ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​អ៊ុយក្រែន​ស្ថិត​នៅ​ក្នុង​របៀបវារៈ​​នៃ​ដំណើរ​​​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ទៅ​កាន់​អឺរ៉ុប​


រូបឯកសារ៖ ប្រធាន​គណៈកម្មករ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi អង្គុយ​ជជែក​ពិភាក្សា​គ្នា​​ក្នុង​ជំនួប​មួយ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។ (Press Information Bureau via AP)
រូបឯកសារ៖ ប្រធាន​គណៈកម្មករ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen (ឆ្វេង) និង​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi អង្គុយ​ជជែក​ពិភាក្សា​គ្នា​​ក្នុង​ជំនួប​មួយ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។ (Press Information Bureau via AP)

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modiបាន​ចេញ​ដំណើរ​ទៅ​កាន់ទ្វីបអឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​គម្រោង​លើក​ឡើង​ពី​ចំណុច​ដ៏​សំខាន់​មួយក្នុង​ជំនួប​ជា​មួយ​មេដឹកនាំ​មួយចំនួនក្នុង​តំបន់​អឺរ៉ុប​ ​ជុំវិញ​បញ្ហា​ដែល​ឥណ្ឌា បាន​បដិសេធ​មិន​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយ ក្រែនក្នុង​ពេល​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឥណ្ឌា​ដែល​ទិញ​គ្រឿង​បរិក្ខារ​យោធា​ពី​ប្រទេស​រុស្ស៊ី​នោះ​បានដើរលើ​ខ្សែ​បន្ទាត់​ការទូតដ៏​ប្រុងប្រយ័ត្ន​មួយ​ជា​មួយ​ប្រទេស​លោក​ខាង​លិច​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដោយ​គ្រាន់​តែ​អំពាវនាវ​ឱ្យបញ្ចប់​នូវអរិភាព​ជា​បន្ទាន់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​តែប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​មុន​ការចេញ​ដំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌារូប​នេះ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ដាណឺម៉ាក​និង​ប្រទេស​បារាំង​លោក Modi និយាយ​ថា «ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់ទ្វីបអឺរ៉ុប​នៅ​ពេល​នេះ​ កើត​មាន​ឡើងចំពេល​ដែលតំបន់​នេះ កំពុងមាន​បញ្ហា​ប្រឈម​និង​ជម្រើស​ជា​ច្រើន»។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ទៀត​ថា នាយករ​ដ្ឋមន្ត្រីឥណ្ឌា​លោកModi មាន​បំណង«នឹង​ពង្រឹងស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ ជា​មួយ​ដៃគូប្រទេស​អឺរ៉ុបមួយ​ចំនួនដែល​មានសារៈសំខាន់​ ក្នុងការស្វែង​រក​សន្តិភាព​និង​វិបុលភាពជា​មួយឥណ្ឌា»។​
លោក Modi មាន​គម្រោង​ជួប​ប្រជុំ​ជា​មួយអធិបការតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ក្នុង​ទីក្រុង​បែរឡាំងនៅ​ថ្ងៃ​ចន្ទ​នេះ​ មុន​លោកធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋ​ធានីកូប៉ិនហាក​នៃ​ប្រទេស​ដាណឺម៉ាក ដើម្បី​ចូលរួម​ជា​មួយនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ក៏​ដូច​ជា​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​អ៊ីស្លង់ ហ្វាំងឡង់​ ស៊ុយអែត​ និង​ន័រវែស​ផងដែរ​ នៅក្នុង​សន្និសីទកំពូលរយៈពេល​២​ថ្ងៃ​រវាង​ឥណ្ឌា​និង​ប្រទេស​តំបន់​អឺរ៉ុបខាង​ជើង​ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៣​ ខែ​ឧសភា​នេះ។

បន្ទាប់​ពី​សន្និសីទ​កំពូល​នោះ​រួច​មក​លោក Narendra Modi ក៏​នឹង​ឈប់​សំចតរយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​បារាំង​និង​ជួប​ជា​មួយ​ប្រធានាធិបតីបារាំង​លោក Emmanuel Macron ដើម្បីចែក​រំលែក​ពីការ​វាយតម្លៃទៅលើ​បញ្ហាសាកលនិង​តំបន់​មួយ​ចំនួន​ក៏​ដូច​ជា​ការ​ពិភាក្សា​គ្នា​ជុំវិញកិច្ច​សហប្រតិបត្តិ ការដែល​ឥណ្ឌាកំពុង​មាន​ជា​មួយប្រទេស​បារាំង​នាពេល​បច្ចុប្បន្ន​នេះ។

អធិការបតី​អាល្លឺម៉ង់​លោក Scholz ត្រូវ​បាន​សារព័ត៌មាន​ឥណ្ឌា Indian Express daily ដក​ស្រង់​សម្តី​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា«ការ​វាយប្រហាររបស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​លើគេ» នៃ​ជំនួប​របស់​លោក​ជា​មួយនាយករដ្ឋមន្ត្រី​ឥណ្ឌា។

សារព័ត៌មាន​នេះ​ បានដកស្រង់​សម្តី​របស់​អធិការ​បតី​អាល្លឺម៉ង់​រូប​នេះចុះ​ផ្សាយ​ថា​ «​អំពើ​ព្រៃផ្សៃនៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន គួ​ឲ្យ​រន្ធត់​និង​ព្រឺព្រួច​ខ្លាំង​ណាស់។ អ្នក​ប្រព្រឹត​អំពើ​ទាំង​នេះ​ ត្រូវ​តែ​ទទួលខុសត្រូវ។ ខ្ញុំ​ជឿជាក់​ថា វា​នឹង​មានការ​យល់​ព្រម​ឯកគ្នា​រវាង​ប្រទេស​យើង​ទាំង​ពីរ​ជុំវិញ​បញ្ហា​នេះ»។

ដោយ​ឡែក​សារព័ត៌មាន Bloomberg News បាន​ផ្សាយកាល​ពី​ថ្ងៃអាទិត្យ​ថា លោក Scholzក៏​មាន​គម្រោង​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ​ ​ឲ្យ​ចូល​រួមជា​ភ្ញៀវ​ពិសេស​ផង​ដែរ​នៅ​ក្នុងជំនួប​កំពូល​នៃ​មេដឹកនាំក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G7 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយនេះ​ ដែល​ជា​ផ្នែក​មួយ​នៃកិច្ចប្រឹង​ប្រែងដើម្បីបង្កើត​នូវ​សម្ពន្ធភាព​ដ៏​ទូលំទូលាយ​មួយ​ ក្នុង​ការ​ប្រឆាំងទៅ​លើប្រទេសរុស្ស៊ី៕

XS
SM
MD
LG