ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃពុធនេះថា ការប្រើប្រាស់ទូរសព្ទយ៉ាងច្រើនរបស់ទាហានរុស្ស៊ីបាននាំឱ្យមានការវាយប្រហារនៅថ្ងៃចូលឆ្នាំថ្មីដ៏សាហាវរបស់ប្រទេសអ៊ុយក្រែនលើបន្ទាយយោធានៅក្នុងទីក្រុងដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូនៅភាគខាងកើតអ៊ុយក្រែន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាច្បាស់ហើយថាហេតុផលចម្បងចំពោះអ្វីដែលបានកើតឡើងគឺការបើក និងការប្រើប្រាស់ដ៏ធំ ដែលផ្ទុយទៅនឹងការហាមឃាត់ សម្រាប់ទាហាននៅក្នុងតំបន់ដែលអាវុធសត្រូវអាចបាញ់ដល់»។
ក្រសួងបានបន្ថែមថា៖ «កត្តានេះបានអនុញ្ញាតឱ្យសត្រូវតាមដាន និងកំណត់ទីតាំងរបស់ទាហានសម្រាប់ការវាយប្រហារដោយមីស៊ីល»។
អ៊ុយក្រែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅ ទីក្រុង Makiivka កាលពីថ្ងៃចន្ទ។ កងកម្លាំងរុស្ស៊ីគ្រប់គ្រងទីក្រុងនេះ ហើយបានប្រែក្លាយសាលារៀនទៅជាកន្លែងដាក់យោធា។
ឧត្តមសេនីយ៍ទោរុស្ស៊ី លោក Sergei Sevryukov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដែលចេញផ្សាយដោយក្រសួងកាលពីព្រឹកថ្ងៃពុធថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩ នាក់ ពីចំនួន ៦៣ នាក់ដែលបានប្រកាសកាលពីថ្ងៃចន្ទ។ លោកបាននិយាយថាសាកសពជាច្រើនទៀតត្រូវបានរកឃើញនៅក្រោមគំនរបាក់បែកនៃអគារ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFPបានរាយការណ៍។
លោកថ្លែងថា៖ «គណៈកម្មការមួយកំពុងធ្វើការស៊ើបអង្កេតពីកាលៈទេសៈដែលបានកើតឡើង»។
អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីបានរាយការណ៍ថា ទាហាននៅក្នុងបន្ទាយនៅទីក្រុង Makiivka ភាគច្រើនជាទាហានទើបបានកេណ្ឌថ្មី។ នេះបើយោងតាម AFP។
ពួកគេបានបន្ថែមថា ទាហានបានឈរជើងនៅក្នុងអគារដែលមិនមានការការពារ ដែលត្រូវបានបំផ្លាញ ដោយសារតែគ្រាប់រំសេវដែលរក្សាទុកក្នុងបរិវេណនោះបានផ្ទុះនៅក្នុងការវាយប្រហារនោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press ទីភ្នាក់ងារព័ត៌មាន Agence France-Presse and ទីភ្នាក់ងារព័ត៌មាន Reuters។