ពួកមន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេរំពឹងថាជនស៊ីវិលកាន់តែច្រើនឡើងនឹងអាចជម្លៀសចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីនៅថ្ងៃចន្ទនេះ។
លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
ដោយកងទ័ពរុស្ស៊ីកំពុងកាន់កាប់នៅផ្នែកទាំងអស់នៃទីក្រុង Mariupol ជនស៊ីវិលរាប់រយនាក់និងកងទ័ពអ៊ុយក្រែនប្រហែល២ពាន់នាក់បានជ្រកពួននៅរោងចក្រដែកថែប Azovstal ។ ការប៉ុនប៉ងកាលពីដំបូងៗជាច្រើនលើកដើម្បីជម្លៀសជនស៊ីវិលចេញពីទីកន្លែងនោះ បានបរាជ័យដោយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបាញ់ផ្លោងទៅលើផ្លូវដែលត្រូវជម្លៀសមនុស្សចេញនោះ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានហៅស្ថានការណ៍នៅឯ Azovstal ថាជា «មហន្តរាយមនុស្សធម៌ដ៏ពិតប្រាកដមួយ» ដោយមនុស្សដែលកំពុងជាប់នៅទីនោះ នៅសល់ម្ហូបអាហារ ទឹក និងថ្នាំសង្កូវតិចតួចប៉ុណ្ណោះ។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ដែលរួមជាមួយសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ៦រូបផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវដោយមិនប្រកាសឱ្យដឹងជាមុនកាលពីថ្ងៃសៅរ៍ ដើម្បីជួបជាមួយលោកប្រធានាធិបតី Zelenskyy និងធ្វើការពិភាក្សានៅថ្ងៃចន្ទនេះនៅក្នុងប្រទេសប៉ូឡូញជាមួយប្រធានាធិបតី Andrzej Duda នៅពេលដែលលោកស្រីបានសន្យាគាំទ្រសម្ពន្ធមិត្តអង្គការអូតង់នៅក្នុងការខំប្រឹងប្រែងដើម្បីជួយអ៊ុយក្រែន។
ជនភៀសខ្លួនអ៊ុយក្រែនប្រហែល៥,៥លាននាក់ បានចាកចេញពីប្រទេសរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីចុងខែកុម្ភៈមក។ នេះបើតាមការឲ្យដឹងរបស់អង្គការសហប្រជាជាតិ ដោយជនភៀសខ្លួន៣លាននាក់ក្នុង ចំណោមជាង៥លាននាក់នោះ បានទៅដល់ប្រទេសប៉ូឡូញ។
ដោយឡែកប្រទេសរ៉ូម៉ានី បានទទួលយកជនភៀសខ្លួនច្រើនលំដាប់ទី២ដោយមានចំនួន៨សែននាក់៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ មានប្រភពចេញពីទីភ្នាក់ងារព័ត៌មាន AP, AFP, និង Reuters។