ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ការ​ប្រកាស​របស់​រុស្ស៊ី​រឿង​កេណ្ឌ​ទ័ព​និង​ផែនការ​ភ្ជាប់​ដែនដី​អ៊ុយក្រែន​គឺ​ជា​សញ្ញា​នៃ «ភាព​ទន់ខ្សោយ»


រូប​ឯកសារ៖ ទាហាន​រុស្ស៊ី​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​ Vostok ឆ្នាំ២០២២ នៅ​តំបន់ Primorsky ​ឯ​នាយ​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២២។ (រូប​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី)
រូប​ឯកសារ៖ ទាហាន​រុស្ស៊ី​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​ Vostok ឆ្នាំ២០២២ នៅ​តំបន់ Primorsky ​ឯ​នាយ​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២២។ (រូប​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​អ្នកស្រី Bridget Brink បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ប្រកាស​របស់​ក្រុម​ផ្ដាច់​ខ្លួន​នៃ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ភ្ជាប់​តំបន់​ទាំង​នេះ​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី និង​ការ​បញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ការ​កេណ្ឌ​ទ័ព​មួយ​ផ្នែក​បន្ថែម​ទៀត គឺ​ជា​សញ្ញា​នៃ «ភាព​ទន់ខ្សោយ»។

អ្នកស្រី Brink បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​និង​ការ​កេណ្ឌ​ទ័ព​ទាំង​នេះ​គឺ​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​និង​ជា​សញ្ញា​នៃ​ការ​បរាជ័យ​របស់​រុស្ស៊ី»។


អ្នកស្រី​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​មិន​ទទួល​ស្គាល់​ជា​ដាច់ខាត​នូវ​ការ​ទាមទារ​អះអាង​របស់​ប្រទេស​រុស្ស៊ី​ដើម្បី​ភ្ជាប់​យក​ដោយ​ចេតនា​នូវ​ដែនដី​របស់​អ៊ុយក្រែន ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ប្រទេស​អ៊ុយក្រែន​រហូត​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ»។

កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក Putin បាន​បញ្ជា​ឱ្យ​មាន​ការ​កេណ្ឌ​ទ័ព​មួយ​ផ្នែក​បន្ថែម​ទៀត និង​បាន​សច្ចា​ថា​នឹង​ប្រើប្រាស់ «គ្រប់​មធ្យោបាយ​ដែល​មាន​ទាំង​អស់» ដើម្បី​ការពារ​ទឹកដី​របស់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​អាជ្ញាធរ​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donetsk និង​តំបន់ Luhansk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​នៅ​ក្នុង​តំបន់ Kherson និង​តំបន់ Zaporizhzhia នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​ធ្វើ​ប្រជាមតិ​ភ្ជាប់​ខ្លួន​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី​ដែល​នឹង​ធ្វើ​ឡើង​រយៈពេល ៥ ថ្ងៃ​ចាប់ពី​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​តទៅ។

ការ​ប្រកាស​ធ្វើ​ប្រជាមតិ​របស់​តំបន់​ទាំង​នោះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​និយាយ​ថា ការ​ភ្ជាប់​តំបន់ Luhansk និង​តំបន់ Donetsk របស់​អ៊ុយក្រែន​ចូល​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​នឹង​ធ្វើ​ឱ្យ​ព្រំដែន​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ដែល​បាន​គូស​ឡើង​វិញ «មិន​អាច​កែប្រែ​បាន» ហើយ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​មាន​អំណាច​នៅ​ក្នុង​ការ​ប្រើ «គ្រប់​មធ្យោបាយ​ទាំង​អស់» ដើម្បី​ការពារ​ព្រំដែន​នេះ៕

XS
SM
MD
LG