នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបដិសេធជាថ្មីម្តងទៀត បន្ថែមពីលើការច្រានចោលរបស់ក្រសួងការបរទេស ពាក់ព័ន្ធនឹងដំណឹងដែលថា កម្ពុជាបានផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែន។ លោកក៏បញ្ជាក់ផងដែរថា ការដែលកម្ពុជាផ្តល់ជំនួយបច្ចេកទេសដោះមីនដល់ប្រទេសដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះ គឺជាកិច្ចការមនុស្សធម៌។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំសូមជម្រាបជូនថា ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីន សូមអញ្ជើញរាប់ទាំងប្រទេសរុស្ស៊ី។ យើងជួយបណ្តុះបណ្តាលឱ្យទាំងអស់។ ខ្ញុំសូមបញ្ជាក់កម្ពុជាមិនបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយក៏មិនបានបញ្ជូនអ្នកគ្រូដោះមីនរបស់យើងចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ។ ដូច្នេះអ្វីជាកិច្ចការដែលយើងធ្វើនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ»។
បើតាមព័ត៌មានជាលក្ខណៈក្រាហ្វិក ដែលចេញផ្សាយតាមប្រព័ន្ធតេឡេក្រាមមួយឈ្មោះ Demografiya upala មានការបង្ហាញជំហរប្រទេសនានា ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងនោះកម្ពុជាត្រូវបានគេដាក់ឱ្យស្ថិតក្នុងចំណោមក្រុមប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមករានេះ។
ក្រសួងការបរទេសកម្ពុជា ក៏បានថ្លែងបដិសេធចោលដាច់ខាត ចំពោះការចេញផ្សាយព័ត៌មាននោះ និងថាការផ្សាយព័ត៌មានខុសការពិតយ៉ាងដូច្នេះនឹងធ្វើឲ្យខូចប្រយោជន៍កម្ពុជា។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែលនោះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាគ្មានសមត្ថភាពផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនឡើយ ហើយថា កម្ពុជាមានតែកងទ័ពថែរក្សាសន្តិភាពរបស់ខ្លួនដែលកំពុងឈរជើងនៅបួនប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសទាំងនោះ រួមមានប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងប្រទេសអាហ្វ្រិកកណ្តាល។
ជម្លោះប្រដាប់អាវុធរវាងយោធាអ៊ុយក្រែន និងរុស្ស៊ី បានឈានចូលជិតមួយឆ្នាំ ហើយគិតត្រឹមចុងខែមករានេះ ដោយជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសធ្វើ «ប្រតិបតិ្តការយោធាពិសេស» មកលើប្រទេសអ៊ុយក្រែន។
លោក រ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគមួយរូប ប្រាប់វីអូអេថា ការប្រឹងប្រែងរបស់កម្ពុជាក្នុងការបដិសេធចោលព័ត៌មានដែលថា កម្ពុជាផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែននោះ គឺដោយសារតែកម្ពុជាប្រកាន់នូវគោលនយោបាយអព្យាក្រឹត សន្តិភាព និងពហុហភាគីនិយម និងបារម្ភពីផលប៉ះពាល់ដែលអាចកើតឡើងក្នុងទំនាក់ទំនងកម្ពុជានិងរុស្ស៊ី។
លោកថ្លែងថា៖ «អ៊ីចឹងនៅពេលដែលគេចោទថា កម្ពុជាផ្តល់ជាជំនួយដល់អ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី វាប៉ះពាល់ដល់ទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៊ី បានន័យថា កម្ពុជាហ្នឹងគឺចូលរួមជាអ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីហ្មង។ អ៊ីចឹងអាហ្នឹងជាផលប៉ះពាល់»។
គួរបញ្ជាក់ថា កាលពីដើមខែមីនា ឆ្នាំ ២០២២ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កម្ពុជាបានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។
កាលនោះ ប្រទេសសមាជិក អ.ស.ប សរុបចំនួន ១៤១ បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន ៣៥ ទៀត បានបោះឆ្នោតអនុបវាទ ឬមានន័យថា ជាប្រទេសនៅស្ងៀមជាកណ្តាល។ ហើយនៅក្នុងចំណោមប្រទេសចំនួន ៣៥ ដែលបានបោះឆ្នោតអនុបវាទនោះ គឺមានប្រទេសចិន និងសមាជិកអាស៊ានពីរប្រទេស គឺឡាវ និងវៀតណាម៕
ភ្នំពេញ —