ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ច្រានចោល​ការ​ភ្ជាប់​យក​របស់​រុស្ស៊ី​នូវ​ដែនដី​របស់​អ៊ុយក្រែន


អេក្រង់​បង្ហាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​​បន្ទាន់​​ពិសេស​មួយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០២២ អំពី​ការ​ធ្វើ​ប្រជាមតិ​ខុស​ច្បាប់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
អេក្រង់​បង្ហាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​​បន្ទាន់​​ពិសេស​មួយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០២២ អំពី​ការ​ធ្វើ​ប្រជាមតិ​ខុស​ច្បាប់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

សហគមន៍​អន្តរជាតិ​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​ទៅ​កាន់​រដ្ឋាភិបាល​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ ដោយ​ប្រកាស​ថា ការ​ធ្វើ​ប្រជាមតិ​និង​ការ​ដាក់​បញ្ចូល​របស់​ប្រទេស​រុស្ស៊ី​នូវ​តំបន់ ៤ របស់​ប្រទេស​អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​ខ្លួន ​គឺ​ជា​អំពើ​ខុស​ច្បាប់​និង​មិន​មាន​សុពលភាព​នៅ​ក្រោម​ច្បាប់​អន្តរជាតិ។

នៅ​ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ខ្លាំងក្លា​បំផុត​លើ​ប្រទេស​អ៊ុយក្រែន​តាំងពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង ១៤៣ ទល់​នឹង ៥ ដើម្បី​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ថ្កោលទោស​និង​ច្រានចោល​វិធានការ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ភ្ជាប់​យក​ដែនដី​របស់​អ៊ុយក្រែន​នេះ។

ប្រទេស​ចំនួន ៣៥ បាន​បោះឆ្នោត​អនុបវាទ ហើយ​ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ប្រទេស​រុស្ស៊ី​គឺ​ប្រទេស​បេឡារុស កូរ៉េខាងជើង ស៊ីរី និង​នីការ៉ាហ្គា។

នៅ​ក្នុង​សារ​តាម Twitter ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ប្រទេស​ដែល​គាំទ្រ​លើ​សេចក្ដី​សម្រេច​នេះ ដែល​លោក​ហៅ​ថា​ជា «សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ»។

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Sergiy Kyslytsya បាន​ប្រាប់​អ្នក​កាសែត​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ​គឺ «អស្ចារ្យ»។

លោក Kyslytsya បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ការពារ​គោលការណ៍​របស់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​នៅ​ក្នុង​ការ​អនុវត្ត​តាម​ធម្មនុញ្ញ​នេះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សាទរ​ចំពោះ​ការ​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​នេះ ដោយ​បាន​និយាយ​ថា៖ «មតិ​ភាគ​ច្រើន​លើសលប់​នៅ​លើ​ពិភពលោក...បាន​បោះឆ្នោត​ការពារ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​ថ្កោលទោស​ការ​ប៉ុនប៉ង​ខុស​ច្បាប់​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​ភ្ជាប់​យក​ដែនដី​អ៊ុយក្រែន​តាម​រយៈ​ការ​ប្រើ​កម្លាំង។ ...ពិភពលោក​ទើប​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ខ្លួន​មាន​ការ​រួបរួម​ជាង​មុន និង​មាន​ការ​តាំងចិត្ត​ជាង​ពេល​ណាៗ​ទាំងអស់​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំពាន​របស់​ខ្លួន»៕

XS
SM
MD
LG