆ្ងាយ គឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានថា រដ្ឋាភិបាលក្រុងមូស្គូកំពុងប្រុងប្រៀបពង្រីកសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនហួសពីតំបន់ Donbas៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters