ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ទាមទារ​ឱ្យ​មាន​ការ​ដាក់​ទោស​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​​​វីដេអូ​​ទៅ​កាន់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​​​វីដេអូ​​ទៅ​កាន់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ទាមទារ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​មាន​ការ​ដាក់​ទោស​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​ធ្វើ​សង្គ្រាម​ខុស​ច្បាប់​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​បណ្ដា​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​ត្រូវ​បង្ខំ​ឱ្យ​បញ្ចប់​សង្គ្រាម​ដែល​ខ្លួន​បាន​ចាប់ផ្ដើម​នេះ។

លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ថត​ទុក​ជា​វីដេអូ​មួយ​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា៖ «ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន ហើយ​យើង​ទាមទារ​ឱ្យ​មាន​ការ​ដាក់​ទោស​ឱ្យ​បាន​យុត្តិធម៌»។

សមាជិក​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​អនុញ្ញាត​ឱ្យ​លោក Zelenskyy បញ្ជូន​សុន្ទរកថា​របស់​លោក​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដោយសារតែ​លោក​មិន​អាច​ធ្វើ​ដំណើរ​មក​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​នេះ​ដោយ​ផ្ទាល់​បាន។

លោក Zelenskyy បាន​បញ្ជាក់​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​សង​លើ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយសារ​ការ​ឈ្លានពាន​របស់​ខ្លួន​តាំងពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក និង​លើ​ការ​ទម្លាក់​គ្រាប់​បែក​ជា​បន្តបន្ទាប់​និង​អំពើ​ឃោរឃៅ​នានា​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​ចំពោះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដោយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស​រាប់​លាន​នាក់​បាន​រត់​ភៀស​ខ្លួន។

លោក​បាន​និយាយ​ថា៖ «តុលាការ​ពិសេស​មួយ​គួរតែ​បង្កើត​ឡើង​ដើម្បី​ដាក់​ទោស​ប្រទេស​រុស្ស៊ី​សម្រាប់​ឧក្រិដ្ឋកម្ម​នៃ​ភាព​គឃ្លើន [ដែល​រុស្ស៊ី​បាន​ធ្វើ] លើ​ប្រទេស​អ៊ុយក្រែន»។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នោះ​ផង​ដែរ លោក Zelenskyy បាន​បង្ហាញ​អំពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​លក្ខខណ្ឌ​ទុក​ជា​មុន​ចំនួន ៥ សម្រាប់​សន្តិភាព ដែល​នោះ​គឺ «ការ​ដាក់​ទោស​សម្រាប់​ភាព​គឃ្លើន ការ​ការពារ​អាយុ​ជីវិត ការ​ស្ដារ​សន្តិសុខ​និង​បូរណភាព​ទឹកដី ការ​ធានា​សន្តិសុខ និង​ការ​តាំងចិត្ត​ការពារ​ខ្លួន»។ លោក​ថា៖ «នេះ​គឺ​ជា​រូបមន្ត​នៃ​ឧក្រិដ្ឋកម្ម​និង​ការ​ដាក់​ទោស»។

លោក​បាន​បន្ថែម​ថា លក្ខខណ្ឌ​ទុក​ជា​មុន​នោះ​ក៏​រួម​មាន​ផង​ដែរ​នូវ​សំណង​ជា​ហិរញ្ញវត្ថុ​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​សង​អ៊ុយក្រែន ដែល​នេះ​គឺជា «ការ​ដាក់​ទោស​ដ៏​ខ្លាំងក្លា​បំផុត​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ផ្ដល់​តម្លៃ​លើ​ប្រាក់​ជាង​អ្វីៗ​ទាំងអស់»។

លោក Zelenskyy បាន​បញ្ជាក់​ថា ប្រទេស​អ៊ុយក្រែន​ចង់​បាន​សន្តិភាព ហើយ​មាន​ប្រទេស​តែ​មួយ​គត់​ដែល​មិន​ចង់​បាន​សន្តិភាព ដែល​នោះ​គឺ​ប្រទេស​រុស្ស៊ី។ លោក​លើកឡើង​ដូច្នេះ​ថា៖ «យើង​ត្រៀម​រួចរាល់​ហើយ​ដើម្បី​សន្តិភាព ប៉ុន្តែ​សន្តិភាព​នោះ​គឺ​ចាំបាច់​ត្រូវតែ​ជា​សន្តិភាព​ដែល​ពិត​ប្រាកដ ដោយ​ស្មោះត្រង់ និង​មាន​យុត្តិធម៌»៕

XS
SM
MD
LG