ទស្សនៈផ្សេងៗគ្នាចំពោះសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការលំបាកដល់ប្រទេសជាសមាជិកទាំង២១នៃអង្គការវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APEC ដើម្បីឯកភាពគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងរួមគ្នាមួយនៅមុនជំនួបកិច្ចប្រជុំកំពូលនៃមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់អង្គការនេះ នៅក្នុងរាជធានីបាងកក ប្រទេសថៃនៅសប្តាហ៍ក្រោយ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយវីអូអេកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការ APEC លោក Matt Murray បានឱ្យដឹងថា «ចំណុចសំខាន់សម្រាប់កិច្ចប្រជុំរបស់ APEC នៅឆ្នាំនេះ ដែលមានការប្រឈមខ្លាំងនោះ គឺការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពដែលប៉ះពាល់ដោយសារសង្គ្រាមនេះនៅទូទាំងតំបន់ ជាពិសេសការប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច ដូចជាវិបត្តិថាមពលនិងស្បៀងអាហារជាដើម»។
លោកបន្តទៀតថាទស្សនៈផ្សេងៗគ្នាលើបញ្ហាសង្គ្រាមនេះ បានរារាំងដល់អង្គការនេះដើម្បីដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ អំពីផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំថា្នក់រដ្ឋមន្ត្រីជាច្រើនដងនៅឆ្នាំនេះ។ «មានប្រទេសជាសមាជិកមួយចំនួននៅក្នុងអង្គការ APEC ដែលមិនចង់ឱ្យលើកឡើងពីសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ដោយលោកក៏មិនបានច្រានចោលលទ្ធភាពដែលថាអាចមានកិច្ចព្រមព្រៀងណាមួយក្នុងនាទីចុងក្រោយផងដែរ នៅក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយនោះ។
ការស្តារវិស័យទេសចរណ៍និងការធ្វើដំណើរឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ១៩ គឺជាអាទិភាពមួយនៃរបៀវារៈនៃកិច្ចប្រជុំរបស់ APEC នៅក្នុងឆ្នាំនេះ។ ប៉ុន្តែមិនមែនថាសមាជិកទាំងអស់របស់អង្គការ APEC បានលុបចោលនូវការរឹតបន្តឹងស្តីពីជំងឺកូវីដ១៩នោះទេ។ ឧទាហរណ៍ ប្រទេសចិនកាលពីពេលថ្មីៗនេះបាននិយាយថា ខ្លួននឹងបន្តវិធានការរឹតបន្តឹងសម្រាប់ជំងឺកូវីត១៩ ហើយបន្តរឹតបន្តឹងនូវការអនុវត្តគោលនយោបាយមិនឱ្យមានករណីជំងឺកូវីដទាល់តែសោះរបស់ខ្លួន ដែលនៅតែតម្រូវឱ្យមានការធ្វើចត្តាឡីស័កជាចាំបាច់នោះ។
លោក Murray និយាយថា «នេះជាចំណុចមួយដែលយើងត្រូវលើកមកពិភាក្សាគ្នាបន្ថែមទៀត ប៉ុន្តែនេះមិនមែនមានន័យថា អង្គការ APEC នឹងដាក់កម្រិតដល់សមាជិកណាមួយរបស់ខ្លួន ថាគួរធ្វើអ្វីឬមិនគួរធ្វើ បន្ទាប់ពីមានការបើកឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវី១៩នោះឡើយ»៕
អាមេរិកថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនធ្វើឱ្យសមាជិកអង្គការ APEC ខ្វែងគំនិតគ្នាមុនកិច្ចប្រជុំកំពូល
ក្រសួងការបរទេសអាមេរិក —