ក្រុមមន្ត្រីអ៊ុយក្រែននិងតួកគីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនកាត់តាមសមុទ្រខ្មៅនឹងបន្ត៤ខែទៀតនៅក្រោមលក្ខខណ្ឌរបស់ខ្លួននៅពេលបច្ចុប្បន្ននេះ។
ការបន្តកិច្ចព្រមព្រៀងនេះបានកើតមានឡើងមុនការផុតកំណត់នៃកិច្ចព្រមព្រៀងដើមដែលត្រូវបានសម្របសម្រួលដោយតួកគីនិងអង្គការសហប្រជាជាតិកាលពីខែកក្កដាដើម្បីអនុញ្ញាតឱ្យបន្តការដឹកគ្រាប់ធញ្ញជាតិដែលត្រូវបានបង្អាក់ដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ការបន្តកិច្ចព្រមព្រៀងនេះ ដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការសហប្រជាជាតិប្តេជ្ញាចិត្តធ្វើឱ្យប្រាកដថា«ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នេះនឹងបន្តដំណើរការដោយរលូន»។
លោកបានបន្ថែមទៀតថា អង្គការសហប្រជាជាតិក៏ត្រូវតាំងចិត្តដកចេញនូវឧបសគ្គនានាដែលទាក់ទិននឹងកិច្ចព្រមព្រៀងសម្រាប់ការនាំចេញម្ហូបអាហារនិងជីមកពីប្រទេសរុស្ស៊ីដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងការប្រកាសតាម Twitter អំពីការបន្តកិច្ចព្រមព្រៀងនេះថា អ៊ុយក្រែន លោក Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាន«ធ្វើការសម្រេចដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងវិបត្តិម្ហូបអាហារលើកសាកលលោក»។
កិច្ចផ្តួចផ្តើមគ្រាប់ធញ្ញជាតិកាត់តាមសមុទ្រខ្មៅបានសម្របសម្រួលឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន១១លានតោន ដែលចំនួន២ភាគ៣នៃគ្រាប់ធញ្ញជាតិទាំងនោះ ត្រូវបានដឹកទៅកាន់ប្រទេសកំពុងអភិវឌ្ឍ៕