ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី​មើលឃើញ​ការបន្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន


រូបឯកសារ៖ នាវា Navi Star ដឹក​គ្រាប់​ធញ្ញជាតិ​រាប់​តោន​ពី​អ៊ុយក្រែន បើក​តាម​ច្រក​សមុទ្រ Bosphorus កាត់​ទីក្រុង Istanbul ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២។
រូបឯកសារ៖ នាវា Navi Star ដឹក​គ្រាប់​ធញ្ញជាតិ​រាប់​តោន​ពី​អ៊ុយក្រែន បើក​តាម​ច្រក​សមុទ្រ Bosphorus កាត់​ទីក្រុង Istanbul ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២។

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdoganបាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​ជឿ​ថា​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​នាំចេញ​កាត់តាម​សមុទ្រ​ខ្មៅ​នឹង​នៅ​ស្ថិត​ជាធរមាន​ហួស​ថ្ងៃ​ផុត​កំណត់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ទៀត។

លោក​ប្រធានាធិបតី Erdoganបាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សន្និសីទ​កំពូលG-20នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ថា ​មាន​ការ​ចរចា​កំពុង​បន្ត​ធ្វើ​ឡើង​អំពី​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ​ ហើយ​ថា​លោក​មាន​គម្រោង​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ទាប់ពី​ចាកចេញ​ពី​សន្និសីទ​កំពូល​នេះ។

អង្គការ​សហប្រជាជាតិ​និង​តួកគី​បាន​សម្របសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ កាលពី​ខែ​កក្កដា​ដើម្បី​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​នាំចេញ​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​សមុទ្រ​ខ្មៅ​របស់​ខ្លួន ​ដោយ​ប្រើ​កប៉ាល់​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​នៅ​ក្នុង​ប្រទេស​តួកគី​ហើយ​រុស្ស៊ី​នឹង​នាំចេញ​ម្ហូប​អាហារ​និង​ជី។

អង្គការ​សហប្រជាជាតិ​និយាយ​ថា ​គ្រាប់​ធញ្ញជាតិ​និង​គ្រឿង​ចំណី​អាហារ​ប្រហែល​១១ លាន​តោន​ទៀត​ បាន​ត្រូវ​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន៤២ចាប់តាំង​ពី​កិច្ចព្រមព្រៀង​នោះ​បាន​ចាប់​ផ្តើម​អនុវត្តមក។

រុស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​អង្គារ ​ដោយសំដៅ លើ​តំបន់​ចំនួន១០ ​រួមទាំង​រដ្ឋធានី​កៀវ​ផង​ នៅ​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​ដើម្បី​សងសឹក​ដល់​ភាព​ជោគជ័យដ៏​ធំ​បង្អស់​មួយ​របស់​អ៊ុយក្រែន ​ដែល​បាន​កាន់កាប់​ទីក្រុង Kherson ភាគ​ខាង​ត្បូង​ដែល​ជា​ទីក្រុង​ដ៏​សំខាន់​មួយ​កាលពី​សប្តាហិ៍​មុន។

ការប្រកាស​ភាព​អាសន្ន​នៃ​ការវាយ​ប្រហារ​តាម​អាកាសរបស់​រុស្ស៊ី​នេះ ​បាន​បន្លឺ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។ ការវាយ​ប្រហារ​ជិត​១០០​រួមទាំង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​បាន​កើត​មាន​កើត​ឡើង​បន្ទាប់ពី​មាន​ភាព​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​បន្ទាប់ពី​ការ​ដកថយ​របស់​រុស្ស៊ី​ចេញពី​ទីក្រុង Khersonហើយ​អ៊ុយក្រែន​បាន​កាន់កាប់​ទីក្រុង​នោះ ​ដែល​កងកម្លាំង​រុស្ស៊ី​បាន​កាន់កាប់​កាលពី​ដំបូង​នៅ​ក្នុង​សង្គ្រាម​រយៈពេល​៩ខែកន្លង​ទៅ។

នៅឯ​ជំនួប​របស់​ក្រុម​មេដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្មជឿនលឿន G-20 នៅ​លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jake Sulivan បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នោះ៕

XS
SM
MD
LG