ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ថា ទ្វីប​អាហ្វ្រិក​ស្ថិត​ក្នុង​ស្ថានភាព​តែ​មួយ​​ដូច​រដ្ឋាភិបាល​ក្រុង​កៀវ​ដែរ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្តោត​លើ​សង្គ្រាម​ជាមួយ​រុស្ស៊ី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្តោត​លើ​សង្គ្រាម​ជាមួយ​រុស្ស៊ី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ប្រទេសក្នុង​ទ្វីបអាហ្រ្វិក​និង​ប្រទេស​អ៊ុយក្រែន​កំពុង​មាន​ស្ថានភាព​ដូច​គ្នា​ដោយចោទ​រដ្ឋាភិបាល​ក្រុង​មូស្គូថាបាន​ធ្វើ​ឱ្យ​មានវិបត្តិជា​សាកល ដោយ​ធ្វើ​ឱ្យ​ទ្វីបអាហ្វ្រិក​រងផល​ប៉ះពាល់​ដោយសារ​ការ​ខ្វះខាតស្បៀង​អាហារ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

«កាំជ្រួច​ម៉ីស៊ីល​របស់រុស្ស៊ី​មិន​គ្រាន់តែ​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋប្រទេសនានា​ក្នុង​ទ្វីបអាហ្វ្រិក​ផង​ដែរ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​រូប​នេះ​ដែល​បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានតាម​ប្រព័ន្ធ​អនឡាញ បន្ទាប់ពី​មាន​ការវាយ​ប្រហារ​ថ្មីៗ​ទៀត​ដោយ​កងទ័ព​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ដែល​បង្ខំ​លោក​ឱ្យកាត់​បន្ថយ​ដំណើរ​ទស្សនកិច្ចនៅ​ក្នុង​ទ្វីបអាហ្វ្រិក។

លោកក៏បាន​វាយបកទៅ​លើ​ការចោទប្រកាន់​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​និយាយ​កាល​ពី​ខែមុន​ថា ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ស្ទើរតែ​ទាំង​អស់​របស់​អ៊ុយក្រែន​ក្រោម​កិច្ចព្រមព្រៀង​ជា​មួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​ស្បៀង​អាហារជា​សាកល​នោះ ត្រូវ​បាន​ទៅដល់​ប្រទេសអឺរ៉ុប​ដែល​ជា​អ្នក​មាន​ ​ហើយ​មិន​បាន​ទៅ​ដល់​ប្រទេស​ក្រីក្រ​នានា​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​នោះ​ទេ។ លោកKuleba និយាយ​ថា «ចាប់តាំង​ពី​ខែ​កក្កដាមក​ គ្រាប់ធញ្ញជាតិ​ប្រមាណ​៨សែន ៣ម៉ឺន​តោន​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្រ្វិក។

ប្រមុខការ​ទូត​អ៊ុយក្រែន​រូប​នេះ​បាន​ធ្វើដំណើរ​ទស្សនកិច្ចទៅ​កាន់​ទ្វីបអាហ្រ្វិក​កាល​ពី​សប្តាហ៍​មុន​ដោយធ្វើទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សេណាហ្កាល់ កូតឌីវ័រ ហ្កាណា​ និង​ប្រទេស​កេនយ៉ា។

ប្រទេស​ទាំង៤នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស១៤៣នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ថ្កោលទោស​លើ​ប្រទេស​រុស្ស៊ី​ ដែល​បាន​ដាក់​បញ្ចូល​តំបន់៤នៃ​ទឹកដី​របស់​អ៊ុយក្រែន​ទៅ​ក្នុងប្រទេស​ខ្លួននោះ។

លោក Kuleba បាន​និយាយ​ថា «ខ្ញុំ​មាន​ការសប្បាយចិត្តជា​ពិសេស​ ដែល​បាន​ឃើញប្រទេស​ទាំង៤ដែល​ខ្ញុំ​ទៅ​ធ្វើ​ទស្សនកិច្ចក្នុង​ទ្វីបអាហ្រ្វិក​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​សម្រេចរបស់​អង្គការ​សហប្រជាជាតិ​នេះ៕

XS
SM
MD
LG