ពលរដ្ឋអ៊ុយក្រែន២នាក់ត្រូវបានសម្លាប់ ហើយ៩នាក់ផ្សេងទៀតបានរងរបួស ថ្វីបើមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានបញ្ជាជាឯកតោភាគីឱ្យកងទ័ពរបស់លោកបញ្ឈប់ការវាយប្រហារនៅថ្ងៃបុណ្យគ្រិស្តម៉ាស Orthodox ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងកៀវកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ដោយសារ«ការឈ្លានពានប្រដាប់អាវុធរបស់រុស្ស៊ី» មនុស្សម្នាក់បានត្រូវគេសម្លាប់ ហើយ៨នាក់ទៀតបានរងរបួសនៅក្នុងតំបន់ Donetsk ខាងកើតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
លោក Tymoshenko បាននិយាយទៀតថា មនុស្សលើសពីម្នាក់បានត្រូវគេសម្លាប់នៅក្នុងតំបន់ Kharkiv ភាគឦសាន្ត ហើយនឹងម្នាក់ទៀតបានរងរបួសនៅក្នុងតំបន់ Kherson នៅក្នុងពេលជាមួយគ្នានោះ។
ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ថ្វីបើមានការឈប់បាញ់គ្នាដែលត្រូវបានប្រកាសដោយពួកឈ្លានពានរុស្ស៊ីក៏ដោយ ក៏ក្នុងរយៈពេលជាងមួយថ្ងៃកន្លងមកនេះ ពួកសត្រូវបានបាញ់កាំជ្រួចមីស៊ីលចំនួន៩គ្រាប់ និងការវាយប្រហារតាមអាកាស៣ដង ហើយបានវាយប្រហារចំនួន៤០លើកដោយគ្រាប់រ៉ុក្កែតមកពីគ្រប់ទិសទី»។
ក្រសួងការពារជាតិអ៊ុយក្រែនក៏បានបញ្ជាក់ទៀតថា «ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបានរងការវាយប្រហារ»។
លោក Putin បានបញ្ជាឱ្យមានការឈប់បាញ់គ្នារយៈពេល៣៦ម៉ោងដើម្បីអនុញ្ញាតឱ្យពួកអ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox ប្រារព្ធបុណ្យគ្រឹស្តសាសនាដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមករា នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ បទឈប់បាញ់គ្នាត្រូវបានបញ្ចប់កាលពីម៉ោង១១យប់នៅក្នុងទីក្រុងកៀវកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
រដ្ឋាភិបាលក្រុងកៀវនិងពួកអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្ថិតនៅលើសមរភូមិបាននិយាយថា មានសញ្ញាតិចតួចនៃការប្រយុទ្ធគ្នាបានចុះថមថយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក Pavlo Kyrylenko ប្រធានរដ្ឋបាលតំបន់ Donetsk បាននិយាយថា «បន្ទាប់ពីពាក់កណ្តាលអាធ្រាត ពួកសត្រូវបានបាញ់គ្រាប់រ៉ុក្កែតចំនួន៧គ្រាប់ទៅលើតំបន់ Kramatorsk និងទីក្រុង២ផ្សេងទៀតនៅក្នុងតំបន់ Kostyantynivka»។
អ៊ុយក្រែនបានច្រានចោលបទឈប់គ្នានោះ ដោយនិយាថា វាជាកលល្បិចរបស់រុស្ស៊ីដើម្បីចំណេញពេលវេលាក្នុងការប្រមូលកម្លាំងរបស់ខ្លួនឡើងវិញ និងបង្កើនវិស័យការពារជាតិរបស់ខ្លួន បន្ទាប់ពីចាញ់នៅក្នុងសមរភូមិជាបន្តបន្ទាប់មក៕
រដ្ឋាភិបាលអ៊ុយក្រែនថា មនុស្ស២នាក់ត្រូវបានសម្លាប់ បើទោះបីមានបទឈប់បាញ់គ្នារបស់រុស្ស៊ីក៏ដោយ
ទីក្រុងកៀវ —