ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G-20 ចាប់ផ្ដើម​កិច្ចប្រជុំ ស្របពេល​មាន​ការខ្វែង​គំនិតគ្នា​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ចូលរួម​កិច្ចប្រជុំ​ស្តីពី​ថាមពល និង​សន្តិសុខ​ស្បៀង ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង Nusa Dua កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ចូលរួម​កិច្ចប្រជុំ​ស្តីពី​ថាមពល និង​សន្តិសុខ​ស្បៀង ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង Nusa Dua កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-20 បាន​ចាប់ផ្ដើម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ស្រប​ពេល​ដែល​មាន​ការ​រំខាន​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ដែល​បណ្ដាល​មកពី​សង្គ្រាម​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

បណ្ដា​មេដឹកនាំ​ទាំង​នេះ​គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​នៅ​ក្នុង​នោះ សមាជិក «ភាគ​ច្រើន​បំផុត» នៃ​ក្រុម​ប្រទេស G-20 នេះ​នឹង​ថ្កោលទោស​ខ្លាំងក្លា​លើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​នឹង​ឃើញ​សមាជិក​ភាគ​ច្រើន​បំផុត​នៃ​ក្រុម​ប្រទេស G-20 បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ថា ពួកគេ​យល់​ឃើញ​ថា​ សង្គ្រាម​នេះ​គឺ​ជា​ប្រភព​ស្នូល​នៃ​បញ្ហា​ឈឺចាប់​ដ៏​ធំ​មហិមា​ផ្នែក​សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​លើ​ពិភពលោក»។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G-20 ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នេះ​នៅ​ពេល​ក្រោយ​នៃ​សប្ដាហ៍​នេះ គឺ​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ថា ក្រុម​ប្រទេស G-20 កំពុង​ធ្វើ​ឱ្យ​ប្រទេស​រុស្ស៊ី ដែល​ជា​សមាជិក​មួយ​ផង​ដែរ​នៃ​ក្រុម​នេះ នៅ​ឯកោ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​ខាង​លើ។ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ប្រទេស​ប៉ុន្មាន​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​នេះ។

បើ​ទោះបីជា​បណ្ដា​មេដឹកនាំ​ទាំង​នេះ​យល់ស្រប​ជា​ចម្បង​លើ​សសរ​ស្ដម្ភ៣ដែល​នោះ​គឺ​ស្ថាបត្យកម្ម​ឌីជីថល ការផ្លាស់ប្ដូរ​ថាមពល និង​ការ​ផ្លាស់ប្ដូរ​បែប​ឌីជីថល​នៃ​អាទិភាព​របស់​ក្រុម​ប្រទេស G-20 ដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ជំរុញ​ឡើង​នៅ​ក្រោម​ឋានៈ​របស់​ខ្លួន​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​នេះ​នៅ​ឆ្នាំ​នេះ​ក៏ដោយ ក៏​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស​នេះ​អំពី​ប្រទេស​រុស្ស៊ី​គឺ​ជា​ឧបសគ្គ​ដែល​ទំនង​ជា​ធ្វើ​ឱ្យ​សេចក្ដី​ប្រកាស​រួម​មិន​អាច​លេច​ចេញ​ជា​រូបរាង​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រភព​ការទូត​នានា​ដែល​បាន​ប្រាប់ VOA។

នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​នេះ មុន​ពេល​មេដឹកនាំ​ទាំង​នេះ​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​បិទ​ទ្វារ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ដែល​ជា​ប្រធាន​រៀបចំ​កិច្ច​ប្រជុំ​នេះ បាន​ស្នើ​ឱ្យ​បណ្ដា​មេដឹកនាំ​ផ្សេង​ទៀត​ធ្វើ​យ៉ាង​ណា​កុំ​យក​ការ​ខ្វែង​គំនិត​គ្នា​ទាក់ទិន​នឹង​រឿង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​មក​បង្អាក់​ដល់​របៀបវារៈ​របស់​ពួកគេ​សម្រាប់​ការ​បង្រួបង្រួម​និង​ការ​រើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច។

លោក Widodo បាន​ថ្លែង​ថា «យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ។ កិច្ច​សហប្រតិបត្តិ ការ​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​សង្គ្រោះ​ពិភពលោក» ដោយ​លោក​បាន​បន្ថែម​ថា សមា ជិក​នៃ​ក្រុម​ប្រទេស G-20 មាន​ការ​ទទួល​ខុស​ត្រូវ​មិន​ត្រឹមតែ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​ពិភពលោក​ផងដែរ ដែល «ការ​ទទួល​ខុសត្រូវ​នេះ​មាន​ន័យ​ថា​ការ​បញ្ចប់​សង្គ្រាម​នេះ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ក្រុម​ប្រទេស G-20 ត្រូវតែ​ជា​កាតាលីករ​សម្រាប់​ការ​រើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន។ យើង​មិន​ត្រូវ​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​បែកបាក់​គ្នា​នោះ​ទេ។ យើង​មិន​ត្រូវ​ធ្វើ​ឱ្យ​ពិភពលោក​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ត្រជាក់​មួយ​ទៀត​នោះ​ឡើយ»៕

XS
SM
MD
LG