រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយជាមួយសម្ព័ន្ធមិត្តអង្គការអូតង់កាលពីថ្ងៃចន្ទអំពីការដាក់ពង្រាយយោធារបស់ប្រទេសរុស្ស៊ីនៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន ដោយលោកបានអំពាវនាវឲ្យមានជំហររួបរួមគ្នារបស់អង្គការអូតង់។
នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសតំបន់ខាងកើត ៩របស់អង្គការអូតង់ដែលគេហៅថា Bucharest Nine លោក Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានតាំងចិត្ត«ពិគ្រោះយោបល់ និងសម្របសម្រួលដ៏ជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូនៅត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិករបស់យើងនៅពេលដែលយើង ធ្វើការឆ្ពោះទៅកាន់ការកាត់បន្ថយភាពតានតឹងតាមរយៈការកំញ៉ើញ ការការពារ និងការសន្ទនា»។ នេះ បើតាមលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Price បាននិយាយថា លោក Blinken បានអំពាវនាវឲ្យមាន«ជំហររួបរួមគ្នា ប្រុងប្រៀបខ្លួន និងការតាំងចិត្តរបស់អង្គការអូតង់ដើម្បីការពាររួមគ្នាដល់សម្ព័ន្ធមិត្ត»។
បន្ថែមពីនេះ លោក Blinken «បានបញ្ជាក់ពីការតាំងចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកដល់មាត្រា ៥របស់អង្គការអូតង់ដែលអំពាវនាវឲ្យមានការការពាររួមគ្នាដល់សមាជិកណាមួយនៃសម្ព័ន្ធមិត្តខាងយោធាដែលមានអាយុកាល៧ទសវត្សរ៍នេះ ដែលបានបង្កើតបន្ទាប់ពីសង្គ្រាមលោកលើកទី២មក។
អ៊ុយក្រែន មិនមែនជាសមាជិករបស់អង្គការអូតង់ទេ ក៏ប៉ុន្តែ បានដាក់ពាក្យចូលរួមសម្ព័ន្ធភាពនេះអស់រយៈពេលជាមួយ១ទសវត្សរ៍មកហើយ ដែលជាជំហរមួយដែលបានធ្វើឲ្យរុស្ស៊ីមានការខឹងសម្បានោះ។
រុស្ស៊ី បានទាមទារឲ្យអង្គការអូតង់បដិសេធសមាជិកភាពរបស់អ៊ុយក្រែន ហើយនឹងកាត់បន្ថយការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។
នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នឹង«ឆ្លើយតបយ៉ាងខ្លាំងក្លា»ដល់ការបន្តការឈ្លានពានរបស់រុស្ស៊ីដល់ប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងមូស្គូ បានឈ្លានពានឧបទ្វីប Crimea របស់អ៊ុយក្រែននៅឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការតវ៉ាប្រឆាំង និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។
រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយកាលពីសប្តាហ៍មុនថា លោក Putin បានព្រមានលោក Biden ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី អាចនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។