ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រងការ​វាយប្រហារ​ដោយ​​កាំជ្រួច​មីស៊ីល​ដ៏​ប្រល័យ​របស់​រុស្ស៊ី​នៅពេល​ដែល​លោក Zelenskyy អំពាវនាវ​ស្វែងរក​យន្តហោះ​និង​កាំជ្រួច​មីស៊ីល


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​ពេល​លោក​និយាយ​នៅក្នុង​អំឡុង​ពេល​ធ្វើសន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​ហ្វាំងឡង់​របស់​លោក បន្ទាប់ពី​កិច្ចពិភាក្សា​របស់​ពួកអស់​លោក​ក្នុង​ទីក្រុងកៀវ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​ពេល​លោក​និយាយ​នៅក្នុង​អំឡុង​ពេល​ធ្វើសន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​ហ្វាំងឡង់​របស់​លោក បន្ទាប់ពី​កិច្ចពិភាក្សា​របស់​ពួកអស់​លោក​ក្នុង​ទីក្រុងកៀវ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី​ចាប់ផ្តើម​វាយប្រហារ​កាំជ្រួច​មីស៊ីល​ថ្មីៗ​ទៅលើ​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មករា​នេះ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ម្នាក់​ដែរ ប៉ុន្មាន​ម៉ោង​ក្រោយបន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​អស់រយៈ​ពេល​មួយ​យប់ ខណៈ​ដែល​ការប្រយុទ្ធ​ដ៏​ខ្លាំង​បាន​បន្ត​មិន​ស្រាកស្រាន្ត​នៅ​ក្នុង​តំបន់​ខាង​កើត​ជាទីកន្លែង​ដែល​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បង្កើន​ការដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​កង​ការពារ​របស់​អ៊ុយក្រែន។

ការវាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ថ្មី​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទើបតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​នូវ​រថក្រោះ​ចម្បាំង​ទំនើប ​ហើយ​បាន​អំពាវនាវ​សម្ពន្ធមិត្ត​លោក​ខាង​លិច​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​ឱ្យ​ផ្តល់​កាំជ្រួច​មីស៊ីល​វង់ប្រតិបត្តិការ​ឆ្ងាយ​និង​យន្តហោះ​ចម្បាំងដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន។

អភិបាល​ក្រុង​កៀវ​លោក Vitasaidli Klitschko បាន​និយាយ​ថា​ មនុស្ស​ម្នាក់​បាន​ត្រូវ​សម្លាប់ ហើយ២នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​ទៅលើ​រដ្ឋធានី​ហើយ​លោក​បាន​ជំរុញ​ឱ្យ​ពួក​អ្នកស្រុក​ស្ថិត​នៅ​ក្នុង​ទីជម្រក។

លោក Serhiy Popko ​ប្រធាន​រដ្ឋបាល​យោធា​ក្រុង​កៀវ​បាន​និយាយ​ថា កាំជ្រួច​រាប់​សិប​គ្រាប់​បាន​ត្រូវ​កម្ទេច​នៅ​លើ​រដ្ឋធានី​ដោយ​សារ​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

លោក​បាន​និយាយ​ទៀត​ថា «សត្រូវ​បាន​បាញ់​កាំជ្រួច Cruise Missile ជាង១៥គ្រាប់​តម្រង់​មក​កាន់​ទីក្រុង​កៀវ»។

លោកAndriy Yermakប្រធាន​រដ្ឋបាល​ប្រធានាធិបតី​របស់​អ៊ុយក្រែន​បាន​សរសេរ​នៅ​លើ​តេឡេក្រាម​ថា«កាំជ្រួច​មីស៊ីល​រុស្ស៊ី​លើក​ទី១បាន​ត្រូវ​បាញ់​ទម្លាក់​ដោយ​មិន​មាន​ការបញ្ជាក់​ទីកន្លែង»។
អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា​រោងចក្រ​អគ្គិសនី​២កន្លែង​បាន​រងការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​នៅ​ក្នុង​តំបន់ Odesaភាគ​ខាង​ត្បូង។

តំបន់ Vinnisya ភាគ​កណ្តាល​ក៏​រងការវាយប្រហារ​ពី​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​ដែរ។ នេះ​បើ​តាម​លោក Serhiy Borzov ប្រធាន​រដ្ឋបាល​យោធា​តំបន់។ លោក​បាន​បន្ថែម​ទៀត​ថា​មិន​មាន​មនុស្ស​ស្លាប់​ ឬ​រងរបួស​ទេ។

កាលពី​ដំបូង អគ្គសេនា​ធិការ​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ កងទ័ព​របស់​ខ្លួន​បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើកដ្រូនចំនួន២៤គ្រឿង រួមទាំង​ចំនួន១៥គ្រឿង​នៅ​លើ​រដ្ឋធានី​កៀវ​ផង​ដែរ​ដែល​រុស្ស៊ី​បាន​ធ្វើ​ការវាយ​ប្រហារ​នៅពេល​យប់៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន dpa។

អត្ថបទ​ទាក់ទង

XS
SM
MD
LG