នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ខ្លាំងៗលើការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្កើនកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែនមក។
លោក Biden បានថ្លែងដូច្នេះថា៖ «យើងសូមនិយាយឱ្យបានច្បាស់។ សមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ដោយបានប៉ុនប៉ងលុបបំបាត់ប្រទេសអធិបតេយ្យមួយចេញពីផែនទី [ពិភពលោក]។»។
លោកបានបន្ថែមថា៖ «ប្រទេសរុស្ស៊ីបានរំលោភដោយគ្មានអៀនខ្មាសលើគោលការណ៍ស្នូលរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលនោះគឺគ្មានអ្វីសំខាន់ជាងការហាមឃាត់យ៉ាងច្បាស់មិនឱ្យប្រទេសណាមួយដណ្ដើមយកទឹកដីរបស់ប្រទេសជិតខាងរបស់ខ្លួន»។
កាលពីថ្ងៃពុធ នៅក្នុងពេលជាច្រើនម៉ោងមុនពេលមេដឹកនាំនានានៅលើពិភពលោកជួបប្រជុំគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក លោក Putin បានប្រកាសនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី អំពីការកេណ្ឌទ័ពចំនួន ៣០០.០០០ នាក់បន្ថែមទៀត និងបានសច្ចាថានឹងប្រើ «គ្រប់មធ្យោបាយដែលមានទាំងអស់» ដើម្បីការពារទឹកដីរបស់ប្រទេសរុស្ស៊ីនៅក្រោយការប្រកាសរបស់តំបន់ផ្ដាច់ខ្លួនមួយចំនួននៅអ៊ុយក្រែនដែលចង់ចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
លោក Putin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ប្រសិនបើបូរណភាពទឹកដីរបស់ប្រទេសរបស់យើងរងការគំរាមកំហែង យើងនឹងប្រាកដជាប្រើគ្រប់មធ្យោបាយដែលមានទាំងអស់ដើម្បីការពារប្រទេសនិងប្រជាពលរដ្ឋរុស្ស៊ី។ នេះមិនមែនជាការនិយាយកម្លាលេងនោះទេ»។
ការប្រកាសនេះបានបង្កឱ្យមានក្ដីបារម្ភថារុស្ស៊ីអាចធ្វើការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ។
លោក Biden បានថ្កោលទោសលើ «ការគំរាមកំហែងដោយបើកចំហ» របស់លោក Putin «នៅក្នុងការប្រើអាវុធនុយក្លេអ៊ែប្រឆាំងនឹងទ្វីបអឺរ៉ុប» ថាជា «ការមិនខ្វាយខ្វល់ចំពោះការទទួលខុសត្រូវ» ដែលចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិផ្សេងៗដែលហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Biden បានបន្ថែមថា៖ «ជាងនេះទៀត រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំការធ្វើប្រជាមតិក្លែងក្លាយដើម្បីព្យាយាមភ្ជាប់យកផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន ដែលនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
លោក Biden បន្ថែមដូច្នេះចង់សំដៅលើវិធានការរបស់រដ្ឋាភិបាលរុស្ស៊ីដែលចង់ធ្វើប្រជាមតិលើតំបន់ចំនួន ៤ ដែលរុស្ស៊ីកំពុងត្រួតត្រានៅក្នុងប្រទេសអ៊ុយក្រែនអំពីការចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី ដែលនេះត្រូវបានគេមើលឃើញជាទូទៅថាជាជំហានដំបូងនៃការភ្ជាប់យកតំបន់ទាំងនោះ៕
លោក Michael Pipin នៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
លោក Biden ថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបង្កើនការគំរាម
ទីក្រុង New York សហរដ្ឋអាមេរិក —