មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួនបានប្រកាសលាលែងពីតំណែងនៅថ្ងៃអង្គារនេះ នៅចំពេលនៃអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាជាការផ្លាស់ប្ដូរមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោក។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Viacheslav Shapovalov ដែលទទួលបន្ទុកកិច្ចការផ្គត់ផ្គង់ភស្តុភារសម្រាប់កងកម្លាំងអ៊ុយក្រែន បានលាលែងពីតំណែងដោយលើកឡើងអំពីការចោទប្រកាន់រឿងអាស្រូវលទ្ធកម្មស្បៀងអាហារដែលលោកបានបដិសេធ។
អគ្គរដ្ឋអាជ្ញារងអ៊ុយក្រែនលោក Oleksiy Symonenko និងអនុប្រធានខុទ្ទកាល័យរបស់លោក Zelenskyy លោក Kyrylo Tymoshenko ក៏បានលាលែងពីតំណែងផងដែរដោយមិនបានផ្ដល់មូលហេតុអំពីការលាលែងរបស់ពួកគេនេះទេ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីរាត្រីថ្ងៃចន្ទថា៖ «មានការសម្រេចរឿងមន្ត្រីរួចទៅហើយ ដែលការសម្រេចខ្លះធ្វើនៅថ្ងៃនេះ ហើយការសម្រេចខ្លះធ្វើនៅថ្ងៃស្អែក ទាក់ទិននឹងមន្ត្រីនៅគ្រប់កម្រិតទាំងអស់នៅតាមក្រសួងនានានិងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់រដ្ឋាភិបាលថ្នាក់ជាតិ ក៏ដូចជានៅក្នុងតំបន់ និងនៅក្នុងផ្នែកអនុវត្តច្បាប់ផងដែរ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។