គ្រូបង្រៀន និងប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តតាកែវកំពុងទាមទារឲ្យដក នាយកវិទ្យាល័យសុខ អានក្តីទន្ទឹម ដោយពួកគេបានចោទប្រកាន់ថា នាយកសាលារូបនេះគ្មានតម្លាភាពក្នុងការប្រើប្រាស់ថវិកា និងទន់ខ្សោយក្នុងការគ្រប់គ្រងសាលាដែលកំពុងរងការខូចខាត។ នេះបើយោងទៅលើញត្តិរបស់គ្រូបង្រៀនចុះថ្ងៃទី១០វិច្ឆិកា និងញត្តិរបស់ប្រជាពលរដ្ឋខ្មែរចុះថ្ងៃទី១៤ខែវិច្ឆិកា ដែល VOA ទទួលបានថ្មីៗនេះ។
គ្រូបង្រៀនបានថ្លែងនៅក្នុងញត្តិដាក់ជូនគណៈគ្រប់គ្រងវិទ្យាល័យសុខអានក្តីទន្ទឹមនោះថា ពួកគេមិនព្រមបង្រៀនបន្ថែមម៉ោង ដោយពួកគេគ្មានទឹកចិត្តបង្រៀន និងធ្វើការជាមួយលោក ឡុង អិត នាយកវិទ្យាល័យសុខអានក្តីទន្ទឹមតទៅទៀតទេ ដោយសារនាយកសាលារូបនេះពុំមានផែនការច្បាស់លាស់នៅក្នុងការគ្រប់គ្រងការចំណាយនៅក្នុងដំណើរការរបស់សាលារៀនពីមួយឆ្នាំទៅមួយឆ្នាំ។
រីឯគណៈកម្មការទ្រទ្រង់សាលា និងប្រជាពលរដ្ឋដែលបានដាក់ញ្ញតិ្តជូនលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចោទប្រកាន់ថា ការដឹកនាំរបស់នាយកសាលារូបនេះកន្លងមក ធ្វើឲ្យសាលារៀនគ្មានការអភិវឌ្ឍ។ ពួកគេថ្លែងថា អគារសិក្សាបានបែកបាក់ ដំបូលធ្លុះធ្លាយមិនបានជួសជុល តុកៅអីក្នុងអគារសិក្សាមួយខ្នងប្រាំបន្ទប់ បានបាត់បង់អស់ និងទ្វារបង្អួចបាក់បែក ធ្លុះធ្លាយដោយមិនបានជួលជុល។
ពួកគេសង្កត់ធ្ងន់ថា៖
«ការដឹកនាំរបស់លោកឡុង អិតកន្លងមកតែងតែបង្កទំនាស់ ខ្វះសាមគ្គីភាព ជាមួយសហគមន៍ និងបុគ្គលិក ពិសេសប្រកាន់បក្ខពួក។ នៅក្នុងបន្ទប់រៀន នីមួយៗ ចំនួនសិស្សមានច្រើនលើសលប់ដែលធ្វើឲ្យមានការលំបាកដល់កូនចៅយើងខ្ញុំទាំងអស់គ្នាក្នុងការរៀនសូត្រ ដោយសិស្សក្នុងមួយថ្នាក់ៗមានចំនួនចាប់ពី៥០ទៅ៦០នាក់»។
នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ទំនោរនៃការទាមទារឲ្យដកតំណែងមន្ត្រីបម្រើការងារឲ្យរដ្ឋាភិបាលត្រូវគេមើលឃើញថា មានការកើនឡើងជាបន្តបន្ទាប់។ មន្ត្រីដែលត្រូវបានស្នើឲ្យដកចេញពីតំណែងនោះរមែងរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ និងបង្កើតបក្ខពួកនិយមនៅក្នុងស្ថាប័នការងាររបស់ខ្លួន។
លោកឡុង អិត នាយកវិទ្យាល័យសុខអានក្តីទន្ទឹម ដែលបានគ្រប់គ្រងសាលាតាំងពីឆ្នាំ២០១០មក និងកំពុងរងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ និងបង្កើតឲ្យមានបក្ខពួកនិយមនោះ បានច្រានចោលការចោទប្រកាន់ទាំងអស់នោះ។ លោកនិយាយប្រាប់ VOA ថា រូបលោកត្រូវបានគេប្តឹងម្តងរួចមកហើយកាលពីដើមឆ្នាំ២០១៥ តែក្រោយការចុះស៊ើបអង្កេតរបស់មន្ត្រីនៃក្រសួងអប់រំ លោកបានបន្តតួនាទីរបស់លោកតទៅទៀត។ លោកថា ក្រសួងអប់រំនឹងធ្វើការសម្រេចលើការប្តឹងផ្តល់លើកនេះ ហើយថាលោកនឹងទទួលយកការសម្រេចរបស់ក្រសួង។
«អានេះវាអាស្រ័យលើការស៊ើបអង្កេតរបស់ក្រសួង បើសិនណាជាក្រសួងរកឃើញថា ខ្ញុំធ្វើខុសធ្ងន់ធ្ងរដែលមិនអាចអនុគ្រោះបាន អាហ្នឹងការសម្រេចរបស់ក្រសួងយ៉ាងណា ខ្ញុំទទួលយ៉ាង គឺខ្ញុំទទួលតាមការសម្រេចរបស់ក្រសួង»។
លោកបានហៅក្រុមអ្នកគ្រូ និងលោកគ្រូដែលប្តឹងរូបលោកនោះថា ជាមានគំនិតអគតិ ដោយមិនបានយកការជជែកគ្នាមកដោះស្រាយបញ្ហា តែបែរជាជ្រើសយកការប្តឹងផ្តល់ទៅវិញ។
«ពួកគាត់បើនិយាយឲ្យខ្លី ពួកគាត់អគតិចំពោះខ្ញុំហ្មង។ គាត់អត់គិតថា ការដឹកនាំគ្រប់គ្រងវាខុសប៉ុណ្ណាៗទេ។ គាត់អត់គិតនិយាយរឿងកំហុសទេ គាត់និយាយរឿងដេញ ដកៗ ដកចេញៗ អញ្ចឹងហ្មង»។
លោក ឆែ សុគន្ធ ដែលបានបង្រៀននៅវិទ្យាល័យ សុខ អាន ក្តីទន្ទឹមអស់រយៈពេល២៤ឆ្នាំមកហើយនោះ បានការពារបណ្តឹងរបស់ក្រុមគ្រូបង្រៀន និងច្រានចោលការលើកឡើងរបស់លោកនាយកឡុង អិត។ លោកនិយាយថា៖
«បើនិយាយទៅចាប់តាំងពីគាត់ធ្វើនាយកមក សមិទ្ធិផលនៅក្នុងសាលាគ្មានទេ ហើយលុយកាក់ក្នុងមួយឆ្នាំៗវា២០លានជាង អញ្ចឹងអត់ធ្វើអីទាំងអស់។ បើយើងគិតជាក់ស្តែង គិតជាក់ស្តែងត្រឹមតែឆ្នាំ២០១៥ ដែលពួកខ្ញុំប្តឹង ពួកខ្ញុំកាក់លុយ។ លុយជួសជុលបានដល់ទៅបីអគារហើយ ឥឡូវនៅសល់លុយ៦ទៅ៧លានរៀលទៀត។ អាហ្នឹងលុយដែលត្រូវនៅសល់។ អាហ្នឹងដំណើរការរៀនសូត្រ ដំណើរការជាធម្មតាហើយ»។
លោកថ្លែងបន្តថា៖
«ហ្នឹងហើយ រាល់ឆ្នាំមក ជួសជុល ក៏គាត់មិនជួសជុល។ អាលុយសល់ហ្នឹង ក៏អត់ដែលមាន។ គ្រាន់តែចូលវិស្សមកាលថ្មីហ្នឹង គាត់ជំពាក់គេ២លានហើយ អីទៀតហើយ លុយក្នុងមួយឆ្នាំៗ ហើយអញ្ចឹង ខ្ញុំគិតថា បើសិនជាអគតិ គំនិតបុគ្គល វាមិនអាចមានគ្រូដល់ទៅ៣០ផ្លាយនាក់សុខចិត្តផ្តិតមេដៃប្តឹងគាត់ទេ សុំដកគាត់ទេ»។
VOA ព្យាយាមទាក់ទងលោក ឡាច វណ្ណៈ អភិបាលខេត្តតាកែវ ដើម្បីសុំការអធិប្បាយអំពីលទ្ធភាពនៃការដកលោកឡុង អិតពីតួនាទីនាយកសាលាសុខអានក្តីទន្ទឹម តែនៅមិនអាចទាក់ទងបានកាលពីថ្ងៃអាទិត្យ។ VOA ព្យាយាមសុំការអធិប្បាយពីលោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំផងដែរ តែនៅមិនអាចទាក់ទងបាន។
ការប្តឹងផ្តល់ទាមទារដកនាយកសាលារូបនេះគឺធ្វើឡើងស្របពេលដែលក្រសួងអប់រំកំពុងបន្តធ្វើការកែទម្រង់វិស័យអប់រំដែលក្រុមអង្គការសង្គមស៊ីវិលនិយាយថា មានការប្រព្រឹត្តអំពើពុករលួយ និងការផ្តល់សេវាអប់រំនៅមានលក្ខណៈទន់ខ្សោយ ដោយសារប្រាក់ខែរបស់គ្រួបង្រៀននៅមានកម្រិតទាប។ រដ្ឋាភិបាលកម្ពុជាបានបន្តដំឡើងខ្ទង់ចំណាយលើវិស័យនេះ ដោយនៅឆ្នាំ២០១៦ខាងមុខ រដ្ឋាភិបាលគ្រោងចំណាយ៥០០លានដុល្លារអាមេរិកនៅក្នុងវិស័យ។ ក្រុមអង្គការសង្គមស៊ីវិលគាំទ្រគម្រោងចាយវាយលើវិស័យអប់រំនេះ តែពួកគេបារម្ភថា អំពើពុករលួយនឹងអាចកើនមានផងដែរ៕