ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​កម្ពុជា៖ លោក Biden គួរ​ផ្តល់​ពេលវេលា​ដល់​មេដឹកនាំ​អាស៊ាន​ដើម្បី​ពិភាក្សា​ទល់​មុខ​គ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​​តាម​អនឡាញ​ ពី​សេតវិមាន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ (REUTERS/Jonathan Ernst)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​​តាម​អនឡាញ​ ពី​សេតវិមាន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ (REUTERS/Jonathan Ernst)

លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី និង​ទីប្រឹក្សា​ជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ណា​មួយ​ត្រូវ​បាន​គ្រោង​ឡើង​រវាង​មេដឹកនាំ​តំបន់ អាស៊ី​អាគេ្នយ៍​និង​លោក Joe Biden នៅ​ឡើយ​ទេ នៅ​ពេល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស​ នឹង​ជួបប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​ ក្នុង​នាម​ជា​ប្លុក​ប្រទេស​មួយ​សម្រាប់​កិច្ចពិភាក្សា​នៅ​ថ្ងៃទី១២ និង​ទី១៣ ខែ​ឧសភា​នេះ។

ប្រទេស​កម្ពុជា​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ ហើយ​មេដឹកនាំ​រហូត​ដល់​ ៨ រូប ​រួម​ទាំង​លោក ហ៊ុន សែន ​ផង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ។ មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​ដក​ចេញ​ពី​កិច្ចប្រជុំ​នេះ​ ដោយសារ​តែ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំមុន ហើយ​មេដឹកនាំ​ហ្វីលីពីន​ កំពុង​ស្ថិត​ក្នុង​រយៈពេល​អន្តរកាល ​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត។

លោក កៅ គឹមហួន បាន​ប្រាប់​សារព័ត៌មាន Reuters នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា មេដឹកនាំ​អាស៊ាន «គួរ​តែ​ទទួល​បាន​ការ​គោរព និង​សមភាព» ហើយ​មាន​ឱកាស​ដើម្បី​ចំណាយ​ពេលវេលា​ «ដ៏​មាន​ប្រយោជន៍» ជាមួយ​នឹង​លោក​ Biden។

លោក​ គឹមហួន បាន​ថ្លែង​ក្នុង​សម្តី​ដើម​ដោយ​សំដៅ​ដល់​ជំហាន​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​កម្រិត​ចូលរួម​រវាង​រដ្ឋាភិបាលអាមេរិក​ និង​អាស៊ាន​ថា៖ «ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​មួយ និង​ជា​ប្រទេស​ម្ចាស់​ផ្ទះ សហរដ្ឋអាមេរិក​គួរ​តែ​មាន​ភាព​ទន់ភ្លន់​ចំពោះ​ភ្ញៀវ និង​មេដឹកនាំ​ដែល​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ពិសេស​នៅ​ពេល​ដែល​ [លោក Biden] នឹង​ជជែក​អំពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​សម្រាប់​ក្របខណ្ឌ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ស៊ី​ជម្រៅ​មួយ​នោះ។

លោក កៅ គឹមហួន បាន​ថ្លែង​បន្ថែម​ទៀត​ថា លោក​ជឿ​ថា វា​ជា​ការ​អនុវត្ត​ទូទៅ​សម្រាប់​ប្រធាន​អាស៊ាន​ នៅ​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ម្ចាស់​ផ្ទះ «មិន​ថា​ជា​ផ្លូវ​ការ ឬ​ក្រៅ​ផ្លូវ​ការ​នោះ​ទេ ដើម្បី​មាន​កិច្ចសន្ទនា​មួយ​ចំនួន»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រាប់​លោក​ កៅ គឹមហួន​ ថា មិន​ទាន់​មាន​កាលបរិច្ឆេទ​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​នោះ​ទេ ដោយសារ​តែ​កិច្ចប្រជុំ​នោះ​នឹង​មាន​រយៈពេល​យូរ​ ហើយ​លោក​ Biden មាន​កិច្ច​ការ​ជាប់​រវល់​ខ្លាំង»។

សេតវិមាន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​ស្នើសុំ​ការ​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ កៅ គឹមហួន​ នោះ​ទេ ប៉ុន្តែ​អ្នកស្រី Jen Pskai អ្នកនាំពាក្យ​នៃ​សេតវិមាន ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក Biden នឹង​រៀបចំ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​សេតវិមាន​ ជាមួយ​មេដឹកនាំ​អាស៊ាន​ ហើយ​នឹង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ផងដែរ។

អ្នកស្រី​ Jen Pskai បាន​ថ្លែង​ថា កិច្ចប្រជុំ​អាច​នឹង «ទទួល​ស្គាល់​ពី​តួនាទី​ស្នូល​របស់​អាស៊ាន​ នៅ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ប្រកប​ដោយ​ចិរភាព​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​តំបន់​ [អាស៊ី​អាគ្នេយ៍]នេះ និង​ដើម្បីសាទរ​ខួប ៤៥ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន»។

កិច្ចប្រជុំ​នេះ​នឹង​ក្លាយ​ជា​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន ​ដែល​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ ហ៊ុន សែន ទៅ​កាន់​សេតវិមាន។ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ១៩៨៥ ហើយ​បាន​រង​ការ​រិះគន់​ជាច្រើន​ពី​សហរដ្ឋអាមេរិក​ ចំពោះ​ការ​បង្ក្រាប​លើ​មតិ​ប្រឆាំង និង​ការ​ចាប់​ក្រុម​ប្រឆាំង​ដល់​ពន្ធនាគារ។

លោក កៅ គឹមហួន បាន​ថ្លែង​ថា កម្ពុជា​ដែល​មាន​ចំណង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​ចិន នឹង​មិន «ជ្រើស​យក​ភាគី​ណា​នោះ​ទេ» រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​ចិន ហើយ​ថា ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេសកម្ពុជា ​បាន​កើន​ឡើង។

លោក​បាន​ថ្លែង​ថា ដូច​គ្នា​ដែរ អាស៊ាន​ធ្វើ​ការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​ចិន ដោយ​ឈរ​លើ​គោលការណ៍​ «បរិយាបន្ន»។​

ក្រុម​អ្នក​វិភាគ និង​អ្នក​ការទូត​និយាយ​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក ប៉ុន្តែ​មាន​ការ​អន់​ចិត្ត​ ដោយសារ​តែ​មិន​ឃើញ​មាន​ផែនការ​លម្អិត​សម្រាប់​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​របស់​អាមេរិក បន្ទាប់​ពី​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​មួយ​ជាមួយ​អាស៊ាន។

លោក កៅ គឹមហួន បាន​ថ្លែង​ថា ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក​ (IPEF) របស់​លោកBiden នៅ​តែ «កំពុង​ដំណើរការ​ទៅមុខ» ហើយ​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន​យក​ចិត្ត​ទុកដាក់​ខ្លាំងលើ​បញ្ហា​ក្នុង​ប្រទេស​អាមេរិក​ផ្ទាល់ និង​វិបត្តិ​នៅ​អ៊ុយក្រែន។

លោក​បាន​ថ្លែង​អំពី​ក្របខណ្ឌ IPEF ថា៖ «យើង​មិន​ទាន់​ដឹង​ព័ត៌មាន​លម្អិត​ជាច្រើន។ យើង​ដឹង​ថា សហរដ្ឋអាមេរិក​មាន​អាទិភាព​ប្រជែង​ជាច្រើន​ នៅ​ក្នុង​របៀបវារៈ​សាកលលោក​របស់​ខ្លួន»។

លោក​ កៅ គឹមហួន​ ក៏​បាន​ថ្លែង​បញ្ជាក់​ថា សមុទ្រ​ចិន​ខាង​ត្បូង​ ទី​ដែល​សមាជិក​អាស៊ាន​មាន​ការ​ទាមទារ​ប្រជែង​គ្នា​ជាមួយ​នឹង​ចិន ច្បាស់​ណាស់​ស្ថិត​នៅ​ក្នុង​របៀបវារៈ​របស់​លោក Biden រួម​ទាំង​បញ្ហា​បរិស្ថាន​ផង​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ាន។

លោកBiden ទំនង​ជា​នឹង​ដាក់​សម្ពាធ​ដល់​អាស៊ាន​ ឱ្យ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​លោក​ ដើម្បី​ដាក់​រុស្ស៊ី​ឱ្យ​នៅ​ឯកា​ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​អ៊ុយក្រែន។

លោក កៅ គឹមហួន បាន​ថ្លែង​ថា សមាជិក​អាស៊ាន​នីមួយៗ​មាន​ជំហរ​ផ្សេងៗ​គ្នា​លើ​បញ្ហា​ជម្លោះ​នេះ ហើយ​ថា ជំហរ​អាស៊ាន​ជា​រួម​ត្រូវ «ឈរ​លើ​គោលការណ៍​កុងសង់ស៊ីស»៕

XS
SM
MD
LG