អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធម្សិលមិញថា បញ្ជីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តិដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសរបស់លោកស្រីបានកើនឡើងជារៀងរាល់ថ្ងៃ ហើយការដាក់ឱ្យរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះជារឿងដ៏សំខាន់មួយ។
លោកស្រី Emine Dzhaparova បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងជំនួបក្រៅផ្លូវការមួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ទីក្រុង Mariupol បានក្លាយជាគំនរផេះផង់។ មានជនស៊ីវិលរាប់ពាន់នាក់កំពុងរស់នៅក្នុងការបិទខ្ទប់និងឡោមព័ទ្ធដោយពុំមានទឹក ភ្លើង ទំនាក់ទំនងនិងរបស់របរប្រើប្រាស់ដែលពួកគេត្រូវការជាចាំបាច់នោះឡើយ»។
លោកស្រីបានបន្តទៀតថា រណ្តៅសពនិងសាកសពជនរងគ្រោះដែលត្រូវបានគេកប់ថ្មីៗត្រូវបានរកឃើញជារៀងរាល់ថ្ងៃនៅតាមបណ្តាទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីជាអ្នកប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ដូចជាការធ្វើទារុណ្ឌកម្ម ចាប់រំលោភនិងការធ្វើឃាតជាដើម។
លោកស្រីបានបន្ថែមទៀតថា៖ «រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋរបស់ខ្លួនក្នុងនាមជារដ្ឋមួយ ហើយបុគ្គលដែលប្រព្រឹត្តិនូវអំពើទាំងនេះដោយផ្ទាល់នោះក៏ត្រូវទទួលការកាត់ទោសផងដែរ»។
អគ្គរដ្ឋអាជ្ញារអ៊ុយក្រែនលោកស្រី Iryna Venediktova បាននិយាយក្នុងរដ្ឋធានីកៀវថា ការិយាល័យរបស់លោកស្រីបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ចំនួន៨ពាន់ករណីស្តីពីការចោទប្រកាន់ការរំលោភបំពានរបស់រុស្ស៊ី ហើយបញ្ជីនៃការចោទប្រកាន់នឹងមានចំនួនបន្តកើនឡើង។
មានប្រទេសជាច្រើនបានផ្តល់ការគាំទ្រដល់អ៊ុយក្រែនដើម្បីបើកការស៊ើបអង្កេតនិងកត់ត្រាការរំលោភបំពានទាំងឡាយដែលបានកើតមានឡើងនៅក្នុងប្រទេសនេះ។
ទន្ទឹមនឹងនេះដែរនៅក្នុងចំណាត់ការមួយដែលមិនធ្លាប់មានពីមុន មានប្រទេសចំនួនជាង៤០ បានស្នើឱ្យដាក់ស្ថានភាពនៃអំពើព្រៃផ្សៃនេះទៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ។ ប្រធានអគ្គរដ្ឋអាជ្ញានៃតុលាការអន្តរជាតិនេះ គឺលោក Karim Khan បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនចំនួន២ដងរួចមកហើយក្នុងពេលកន្លងទៅនេះ ហើយក៏បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីនោះដែលរួមមានអ្នកជំនាញ មេធាវី និងអ្នកសិក្សាស្រាវជ្រាវផងដែរ។
លោក Karim Khan ក៏បានលើកឡើងផងដែរថា លោកបានបញ្ជូនសារទំនាក់ទំនង៣ដងទៅកាន់រុស្ស៊ីរួចហើយក្នុងពេលកន្លងមក ក៏ប៉ុន្តែពុំទាន់ឃើញមានការឆ្លើយតបណាមួយនៅឡើយទេ។ លោកបានជំរុញឲ្យរដ្ឋាភិបាលក្រុងមូស្គូសហការជាមួយការិយាល័យរបស់លោកដោយនិយាយថាប្រសិនបើរុស្ស៊ីចង់បង្ហាញថាការចោទប្រកាន់ទាំងនោះមិនមែនជាការពិតនោះ វិធីដែលល្អបំផុតនោះ គឺការត្រួតពិនិត្យមើលរាល់បញ្ហាទាំងនោះ។
លោកបានធានាដល់រដ្ឋជាសមាជិកថា៖ «ការិយល័យរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់ពុំមានរបៀបវារៈ នយោបាយណាមួយក្រៅតែពីការស្វែងរកការពិតតែប៉ុណ្ណោះ»។
ប៉ុន្តែតំណាងប្រទេសរុស្ស៊ីបានទាត់ចោលនូវការលើកឡើងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះដោយនិយាយថា ស្ថាប័នតុលាការនេះ បានទទួលរងសម្ពាធខាងនយោបាយ និងការផ្តល់ហិរញ្ញវត្ថុពីប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម៕