ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​អ៊ុយក្រែន ចិន និង​ពាណិជ្ជកម្ម​នឹង​គ្រប​ដណ្ដប់​លើ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​កំពូល​អាស៊ាន​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។

ទំនាក់ទំនង​ពាណិជ្ជកម្ម សន្តិសុខ​ក្នុង​តំបន់ និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺ​ជា​បញ្ហា​ចម្បងៗ​ដែល​នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (ASEAN) នៅ​ថ្ងៃ​ទី ១២ និង​ទី ១៣ ខែ​ឧសភា​នេះ។

មេដឹកនាំ ៨ រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង ១០ រូប​នៃ​សមាគម​អាស៊ាន​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ។ មេដឹកនាំ​ពីរ​រូប​ដែល​នឹង​មិន​ចូលរួម​នោះ​គឺ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​គ្រោង​នឹង​ចប់​អាណត្តិ​នៅ​ខែ​មិថុនា​ខាង​មុខ និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ដែល​អាស៊ាន​បាន​ដក​ចេញ​ពី​ការ​ប្រជុំ។ លោក Min Aung Hlaing បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១។

សេតវិមាន​មិន​បាន​បញ្ចេញ​សេចក្ដី​លំអិត​ច្រើន​អំពី​កិច្ច​ប្រជុំ​កំពូល​នេះ​ទេ ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​អំពី «ការ​តាំងចិត្ត​មិន​ងាករេ» របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន។

បើ​ទោះបីជា​កិច្ច​ប្រជុំ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មិន​មាន​លទ្ធផល​ច្រើន​ក៏ដោយ ក៏​អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា និមិត្តរូប​ដែល​លោក Biden ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ទាំង​នេះ​នៅ​ពេល​ដែល​សង្គ្រាម​កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​បញ្ជាក់​ជា​ថ្មី​ថា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅតែ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

បន្ទាប់ពី​កិច្ច​ប្រជុំ​នេះ លោក Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) ដែល​ជា​ក្រុម​ប្រទេស​ចតុភាគី​ដែល​មាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​ជា​សមាជិក នៅ​ពេល​ក្រោយ​នៅ​ក្នុង​ខែ​នេះ។

បញ្ហា​សំខាន់ៗ​ដែល​ត្រូវ​តាមដាន​មើល​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​ដូច​ខាង​ក្រោម៖

បញ្ហា​អ៊ុយក្រែន

លោក Biden ទំនងជា​ជំរុញ​បញ្ហា​អ៊ុយក្រែន​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​រួបរួម​គ្នា​មួយ​ផុត​ពី​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា​មាន​ការ​ឆ្លើយតប​ជា​ទូទៅ​មួយ​ចំពោះ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន ដែល​ការ​ឈ្លានពាន​នេះ​បាន​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី [រុស្ស៊ី] លោក [Vladimir] Putin និង​កងទ័ព​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​មួយ​ចំនួន​ផងដែរ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ឈ្លានពាន​នេះ»។

គេ​ឃើញ​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​អំពី​សង្គ្រាម​នេះ។ ប្រទេស​មីយ៉ាន់ម៉ា​បាន​គាំទ្រ​ដោយ​បើក​ចំហ​ចំពោះ​ប្រទេស​រុស្ស៊ី។ ចំណែក​ឯ​ប្រទេស​សិង្ហបុរី​វិញ​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៃ​សមាគម​អាស៊ាន​ដែល​ថ្កោលទោស​រដ្ឋាភិបាល​រុស្ស៊ី​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម។

ដោយសារតែ​សមាជិក​អាស៊ាន​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឡើង​ថ្លៃ​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​នេះ​លើ​តម្លៃ​ប្រេង​ឥន្ធនៈ ឧស្ម័ន ធញ្ញជាតិ និង​ជី អាស៊ាន​នឹង​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ការទូត​សម្រាប់​សង្គ្រាម​នេះ។

លោក Sarang Shidore ប្រធាន​ផ្នែក​សិក្សា​អប់រំ​នៃ​វិទ្យាស្ថាន Quincy Institute for Responsible Statecraft បាន​ព្រមាន​ថា នៅ​ក្នុង​តំបន់​មួយ​ដែល​រង​ការ​បង្ហូរ​ឈាម​ដោយសារ​សង្គ្រាម​ត្រជាក់ ជំនឿ​របស់​លោក Biden នៅ​ក្នុង​ការ​ផ្ដាច់​របប​ប្រជាធិបតេយ្យ​ចេញ​ពី​របប​អត្តាធិបតេយ្យ​នឹង​មិន​ទៅ​រួច​នោះ​ទេ។ រដ្ឋបាល​របស់​លោក Biden ត្រូវតែ​ប្រយ័ត្នប្រយែង​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​បង្ក​ឱ្យ​មាន​ទស្សនៈ​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​ក្នុង​តំបន់។

លោក Shidore បាន​ប្រាប់ VOA ថា៖ «បណ្ដា​ប្រទេស​អាស៊ាន​មិន​ចង់​បាន​ពិភពលោក​មួយ​ដែល​មាន​ប្លុក​ពីរ​នោះ​ឡើយ»។

បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ដែល​មាន​ឥទ្ធិពល​ធំៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ភាព​ជា​សត្រូវ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Aaron Connelly អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​អាស៊ី​អាគ្នេយ៍​និង​គោល​នយោបាយ​ការបរទេស​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ (International Institute for Strategic Studies)។

លោក Connelly បាន​ប្រាប់ VOA ថា៖ «ដោយសារតែ​រុស្ស៊ី​ត្រូវ​បាន​ផ្ដាច់​ចេញ​ដោយសារ​ទណ្ឌកម្ម​ឬ​ការ​ដាក់​សម្ពាធ​របស់​ក្រុម​បស្ចិម​ប្រទេស ការ​សម្រេច​ឱ្យ​បាន​នូវ​ទំនាក់ទំនង​មួយ​ក្នុង​ចំណោម​ទំនាក់ទំនង​ទាំង​នោះ​គឺ​ពិតជា​បញ្ហា​ប្រឈម​សម្រាប់​ពួកគេ [ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍] ដោយសារតែ​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ខំ​ឱ្យ​ពួកគេ​កាន់តែ​ប្រឡូក​ជាង​មុន​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​មិន​ចង់​ធ្វើ​នោះ​ឡើយ»។

ចំណុច​សំខាន់​ដែល​ត្រូវ​តាមដាន​មើល​គឺ​ថា​តើ​រដ្ឋាភិបាល​អាមេរិក​នឹង​ជំរុញ​បណ្ដា​មេដឹកនាំ​អាស៊ាន​ឱ្យ​កាត់​បន្ថយ​ការ​ទិញ​សព្វាវុធ​ពី​រដ្ឋាភិបាល​រុស្ស៊ី ឬ​ក៏​គំរាម​ពួកគេ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​បន្ទាប់បន្សំ​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​ឬ​ក៏​យ៉ាង​ណា​នោះ។

ទណ្ឌកម្ម​បន្ទាប់បន្សំ​នេះ ដែល​ដូច​ទៅ​នឹង​ទណ្ឌកម្ម​ដែល​បាន​ដាក់​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​កាលពី​ឆ្នាំ ២០១៨ ជាដើម គឺ​ដាក់​សម្ពាធ​លើ​ប្រទេស​ភាគី​ទី​បី​ដែល​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ឱ្យ​កាត់​បន្ថយ​ការ​ទិញ​របស់​ពួកគេ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ត្រូវ​កាត់​ផ្ដាច់​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ ប្រធានាធិបតី​ចិន​ លោក Xi Jinping គ្រវី​ដៃ​ស្វាគមន៍ ពេល​លោក​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​ពិសេស​អាស៊ាន​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​ចិន​ លោក Xi Jinping គ្រវី​ដៃ​ស្វាគមន៍ ពេល​លោក​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​ពិសេស​អាស៊ាន​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ទំនាក់ទំនង​ពាណិជ្ជកម្ម

កិច្ច​ប្រជុំ​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​នៃ​អ្វី​ដែល​អាស៊ាន​ចង់​បាន​ជា​ផ្នែក​មួយ​នៃ​គម្រោង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ (CSP) ដែល​បាន​ចរចា​តាំងពី​ខែ​តុលា​ឆ្នាំ​មុន​មក។ អាស៊ាន​មាន​កិច្ច​ព្រមព្រៀង​នេះ​រួច​ហើយ​ជាមួយ​នឹង​ប្រទេស​ចិន​និង​ប្រទេស​អូស្ត្រាលី។

អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ខ្វះ​យុទ្ធសាស្ត្រ​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ណា​មួយ​នោះ​ទេ។ ដោយសារតែ​គំនិត​បែប​គាំពារ​ផលិតផល​ក្នុង​ស្រុក​សម័យ​លោក​អតីត​ប្រធានាធិបតី Donald Trump នៅ​មាន​កម្រិត​ខ្លាំង​នៅ​ឡើយ ការ​បើក​លទ្ធភាព​ចូល​មក​កាន់​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ពលរដ្ឋ​អាមេរិកាំង​មើល​ឃើញ​ថា​ជា​ហានិភ័យ​ផ្នែក​នយោបាយ។

ស្រប​ពេល​នេះ​ដែរ តំបន់​អាស៊ី​អាគ្នេយ៍​មាន​ជម្រើស​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ដែល​អាច​ជ្រើសរើស​បាន។ អាស៊ាន​កំពុង​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​កាណាដា ហើយ​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទូលំទូលាយ​និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (CPTPP) និង​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP)។

សហរដ្ឋ​អាមេរិក​មិន​មែន​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង RCEP នេះ​ទេ។ កិច្ច​ព្រមព្រៀង RCEP នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រទេស​ចិន​ជា​សមាជិក​ផងដែរ។

រដ្ឋាភិបាល​ចិន​បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង CPTPP។ កិច្ច​ព្រមព្រៀង CPTPP នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama បាន​ជំរុញ​ឡើង ប៉ុន្តែ​ត្រូវ​បាន​លោក Trump ដក​សហរដ្ឋ​អាមេរិក​ចេញ​វិញ។

ដើម្បី​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​ការ​កសាង​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រដ្ឋបាល​របស់​លោក Biden កំពុង​បង្កើត​គ្រោងការណ៍​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក (IPEF) ដែល​នឹង​រួម​បញ្ចូល​ផ្នែក​ផ្សេងៗ​គ្នា​ផ្ដោត​លើ «ពាណិជ្ជកម្ម​ដែល​មាន​យុត្តិធម៌​និង​ភាព​ធន់ ភាព​ធន់​របស់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​កាត់​បន្ថយ​សារធាតុ​កាបូន និង​ពន្ធដារ​និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ»។ ប្រទេស​នីមួយៗ​អាច​ជ្រើសរើស​ផ្នែក​ណា​មួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍​បាន។

កន្លង​មក​គេ​មិន​សូវ​ឃើញ​មាន​ចំណាប់​អារម្មណ៍​ប៉ុន្មាន​ទេ​នៅ​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​គម្រោង IPEF នេះ ដែល​នេះ​គឺ​ជា​ការ​ប្រឈម​មួយ​សម្រាប់​រដ្ឋបាល​របស់​លោក Biden។

ជារួម ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន​គឺជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បី​នៅ​ក្នុង​ទ្វីប​អាស៊ី និង​ជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី ៧ នៅ​លើ​ពិភពលោក ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​អាស៊ាន​មាន​ចំនួន ២,៤ លាន​លាន​ដុល្លារ​អាមេរិក។

លោក Marc Mealy អនុ​ប្រធាន​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​នៃ​ក្រុមប្រឹក្សា​អាជីវកម្ម​អាមេរិក-អាស៊ាន (US-ASEAN Business Council) បាន​និយាយ​ថា៖ «បណ្ដា​ប្រទេស​អាស៊ាន​គឺ​មាន​សារៈសំខាន់។ ក្នុង​ចំណោម​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​កំពូលៗ​ពី ២០ ទៅ ៣០ របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក ប្រទេស​ចំនួន ៦ គឺ​ជា​សមាជិក​អាស៊ាន»។

សហរដ្ឋ​អាមេរិក​ក៏​ដើរ​ក្រោយ​ប្រទេស​ចិន​ផងដែរ​នៅ​ក្នុង​ផ្នែក​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ ការ​ចាប់ផ្ដើម​អនុវត្ត​នូវ​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ជំនួស​ឱ្យ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រទេស​ចិន ត្រូវ​បាន​ពន្យារពេល។

បញ្ហា​គំរាមកំហែង​របស់​ចិន

នៅ​ចំ​ពេល​ដែល​មាន​ការ​គំរាមកំហែង​បង្ក​ឡើង​ដោយ​ប្រទេស​ចិន បណ្ដា​ប្រទេស​អាស៊ាន​នឹង​ចង់​បាន​ការ​ធានា​ថា ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អង្គការ​អូតង់ (NATO) និង​ចំពោះ​ប្រទេស​អ៊ុយក្រែន​នឹង​មិន​ធ្វើ​ឡើង​ដោយ​ធ្វើ​ឱ្យ​កាត់​បន្ថយ​ដល់​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ។

សហរដ្ឋ​អាមេរិក​នឹង​ទំនងជា​ថ្កោលទោស​ឥរិយាបថ​របស់​ចិន ជាពិសេស​យោធា​នីយកម្ម​របស់​ចិន​នៅ​លើ​កោះ​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែ ទស្សនៈ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន​អំពី​ប្រទេស​ចិន​គឺ​ជា​បញ្ហា​ប្រឈម។

លោក Gregory Poling ប្រធាន​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​និយាយ​ថា៖ «សមាជិក [អាស៊ាន] មួយ​ចំនួន​ដូចជា​ប្រទេស​វៀតណាម​ជាដើម និង​ប្រទេស​ហ្វីលីពីន​ក្នុង​កម្រិត​មួយ​ចំនួន ពិតជា​ចង់​ឮ​ការ​ពិភាក្សា​គ្នា​ស្វិតស្វាញ​បន្ថែម​អំពី​ប្រទេស​ចិន។ រី​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ និង​ប្រទេស​សិង្ហបុរី​ក្នុង​កម្រិត​មួយ​ចំនួន ហើយនឹង​ប្រាកដ​ណាស់​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ថៃ គឺ​ចង់​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន និង​ទុក​ឱ្យ​ការ​ប្រកួត​ប្រជែង​នេះ​ស្ថិត​នៅ​ក្រៅ​សមាគម​អាស៊ាន​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​លក្ខណៈ​ជា​សាធារណៈ​ដែរ»។

លោក Poling បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវតែ​ឆ្លើយតប​ចំពោះ​សញ្ញា​នៃ​ការ​ទាមទារ​ទាំង​ពីរ​នេះ»។

សេចក្ដី​ថ្លែងការណ៍​ដែល​នឹង​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ​ទំនងជា​នឹង​មាន​បញ្ចូល​នូវ​ពាក្យពេចន៍​ដែល​ធ្លាប់​ប្រើ​ជា​ទូទៅ​ចំពោះ​បញ្ហា​កូរ៉េ​ខាង​ជើង​និង​ហានិភ័យ​នៃ​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​តាមដាន​ដិតដល់​នោះ​គឺ​អ្វី​ដែល​សេចក្ដី​ថ្លែងការណ៍​នៃ​កិច្ច​ប្រជុំ​នេះ​លើកឡើង​អំពី​បញ្ហា​អ៊ុយក្រែន​និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​រើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩

ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅ​ខែ​វិច្ឆិកា​ខាង​មុខ និង​ជា​ប្រទេស​សហ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​អំពី​ជំងឺ​កូវីដ១៩ ជា​សាកល​នៅ​សប្ដាហ៍​នេះ គ្រោង​នឹង​ជំរុញ​ឱ្យ​មាន​របៀបវារៈ​នៃ​ការ​រើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​ដែល​មាន​លក្ខណៈ​រស់រវើក​និង​ស្មើ​ភាព​ជាង​មុន ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​លទ្ធភាព​នៅ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​ផងដែរ។

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​បរិច្ចាគ​វ៉ាក់សាំង​ចំនួន ១៩០ លាន​ដូស​ទៅ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ​ក៏​គ្រោង​នឹង​ផ្អែក​លើ​ការ​វិនិយោគ​កាលពី​អតីតកាល​ផង​ដែរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ថវិកា​ចំនួន ៤០ លាន​ដុល្លារ​ដែល​បាន​ប្រកាស​កាលពី​ខែ​តុលា​ឆ្នាំ​មុន​នៅ​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការ​ស្រាវជ្រាវ​រួម​គ្នា​និង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​តាម​រយៈ​គម្រោង​អនាគត​សុខាភិបាល​អាមេរិក-អាស៊ាន (U.S.-ASEAN Health Futures) ផងដែរ។ គម្រោង​អនាគត​សុខាភិបាល​អាមេរិក-អាស៊ាន​នេះ​គឺ​ជា​គម្រោង​ផ្ដួចផ្ដើម​មួយ​ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​នៅ​ក្នុង​សម័យ​លោក Trump។

ការ​វិនិយោគ​សំខាន់​មួយ​ទៀត​កាលពី​អតីតកាល​នោះ​គឺ​ការិយាល័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​បើក​ដំណើរការ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ខែ​សីហា ឆ្នាំ​មុន។

ប៉ុន្តែ ដោយសារតែ​សំណើ​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​ស្នើ​សុំ​ថវិកា​សម្រាប់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​កំពុង​ជាប់​គាំង​នៅ​សភា សហរដ្ឋ​អាមេរិក​ប្រហែល​ជា​មិន​អាច​ផ្ដល់​នូវ​អ្វី​ដែល​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវការ​បាន​ទេ ដែល​នោះ​គឺ​ថវិកា​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩។

បញ្ហា​សិទ្ធិ​មនុស្ស

លើក​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​មក​ប្រជុំ​ដោយ​ផ្ទាល់​នៅ​សេតវិមាន​តាំង​ពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ ១៩៨៥ មក។

សកម្មជន​នានា​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​អញ្ជើញ​លោក ហ៊ុន សែន​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ប្រៀប​ដូចជា​លោក Biden ផ្ដល់​ភាព​ត្រឹមត្រូវ​ជា​អន្តរជាតិ​ដល់​លោក ហ៊ុន សែន ដូច្នេះ​ដែរ ដែល​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​កន្លង​មក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​អំពើ​ពុករលួយ ការ​កៀប​សង្កត់ និង​អំពើ​ហិង្សា។

លោក John Sifton ប្រធាន​ផ្នែក​តស៊ូ​មតិ​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់ VOA ថា៖ «ប្រសិនបើ​រដ្ឋបាល​របស់​លោក Biden រៀបចំ​កិច្ច​ប្រជុំ​នេះ ហើយ​មិន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ផ្នែក​សិទ្ធិ​មនុស្ស​ជា​សាធារណៈ​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន នោះ​វា​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ឥឡូវ​នេះ​គឺ​ភាគច្រើន​អាច​អត់ឱន​ឱ្យ​បាន​ក្នុង​នាម​នៃ​ការ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹង​ចិន»។

ប្រទេស​មីយ៉ាន់ម៉ា ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​យោធា គឺជា​បញ្ហា​មួយ​ទៀត។ បើ​ទោះបីជា​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing បាន​យល់ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​អាស៊ាន​នៅ​ក្នុង​ការ​បញ្ជូន​តែ​អ្នក​តំណាង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ក៏ដោយ ក៏​ភាគ​ច្រើន​លោក​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ឯកភាព ៥ ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​លោក​បញ្ឈប់​អំពើ​ហិង្សា​និង​ចូលរួម​នៅ​ក្នុង​ការ​ចរចា នៅ​ក្រោយ​ពេល​មាន​ភាព​ចលាចល​ដ៏​ប្រល័យ​កើតឡើង​នៅ​ក្រោយ​រដ្ឋប្រហារ។

កាលពី​ខែ​មុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​រិះគន់​យោធា​មីយ៉ាន់ម៉ា​ថា​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា (Rohingya)។

អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​បាន​អះអាង​ថា រដ្ឋបាល​របស់​លោក Biden នឹង​ជំរុញ​ឱ្យ​មាន​វិធានការ​តឹងតែង​ជាង​មុន​ប្រឆាំង​នឹង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​ការ​ជំរុញ​បែប​នេះ​ទំនងជា​មិន​បាន​លទ្ធផល​អ្វី​ទេ​ជាមួយ​នឹង​សមាជិក​អាស៊ាន។

បញ្ហា​ប្រែប្រួល​អាកាសធាតុ

អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា​មាន​ឱកាស​ដែល​មិន​ទាន់​ប្រើ ដែល​អាច​ផ្គូផ្គង​គោល​បំណង​របស់​រដ្ឋបាល​លោក Biden ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក​ជាមួយ​នឹង​ការ​ចង់​បាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​តំបន់​អាស៊ី​អាគ្នេយ៍​បាន។

គម្រោង​ផ្ដួចផ្ដើម​មួយ​ចំនួន​គ្រោង​នឹង​ត្រូវ​បាន​គេ​ពង្រីក។ ក្នុង​ចំណោម​នោះ​ក៏​មាន​គម្រោង​អនាគត​អាកាសធាតុ​អាមេរិក-អាស៊ាន (U.S.-ASEAN Climate Futures) ផង​ដែរ ដែល​ជា​កម្មវិធី​មួយ​ដែល​ជួយ​ពិភពលោក​ឱ្យ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ឡើង​កម្ដៅ​ផែនដី​មាន​កម្រិត​ត្រឹមតែ ១,៥ អង្សារ​សេ​តែ​ប៉ុណ្ណោះ។

បណ្ដា​មេដឹកនាំ​អាស៊ាន​គ្រោង​នឹង​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សភា​សហរដ្ឋ​អាមេរិក និង​ចូលរួម​នៅ​ក្នុង​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក Biden និង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹង​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​បន្ទាប់។

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​លើក​នេះ​គឺជា​កិច្ច​ប្រជុំ​លើក​ទី​ពីរ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ កិច្ច​ប្រជុំ​លើក​ទី​មួយ​បាន​ធ្វើ​ឡើង​ក្នុង​សម័យ​លោក Obama នៅ​ឯ​រមណីយដ្ឋាន Sunnylands ក្នុង​រដ្ឋ California។

មនុស្ស​ជា​ច្រើន​បាន​សរសើរ​កិច្ច​ប្រជុំ​កំពូល​កាលពី​ឆ្នាំ ២០១៦ នោះ​ថា​ជា​ការ​ចាប់ផ្ដើម​នូវ​យុគ​សម័យ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​ដ៏​រស់រវើក​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយសារតែ​មាន​ភាព​ចម្រុះ​ផ្សេងៗ​គ្នា​ទាំង​ផ្នែក​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG