ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​មិន​ជួប​វិបត្តិ​​មនុស្ស​វ័យ​ចំណាស់​​ព្រោះ​អត្រា​មនុស្ស​ចាស់​លើស​៦៥​ឆ្នាំ​មាន​តិច​


អ្នក​ចូល​រួម​ដែល​ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​ចូលរួម​ក្នុង​ការ​បើក​ពិធី​ពិព័រណ៍​ជំនាញ​សិក្សា​និង​ការងារ​ នៅ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជា ថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៥។
អ្នក​ចូល​រួម​ដែល​ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​ចូលរួម​ក្នុង​ការ​បើក​ពិធី​ពិព័រណ៍​ជំនាញ​សិក្សា​និង​ការងារ​ នៅ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជា ថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ប្រទេស​កម្ពុជា​មិន​ទាន់​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ ដោយ​ការ​ឈាន​ចូល​វ័យ​ចំណាស់​របស់​ពលរដ្ឋ​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ទៅ​មុខ​ទៀត​​នោះ​ទេ​ បើ​ធៀប​ទៅ​​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី។

ប្រទេស​កម្ពុជា​នឹង​មិន​ជួប​វិបតិ្ត​នៃ​កំណើន​មនុស្ស​វ័យ​ចំណាស់​ទេ​ក្នុង​រយៈ​ពេល​២០​ឬ​៣០​ឆ្នាំ​ខាង​មុខ​នេះ ពីព្រោះ​មាន​តែ​៤%​ប៉ុណ្ណោះ​នៃ​ប្រជាជនប្រទេស​ក្រីក្រ​នេះ ​មាន​សុខភាព​ល្អ​គួរ​សម អាច​រស់​បានអាយុ​លើស​ពី​៦៥​ឆ្នាំ។​ ប៉ុន្តែ​អ្នក​សេដ្ឋវិទូ​ថ្លែង​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​សាធារណៈ​ ដូច​ជា​ប្រព័ន្ធ​សោធននិវត្តន៍​ ដែល​នៅ​មិនទាន់​ដំណើរការ​បាន​ល្អ។​

សេដ្ឋវិទូ​នៃ​ធនាគារ​ពិភព​លោក​ថ្លែង​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ ដោយ​ការ​ឈាន​ចូល​វ័យ​ចំណាស់​របស់​ពលរដ្ឋ​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ទៅ​មុខ​ទៀតនោះ​ទេ​ បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ​តែ​ប្រទេស​ក្រីក្រ​នេះ​ត្រូវ​ត្រៀម​ផែនការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ប្រជាជនវ័យ​ចំណាស់​ទៅ​ថ្ងៃ​ខាង​មុខ។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​កើត​មាន​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ ដែល​មាន​ចំណង​ជើង​ថា​ «រស់​នៅ​បាន​អាយុ​វែង​ និង​បាន​ថ្កុំ​ថ្កើង៖​ ការ​ឈាន​ចូល​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិក‍»។ ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ និង​ផ្សាយ​ផ្ទាល់​មក​កាន់ការិយាល័យធនាគារ​ពិភពលោក​នៅរាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

លោក​ Philp O'Keefe​ ប្រធាន​ក្រុម​អ្នក​និពន្ធ​របាយ​ការណ៍នេះ​ ​ថ្លែង​ថា​ កម្ពុជា​ត្រូវ​ផ្តោត​ទៅ​លើ​ការ​កែ​សម្រួល​គោល​នយោបាយ​សាធារណៈ​មួយ​ចំនួនដែល​មិនទាន់​ដំណើរ​ការ​បាន​ល្អ​ ដូច​ជា​គោល​នយោ​បាយ​ប្រាក់​សោធន​និវត្តន៍​ ឬ​ប្រាក់​ចូល​និវត្តន៍។​ ​ ​លោក​ថា​ កម្ពុជា​ត្រូវ​រក​លទ្ធ​ភាព​នៃ​ការធ្វើ​ឲ្យ​គោល​នយោបាយ​នេះ​ដំណើរការទៅ​មុខ​បាន ​ហើយ​ថា​ រដ្ឋាភិបាល​ក៏​ត្រូវ​ផ្តល់​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​វ័យ​ក្មេង​ប្រកប​ដោយ​គុណភាព ​យ៉ាង​ហោច​ណាស់​ត្រឹម​កម្រិត​អនុ​វិទ្យាល័យ ដើម្បី​រក្សា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ពេល​២០​ឆ្នាំ​ខាង​មុខ​ទៀត។​

«អ្នក​ពិត​ជាត្រូវ​បង្កើន​ការ​អប់រំភ្លាមៗ​ ​ពី​ពេល​ឥឡូវ​នេះ​ទៅ ​បើសិន​ជាអ្នក​អាច​ធ្វើ​បាន​ ពីព្រោះ​នៅ​មុន​ពេល​ដែល​អ្នក​បាន​ឈាន​ទៅ​ដល់​សង្គម​មួយ​ដែល​ជា​សង្គម​មាន​មនុស្ស​ចាស់​ច្រើន​ និង​ប្រសិន​បើ​មនុស្ស​វ័យក្មេង​ជា​មធ្យម​មិន​ទាន់​ទទួល​បាន ​យ៉ាង​ហោច​ណាស់ការ​អប់រំ​កម្រិត​អនុ​វិទ្យា​ល័យ​ អ្នក​មិន​អាច​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ពេល​អ្នក​ឈាន​ដល់​ពេលនោះ​ឡើយ»។​

លោក​បាន​ពន្យល់​បន្ថែម​ថា​ កម្ពុជា​គួរ​គិត​គូ​ទៅ​ដល់​គោល​នយោបាយ​មួយ​ចំនួន​ដែល​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នៅ​ក្នុង​ទីផ្សារ​ការងារ​ និង​វិស័យ​ផ្សេង​ទៀត​ សម្រាប់​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ប្រជា​ជន​ដែល​នឹង​ចម្រើន​វ័យ​ ហើយ​អាច​មានជីវភាពធូរធា ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍ថា ​កម្ពុជា​អាច​បំបាត់ឧបសគ្គ​នានា​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​ទី​ផ្សារ​ពលកម្ម​ឲ្យ​កាន់​តែ​ច្រើន​ឡើង។​

«ឧទាហរណ៍​ ​ដូចជា​ការបំបាត់ឧបសគ្គ​ទាំង​ឡាយ ដើម្បី​ឲ្យ​មានការ​ចូលរួម​របស់​ស្រ្តី​នៅក្នុង កម្លាំងពលកម្ម​ ដោយ​មិន​មាន​គោល​នយោបាយ​កំណត់អាយុបង្ខំ​ឲ្យ​ពួក​គេចូល​និវត្តន៍ទេ​ នៅ​ពេល​ដែល​ពួក​គេ​មិន​ចង់​ចូល​និវត្តន៍»។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​ ដែល​និយាយ​អំពី​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «រស់​នៅ​បាន​អាយុវែង​ និង​បាន​ថ្កុំ​ថ្កើង»​នេះ​ បាន​សរសេរ​ថា​ ល្បឿន​នៃ​ភាព​ឈាន​ចូល​វ័យ​ចំណាស់​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។​

ប្រទេស​អ្នក​មាន ​ដូចជា​ ជប៉ុន​ សិង្ហបុរី​ និង​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ «មនុស្ស​ចាស់​ច្រើន​ជាង​គេ» ​នោះ​ គឺ​មាន​ប្រជាជន​១៤%​ ឬ​ច្រើន​ជាង​នេះ បាន​ឈាន​ចូល​ដល់​អាយុ​តិច​ជាង​៦៥​ឆ្នាំ​រួច​ទៅ​ហើយ។​ នៅ​ក្នុង​ប្រទេស​ដែល​ប្រជាជនប្រជាជនវ័យ​ក្មេង​ច្រើន​ជាង​គេ​ និង​ក្រីក្រ​ជាង​គេ​ ដូច​ជា​កម្ពុជា​ ឡាវ ​និង​ប៉ាពូញូហ្គីនី​ មាន​តែ​ប្រជាជន​៤%​ប៉ុណ្ណោះ មាន​អាយុ​ចាស់​ជាង​៦៥​ឆ្នាំ​ ក៏​ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​ទាំង​នេះ​នឹង​ចាប់​ផ្តើម​ឈាន​ចូល​វ័យ​ចំណាស់​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ខាង​មុខ។​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ដូច​ជា​ ចិន​ ថៃ​ និង​វៀតណាម​ កំពុង​ឈាន​ចូល​វ័យ​ចំណាស់​យ៉ាង​លឿន​ និង​ជួប​នូវ​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​បំផុត​មួយ​ចំនួន​ក្នុង​ការ​គ្រប់​គ្រងមនុស្សឈាន​ចូល​វ័យ​ចំណាស់។​

របាយ​ការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ថា​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ បាន​ចាត់​វិធាន​ការ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ផែនការ​ប្រាក់​សោធន​និវត្តន៍​បច្ចុប្បន្ន​របស់​ខ្លួន​ រួម​ទាំង​ការ​ពិចារណា​ក្នុង​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​បន្តិច​ម្តងៗ។​ សម្រាប់​ប្រទេស​នានា​ ដែល​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន​ ​ របាយ​ការណ៍​នេះ​បាន​ផ្តល់​ជា​យោបល់​ថា​ រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ពិចារណា​លើ​ការ​ឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់​រហ័ស​ក្នុង​ពេល​អនាគត​ និង​បង្កើត​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍ដែល​មាន​ចីរភាព។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ប្រាប់ VOA ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​ការ​កែទម្រង់​លើ​ប្រព័ន្ធ​សោធន​និវត្តន៍​ ដោយ​ផ្អែក​លើ​គោល​ការណ៍​សមធម៌។​

«យើង​មាន​ពង្រឹង​ថែម​ទៀត​ ដូច​ជា​ការប្រាក់​សោធន​និវត្តន៍។​ មិន​មែន​យើង​បោះ​បង់​ចោល​គាត់​ទេ​ គឺ​យើង​ដំឡើង ក៏​ប៉ុន្តែ​ឲ្យ​មាន​អ្វី​ទៅ​ ​ឲ្យ​មាន​សមធម៌​ជាមួយ​អ្នក​សកម្ម​នេះ​ឯង។​ ជំនាន់​នេះ​ យើង​យល់​ឃើញ​ថា​ វា​អាច​ទទួល​បាន​ផល​តិច​តួច​អំពី​អ្វី​ទៅ​ដែល​ថា​ ផែន​ការ​សុវត្ថិ​ភាព​ នៅ​ក្នុង​សង្គម​របស់​យើង​នោះ​ ផ្នែក​សុខភាព​ក៏​ដូច​ជា​ផ្នែក​សោធន​និវត្តន៍។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ ប្រហែល​១០​ទៅ​២០​ឆ្នាំ​ទៀត​ យើង​បាន​ល្អ​ យុវជន​នោះ​ក្លាយ​ទៅ​ជា​អ្វី​ទៅ​ដែល​គេ​ហៅ​ថា​ សកម្ម​នៅ​ក្នុង​ចលនា​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី»។​

លទ្ធផល​នៃ​ការ​ស្ទង់​មតិ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ខុមហ្រ្វែល​កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ​ បាន​រក​ឃើញ​ថា​ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៦,៦%​មិន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ទេ​ ​ហើយ​មាន​តែ​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៤,៤%​តែ​ប៉ុណ្ណោះ​ដែល​បាន​និយាយ​ថា ​បាន​ពេញ​ចិត្ត​ខ្លះ​ និង​មិន​ពេញ​ចិត្ត​ខ្លះ។​ រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ពេញ​លេញ​នូវ​ការ​បំពេញ​ និង​ការ​អនុវត្ត​គោល​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​១៦​នៃ​គោល​នយោបាល​ដែល​មាន​សូចនាករ​ច្បាស់​លាស់។​ ​ គោល​នយោបាយ​ដែល​អនុវត្ត​បាន​ពេញ​លេញ​នោះ​គឺ​កំណើន​សេដ្ឋកិច្ច​៧%​ក្នុង​មួយ​ឆ្នាំ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​អត្រា​១%​ក្នុង​មួយ​ឆ្នាំ​ ការ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម។​

គោល​នយោបាយ​ចំនួន​៣ ​គឺ​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ ការ​រក្សា​ផ្ទៃ​ដី​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ និងការ​ដាក់​ឲ្យ​ដំណើរ​ការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯក​ជន​នោះ​ រដ្ឋា​ភិ​បាលអនុវត្ត​មិន​បាន​សម្រេច​តាម​ការ​សន្យា​របស់​ខ្លួន​នោះទេ។​

លោក​ Sudhir Shetty ​ប្រធាន​សេដ្ឋកិច្ច​វិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ថ្លែង​ថា​ ភាគ​ច្រើន​នៃ​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និងប៉ាស៊ីហ្វិក​នឹង​ត្រូវ​ចម្រើន​វ័យកាន់​តែចាស់ ​នៅ​មុន​ពេល​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ បើ​មើល​ទៅ​លើ​ប្រព័ន្ធ​ប្រាក់​ចូលនិវត្ត៍​ និង​ការ​ចំណាយ​ទៅ​លើការ​ថែទាំ​សុខភាព។​ ​ លោក​បញ្ជាក់​ថា ​នេះ​ជា​ក្តី​បារម្ភ​មួយ​របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ។

«កី្ត​បារម្ភ​ច្បាស់​មួយ​នៅ​ក្នុង​រឿងនេះ​គឺ​ថា​ ភាគ​ច្រើន​នៃ​ប្រជាជន​រស់​នៅប្រទេស​កំពុង​អភិវឌ្ឍន៍ក្នុង​តំបន់​នេះ​នឹង​កាន់​តែមាន​វ័យ​ចាស់​ទៅៗ​ នៅ​មុន​ពេល​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​ ​ ឬ​ក៏​អាច​និយាយ​ម្យ៉ាង​ទៀត​ ដូច​ជា​អ្នក​សេដ្ឋកិច្ច​ចូល​ចិត្ត​ហៅ​នោះ​គឺ​ថា​ ប្រទេស​ទាំង​នោះនឹង​មាន​កម្រិត​ប្រជាជន​ចាស់​ជរា​ដែល​ត្រូវការ​ការ​ពឹង​ផ្អែក​ខ្ពស់​ជាងប្រជាជន​ចាស់​ជរា​នៅ​ក្នុងប្រទេស​អ្នក​មាន​សព្វថ្ងៃ​នេះ»។​

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ដដែល​នេះ​សរ​សេរ​ថា​ ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ និង​ប្រទេស​អ្នក​មាន​អាច​នឹង​បាត់​បង់​មនុស្ស​ចំនួន​១៥%ដែល​មាន​អាយុ​អាច​ធ្វើ​ការ​បាន ​នៅ​ត្រឹម​ឆ្នាំ​២០៤០។​ របាយ​ការណ៍​នេះ​រក​ឃើញ​ថា​ ៣៦​%​នៃ​ប្រជាជន​នៅ​លើ​ពិភព​លោក​ ដែល​មាន​អាយុ​៦៥​ឆ្នាំ​ និង​លើស​នេះ​ ឬ​ប្រជាជន​ចំនួន​២១១​លាន​នាក់​ កំពុង​រស់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ គឺ​ជា​ចំនួន​មួយ​ច្រើន​ជាង​គេ​បំផុត​ធៀប​ទៅក្នុង​តំបន់​ទាំង​អស់។​ នៅ​ត្រឹម​ឆ្នាំ​ ២០៤០​ កំណើន​មនុស្សឈាន​ចូល​វ័យ​ចំណាស់ អាច​នឹងធ្វើ​ឲ្យ​ចំនួន​មនុស្ស​ពេញ​វ័យ​ដែល​អាច​ធ្វើ​ការ​បាន​ ​ថយចុះ​ច្រើន​ជាង​១៥%នៅ​ក្នុង​ប្រទេស​កូរ៉េ​ និង​ច្រើន​ជាង​១០%​នៅ​ក្នុង​ប្រទេស​ចិន​ ថៃ​ និង​ជប៉ុន។​ ពលករ​ចំនួន​៩០​លាន​នាក់​អាចនឹង​បាត់​បង់​បើ​គិត​តែ​ប្រទេស​ចិន​មួយ៕

XS
SM
MD
LG