ផលវិបាកនៅលើសាកលលោកនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនគឺជាបញ្ហាដែលមានការផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងកាលពីថ្ងៃអង្គារនៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
បណ្ដាមេដឹកនាំដែលបានចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះបានលើកឡើងអំពីភាពបន្ទាន់នៃការនាំចេញជីទៅកាន់កសិករនានានៅលើពិភពលោកក្នុងតម្លៃមួយសមរម្យនិងឱ្យបានទាន់រដូវដាំដុះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានអំពីអ្វីដែលអាចនឹងកើតឡើងនៅឆ្នាំក្រោយថា៖ «ប្រសិនបើគ្មានវិធានការណាមួយទេនៅពេលឥឡូវនេះ កង្វះជីនៅលើពិភពលោកនឹងក្លាយយ៉ាងឆាប់រហ័សទៅជាបញ្ហាកង្វះស្បៀងអាហារនៅលើសាកលលោក»។
លោកបានមានប្រសាសន៍ថា មានសេចក្ដីរាយការណ៍ថា កសិករនៅតំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រិកនិងនៅតំបន់ផ្សេងៗទៀតអាចដាំដំណាំបានតិចជាងមុនដោយសារតែជីមានតម្លៃថ្លៃជាងមុនឬក៏ដោយសារមានការខ្វះខាតជី។
ប្រធានាធិបតីប្រទេសសេណេហ្គាល់លោក Macky Sall ដែលជាប្រធានសហភាពអាហ្វ្រិក បានបញ្ជាក់នៅក្នុងការប្រជុំកម្រិតរដ្ឋមន្ត្រីអំពីបញ្ហាសន្តិសុខស្បៀងអាហារនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា៖ «ជីមានតម្លៃថ្លៃជាងតម្លៃកាលពីឆ្នាំ ២០២១ ចំនួន ៣ ដង»។
ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ប្រទេសនេះបានដាក់កំហិតកូតាលើការនាំចេញជីទៅក្រៅប្រទេស ដោយបានបញ្ជាក់ថា ខ្លួនចង់ឱ្យមានជីគ្រប់គ្រាន់សម្រាប់កសិកររបស់ខ្លួន។
រដ្ឋាភិបាលរុស្ស៊ីគឺជាអ្នកនាំចេញជីច្រើនជាងគេបំផុតទៅបរទេស ហើយការបង្អាក់និងបញ្ហាកង្វះជីដែលរុស្ស៊ីបានបង្កើតឡើងនេះបានបណ្តាលឱ្យជីឡើងថ្លៃយ៉ាងខ្លាំងនៅតាមទីផ្សារនានានៅលើពិភពលោក។ ករណីនេះបានធ្វើឱ្យក្រុមកសិករតូចតាចមួយចំនួនមិនអាចទិញជីបាន ដែលអាចនាំឱ្យមានការធ្លាក់ចុះនូវទិន្នផលដំណាំរបស់ពួកគេ។
ស្ថានការណ៍នេះបានគំរាមប៉ះពាល់ដល់សន្តិសុខស្បៀងអាហារនៅលើពិភពលោក ដែលកំពុងតែមានស្ថានភាពអាក្រក់ស្រាប់រួចទៅហើយ។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សជាង ៨០០ លាននាក់នៅទូទាំងពិភពលោកកំពុងរងគ្រោះដោយសារភាពអត់ឃ្លាន៕