ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​ការតាំងចិត្ត​បញ្ជូន​រថក្រោះ​ទំនើប​ទៅ​ឱ្យ​អ៊ុយក្រែន


រូបគម្រូ​នៃ​​រថក្រោះ​ធុន M1 Abrams​ ដែលផលិតនៅសហរដ្ឋអាមេរិក។
រូបគម្រូ​នៃ​​រថក្រោះ​ធុន M1 Abrams​ ដែលផលិតនៅសហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក​បង្ហាញ​នូវ​ការប្រុងប្រៀប​យល់ព្រម​បញ្ជូន​រថក្រោះ​ចម្បាំង​ទំនើប​ទៅឱ្យ​អ៊ុយក្រែន​នៅ​ក្នុង​ការប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​មាន​រយៈពេល​ជិត​១ឆ្នាំ។

សារព័ត៌មាន​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden អាច​ប្រកាស​ការសម្រេច​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ការសម្រេច​នេះ​នឹង​បញ្ជូន​រថក្រោះ​ធុន M1 Abrams ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ផ្នែក​មួយ​នៃ​ការស្រុះស្រួល​ខាង​ផ្នែក​ការទូត​ជាមួយ​អាល្លឺម៉ង់​ចំពោះ​ការផ្តល់​រថក្រោះ​ខ្លះ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត The Wall Street Journal។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​ដកស្រង់​សម្តី​ចុះផ្សាយ​នៅ​ក្នុង​សេចក្តី​រាយការណ៍ដែល​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​រថក្រោះ​ទំនើប​ជាង៣០គ្រឿង​ទៅកាន់​សមរភូមិ​នៅ​អ៊ុយក្រែន។

មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ​បាន​ប្រាប់ VOA កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សេតវិមាន​កំពុង​ធ្វើ​ផែនការ​ចុងក្រោយ​ដើម្បី​ឱ្យ​អ៊ុយក្រែន​ទទួល​បាន​រថក្រោះ​នេះ ថ្វីបើ​វា​អាច​ចំណាយ​ពេល​យូរ​បន្តិច​មុន​ពេល​រដ្ឋាភិបាល​ក្រុង​កៀវ​អាច​ទទួល​បាន​រថក្រោះ ​ហើយ​នឹងដាក់ឱ្យ​ប្រើប្រាស់​នៅ​សមរភូមិ។

មន្ត្រី​រូបនោះ​ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ពីព្រោះតែ​ផែនការ​រសើប​បាន​និយាយ​ថា​ រថក្រោះ​នោះ​ទំនង​នឹង​ត្រូវ​ផ្តល់​ឱ្យ​តាម​រយៈ​កម្មវិធី​កិច្ចផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុយក្រែន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ឬ (USAI)។ ថវិកា​នោះ​អនុញ្ញាត​ឱ្យ​ក្រសួង​ការពារ​ជាតិ​ទិញ​អាវុធ​និង​ប្រព័ន្ធ​ការពារ​មកពី​រោងចក្រ​ផលិត​អាវុធ​ ឬ​មកពី​ប្រភព​ផ្សេងៗទៀត​ជាជាង​បញ្ជូន​អាវុធ​ទាំង​នោះ​ដោយ​ផ្ទាល់​មកពី​ឃ្លាំង​ស្តុកទុក​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ករណី​នេះ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​អាច​ស្វះស្វែង​រក​ទិញ​រថក្រោះ​ធុន M1 Abrams​ មកពី​ប្រទេស​ផ្សេង​ទៀត​ហើយ​នឹង​កែច្នៃ​វា​មុន​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។

ព័ត៌មាន​នៃ​ការប្រុងប្រៀប​បញ្ជូន​រថក្រោះ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ត្រូវ​ទទួល​ស្វាគមន៍​ប្រកប​ដោយ​ការខឹង​សម្បារ​ពី​ប្រទេស​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters រាយការណ៍​ថា​ លោក Anatoly Antonov បេសកជន​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សារ​តាម​តេឡេក្រាម​របស់​ស្ថានទូត​ថា ​ការបញ្ជូន​រថក្រោះ​ដោយ​សហរដ្ឋ​អាមេរិក​ទៅឱ្យ​អ៊ុយក្រែន​នឹង​កា្លយ​ជា​ការបង្កហេតុ​មួយ​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី។

មាន​សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា​ លោក Antonov បាន​និយាយ​ថា «វា​ជា​ការពិត​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​បំណង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យយើង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ង»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG