ទំនោរថ្មីមួយបានកើតឡើងនៅក្នុងចំណោមបញ្ញវន្តកម្ពុជា។ នោះគឺការធ្វើការងារសប្បុរសធម៌ក្នុងវិស័យអប់រំដើម្បីផ្តល់ឱកាសឲ្យកុមារតូចៗនៅតាមជនបទ អាចទទួលបានការអប់រំ និងការអភិវឌ្ឍខ្លួន។
បញ្ញវន្តកម្ពុជាមួយចំនួនតូច បច្ចុប្បន្ននេះ បានចាប់ផ្តើមត្រឡប់ទៅភូមិកំណើតរបស់ពួកគេដើម្បីសង់សាលារៀនជូនកុមារតូចៗក្នុងភូមិ។ រីឯមួយចំនួនទៀត ក៏បានធ្វើការឧបត្ថម្ភកង់ដល់កុមារក្រីក្រនៅតាមតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមានមធ្យោបាយធ្វើដំណើរទៅសាលារៀនផងដែរ។
លោក ទូច យិនមុនី គឺសាស្ត្រាចារ្យមួយរូបនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ទូច យិនមុនី និងក្រុមរបស់លោក ដែលក្នុងនោះមានទាំងកម្មករ និងទាំងជនពិការផងនោះ បានផ្តួចផ្តើមគម្រោងសាងសង់សាលារៀនខ្នាតតូចឈ្មោះថា«ត្បូងដំរី»នៅឯស្រុកបាទី ខេត្តតាកែវ។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា លោកបានត្រឡប់ទៅភូមិកំណើតដើម្បីសាងសង់សាលារៀនថ្នាក់មតេ្តយ្យសម្រាប់កុមារតូចៗនៅក្នុងភូមិរបស់លោក ដោយរំពឹងថាកុមារទាំងនោះនឹងអាចទទួលបានឱកាសអភិវឌ្ឍខ្លួនឯង និងគ្រួសាររបស់ពួកគេ ដូចលោកដែរ។
«វិនិយោគទុនដែលសំខាន់ ដែលអភិវឌ្ឍគ្រួសារយើង ខ្លួនយើង សង្គមជាតិ គ្មានអ្វីក្រៅពីការសិក្សាទេ។ ខ្ញុំមិនជឿថាយើងឲ្យលុយគេមួយដុំ ហើយគេនឹងអាចក្លាយជាអ្នកល្អប្រសើរនោះទេ។ ចឹងហើយការសិក្សា វាត្រូវតែជាអាទិភាព»។
សាលាមតេ្តយ្យ«ត្បូងដំរី» បច្ចុប្បន្ននេះ មានសិស្សចំនួន៣២រូប និងបានចំណាយទឹកប្រាក់អស់ប្រមាណ២ពាន់ដុល្លារសហរដ្ឋអាមេរិកចំពោះការសាងសង់លើកដំបូង។ សាលារៀនខ្នាតតូចនេះ បានប្រើប្រាស់កម្មវិធីសិក្សាសាលារដ្ឋយកមកបង្រៀន និងបានជួលគ្រូបង្រៀនម្នាក់ក្នុងតម្លៃ៣០ម៉ឺនរៀលក្នុងមួយខែ។
លោក មុនី ឲ្យដឹងថា គំនិតនៃការបង្កើតសាលាមត្តេយ្យដោយខ្លួនឯងនេះ គឺជាគំនិតថ្មីមួយដែលលោកចង់ធ្វើជូនសហគមន៍លោក។ ហើយថ្នាក់មតេ្តយ្យនេះទៀតសោត គឺជាការជួយឲ្យកុមារតូច បានត្រៀមខ្លួន មុនពេលពួកគេចូលរៀនថ្នាក់បឋមសិក្សាសាលារដ្ឋនោះ។
«សម្រាប់ពួកយើង សាលាមតេ្តយ្យសិក្សាមិនអាចអត់បានទេ ព្រោះថ្នាក់ទី១ធំណាស់។ ចឹងមុនអាយុ៦ឆ្នាំ គាត់ត្រូវរៀនផ្ស៊ាំខ្លួនទៅនឹងសាលារដ្ឋសិន ផ្ស៊ាំខ្លួនទៅនឹងបរិយាកាសអប់រំសិន។ ហើយវាធ្វើឲ្យក្មេងមានភាពស្វាហាប់ អង់អាចក្លាហាន»។
សម្រាប់លោក ទូច យិនមុនី ចង់ឃើញកុមារក្នុងភូមិលោកជំនាន់ក្រោយ ទទួលបានការអភិវឌ្ឍឲ្យបានកាន់តែប្រសើរជាងជំនាន់លោក។
«ក្មេងៗទាំងនោះដែលឆ្លងកាត់សាលានេះ ខ្ញុំចង់ឃើញថា ក្មេងនោះមានអ្វីពិសេសជាងជំនាន់ខ្ញុំ មិនមែនខ្ញុំទេ ពួកម៉ាកខ្ញុំដែលជួបការលំបាក សិក្សាបានតិចតួច គាត់គួរតែមានផ្លូវដើរមួយប្រសើរជាងហ្នឹង ដើម្បីអភិវឌ្ឍសង្គមគាត់»។
លោក មុនី រំពឹងថាយុវជនជំនាន់ក្រោយគួរតែយកចិត្តទុកដាក់ចំពោះក្មេងៗក្នុងភូមិរបស់ពួកគេ ដោយត្រឡប់ទៅភូមិកំណើត ហើយធ្វើអ្វីដែលអាចជួយអភិវឌ្ឍសហគមន៍របស់ពួកគេ ជាពិសេសគឺការផ្តល់ឱកាសអប់រំ និងអភិវឌ្ឍខ្លួនដល់កុមារ។
ទន្ទឹមនឹងគ្នានេះដែរ លោក ឆាយ សុផល ជាអ្នកសារព័តមានជើងចាស់មួយរូបដែលជារឿយៗលោកតែងធ្វើការរៃអង្គាសប្រាក់ ដើម្បីទិញកង់ឧបត្ថម្ភដល់ក្មេងៗនៅតាមតំបន់ដាច់ស្រយាល។ លោកសង្កេតឃើញថា នៅក្នុងតំបន់ខ្លះ កុមារតូចៗត្រូវធ្វើដំណើរប្រមាណ៥ ទៅ១០គីឡូម៉ែត្រដើម្បីទៅសាលារៀន ដែលនេះគឺជាការលំបាកសម្រាប់ពួកគេ។
ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោក ឆាយ សុផល បានផ្តល់កង់ចំនួន១០០គ្រឿង ទៅដល់កុមារក្រីក្រចំនួន១០០នាក់ មកពីខេត្តចំនួន៤គឺ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធ៍សាត់។ លោករំពឹងថា ការឧបត្ថម្ភកង់នេះ អាចរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារមួយចំនួន នៅតាមទីជនបទ។
លោក ឆាយ សុផល ឲ្យដឹងថា លោកផ្ទាល់បានជួបកុមារម្នាក់ដែលត្រូវធ្វើដំណើរចម្ងាយ១០គីឡូម៉ែត្រទៅអនុវិទ្យាល័យ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សានៅក្នុងភូមិខ្លួន។ ដោយសារតែជីវភាពខ្វះខាតផង និងគ្មានមធ្យោបាយធ្វើដំណើរទៅសាលាថ្មីផង ឪពុករបស់ក្មេងនោះស្ទើរតែឲ្យកូនខ្លួនបោះបង់ការសិក្សាទៅហើយ។
«ធ្វើឲ្យខ្ញុំរន្ធត់ចិត្តមែនទែន គាត់ដើរបណ្តើរ គាត់យំបណ្តើរ ហើយគាត់សុំឪពុកគាត់កង់មួយ ហើយឳពុកគាត់ថាអត់មានលុយឱ្យ ហើយថាបើពិបាកពេកឲ្យឈប់រៀន ប៉ុន្តែគាត់ចង់ទៅរៀន។ ពេលខ្លះគាត់សុំជិះកង់ដោយសារគេ ។ ដូច្នេះនៅពេលខ្ញុំឲ្យកង់គាត់មួយ គាត់បាននិយាយថាក្នុងមួយជីវិតគាត់ស្រម៉ៃចង់បានកង់មួយគ្រឿង ហើយប្តេជ្ញាថាគាត់នឹងខិតខំរៀនសូត្រឲ្យចប់ យ៉ាងហោចណាស់ថ្នាក់បាក់ឌុបដែរ»។
ក៏ដូចគ្នានឹងលោក ទូច យិនមុនី ដែរ លោក ឆាយ សុផល សង្ឃឹមថា បន្ទាប់ពីកុមារទាំងនោះទទួលបានការអប់រំហើយ ពួកគេអាចនឹងត្រឡប់មកជួយសហគមន៍របស់ពួកគេវិញនាពេលអនាគត។
«រឿងសំខាន់គឺ ខ្ញុំចង់ឲ្យគាត់ខិតខំសិក្សារៀនសូត្រ យកចំណេះដឹងរបស់គាត់បម្រើក្នុងសង្គម ហើយនៅពេលដែលគាត់មានជីវភាពធូរធារ គាត់ត្រូវនឹកឃើញដល់អ្នកក្រីក្រ ដូច្នេះត្រូវចេះជួយចែករំលែកគ្នាដើម្បីឲ្យសង្គមមានការរីកចម្រើន »។
ក្រៅអំពីការសាងសង់សាលាខ្នាតតូចនៅក្នុងភូមិកំណើត និងការចែកកង់ដល់កុមារតាមទីជនបទដាច់ស្រយាល គេក៏ឃើញមានយុវជនមួយចំនួនទៀតបានសាងសង់បណ្ណាល័យនៅតាមសាលារៀន និងឧបត្ថម្ភសម្ភារៈសិក្សានានាទៅដល់កុមារតាមជនបទផងដែរ៕