ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានព្រមានរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពរបស់រុស្ស៊ីនឹងត្រូវ«កម្ទេច»ដោយការឆ្លើយតបផ្នែកយោធារបស់ប្រទេសលោកខាងលិច ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសអ៊ុយក្រែននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Borrell បានលើកឡើងនៅក្នុងពិធីបើកវគ្គបណ្ឌិតសភាការទូតនៅក្នុងប្រទេសប៊ែលហ្ស៊ិកថា «លោក Putin កំពុងនិយាយថា លោកមិនមែននិយាយបន្លាចនោះទេ។ លោកមិនអាចនិយាយបន្លាចទេ ហើយការណ៍នេះត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ពលរដ្ឋដែលគាំទ្រអ៊ុយក្រែននិងសហភាពអឺរ៉ុបនិងរដ្ឋជាសមាជិកនិងសហរដ្ឋអាមេរិកនិងអង្គការអូតង់ក៏មិនមែនកំពុងនិយាយបន្លាចដែរ»។
លោកបានថ្លែងបន្តទៀតថា«ការវាយប្រហារណាមួយប្រឆាំងអ៊ុយក្រែននឹងធ្វើឱ្យមានចម្លើយ មិនមែនចម្លើយនុយក្លេអ៊ែរទេ ក៏ប៉ុន្តែជាចម្លើយដ៏ខ្លាំងមួយមកពីភាគីកងទ័ពដែលថា កងទ័ពរុស្ស៊ីនឹងត្រូវកម្ទេច»។
ការភ័យខ្លាចថា រដ្ឋាភិបាលក្រុងមូស្គូអាចប្រើអាវុធនុយក្លេអ៊ែរកលយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើង បន្ទាប់ពីលោក Putin បានចេញការគំរាមកំហែងនៅពេលដែលលោកបានដាក់តំបន់ ៤ របស់អ៊ុយក្រែនដែលរុស្ស៊ីត្រួតត្រាធ្វើជាឧបសម្ព័ន្ធដែនដីរបស់ខ្លួននៅក្នុងការប្រឈមការចាញ់នៅលើសមរភូមិ។
ទន្ទឹមនឹងនេះដែរ ប្រធានអង្គការអូតង់លោក Jens Stoltenberg បានព្រមានរុស្ស៊ីពី«ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើរុស្ស៊ីចាប់ផ្តើមវាយប្រហារអាវុធនុយក្លេអ៊ែរទៅលើប្រទេសជិតខាងខ្លួនដែលលម្អៀងប្រទេសលោកខាងលិចនោះ។
លោក Stoltenberg បានមានប្រសាសន៍ថា «យើងនឹងមិនពន្យល់ឱ្យបានពិតប្រាកដថាតើយើងនឹងឆ្លើយតបយ៉ាងដូចម្តេចនោះទេ ក៏ប៉ុន្តែជាការពិត ការណ៍នេះនឹងផ្លាស់ប្តូរយ៉ាងខ្លាំងលក្ខណៈនៃជម្លោះនេះ»។
លោកបាននិយាយទៀតថា «សូម្បីការប្រើអាវុធនុយក្លេអ៊ែរតូចតាច ក៏នឹងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុតផងដែរ»។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការអូតង់បាននិយាយកាលពីថ្ងៃពុធថា ការប្រើអាវុធនុយក្លេអ៊ែរដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នឹងនាំឱ្យមានការឆ្លើយតបមកពីសម្ពន្ធមិត្តជាច្រើន ហើយជាពិសេសគឺមកពីអង្គការអូតង់តែម្តង៕