ការឲ្យក្មេងដែលត្រូវការបំប៉នបំនិនអានរបស់ខ្លួនបន្ថែម ទៅបង្រៀនក្មេងដទៃទៀតដែលខ្សោយបំនិនអានដូចគ្នាដែរ ស្តាប់ទៅហាក់ដូចជារូបមន្តឆ្ពោះទៅរកភាពចុះខ្សោយនៃវិស័យអប់រំអញ្ចឹង។ ក៏ប៉ុន្តែ នេះគឺជាអ្វីដែលកម្មវិធីអក្ខរកម្មមួយធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសហរដ្ឋអាមេរិក។ កម្មវិធីនេះត្រូវបានគេអនុវត្តហើយបានបង្ហាញថា វាគឺជារូបមន្តឆ្ពោះទៅរកភាពជោគជ័យទៅវិញ។ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ដែលរួមទាំងលទ្ធផលនៃការសិក្សារបស់សិស្សផងដែរ។
មិនខុសពីយុវជនជាច្រើនដទៃទៀតទេ Rico McCard ក្នុងវ័យ១៧ឆ្នាំមានការងារជាច្រើនដែលត្រូវធ្វើ បន្ទាប់ពីមកពីសាលារៀនវិញ។ ប៉ុន្តែ Rico ខុសពីមិត្តរួមថ្នាក់ភាគច្រើនរបស់គេ ដោយសារ Rico មានការងារក្រៅម៉ោងមួយ ជាគ្រូបង្រៀនអាននិងសរសេររបស់សិស្សថ្នាក់ទី២ និងទី៣ នៅសាលាបឋមសិក្សាមួយដែលនៅក្បែរផ្ទះ។
Rico គឺជាសិស្សវិទ្យាល័យម្នាក់ក្នុងចំណោមសិស្សចំនួនប្រមាណ៧២នាក់ ដែលបានចូលរួមក្នុងកម្មវិធីអក្ខរកម្មមួយ ដែលបង្កើតឡើងដោយអង្គការ Reach Incorporated ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃ ហើយមានគោលដៅជួយបណ្តុះបណ្ដាលកុមារឲ្យចេះអានប្រកបដោយទំនុកចិត្ត និងក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាព។ ចាប់តាំងពីកម្មវិធីនេះបានចាប់ដំណើរការនៅក្នុងឆ្នាំ២០១០មក មានសិស្សកម្រិតបឋមសិក្សា និងវិទ្យាល័យជាង៥០០នាក់ បានចូលរួមនៅក្នុងកម្មវិធីនេះ។
លោកស្រី Lori Pitts ដែលជាអ្នកសម្របសម្រួលផ្នែកគំនិតច្នៃប្រឌិត និងកម្មវិធីសិក្សានៃអង្គការ Reach Incorporated មានប្រសាសន៍ថា យុវជនដែលត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូបង្រៀននោះ ជាធម្មតាពួកគេក៏រៀនខ្សោយនៅសាលាដែរ។
«យើងជឿថា ការផ្តល់នូវការទទួលខុសត្រូវពិតប្រាកដដល់យុវជន នឹងធ្វើឲ្យពួកគេបង្កើតការផ្លាស់ប្តូរនៅក្នុងសហគមន៍នោះ ហើយវាក៏នឹងធ្វើឲ្យការសិក្សារបស់ពួកគេមានភាពល្អប្រសើរជាងមុនដែរ ដោយសារតែឥឡូវនេះពួកគេត្រូវបានគេទុកចិត្ត ហើយត្រូវបានគេប្រគល់កិច្ចការដ៏ធំមួយនេះឲ្យ។ ដូច្នេះកម្មវិធីនេះគឺជាការឲ្យយុវជន បង្កើតការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ និងជួយពួកគេឲ្យអភិវឌ្ឍខ្លួនឯងបាន»។
យើងអាចមើលឃើញលទ្ធផលជាក់ស្តែង និងវិជ្ជមានចេញពីយុវជនទាំងអស់នេះ។
«យើងមានការធ្វើតេស្តដើម្បីពិនិត្យមើលកម្រិតសមត្ថភាពនៃការអានរបស់ពួកគេនៅពេលដើមឆ្នាំសិក្សាម្តង នៅពាក់កណ្តាលឆ្នាំសិក្សាម្តង និងនៅចុងឆ្នាំសិក្សាម្តងទៀត។ កម្រិតសមត្ថភាពរបស់គ្រូបង្រៀនទាំងអស់នេះ ភាគច្រើនកើនបាន២កម្រិតក្នុងមួយឆ្នាំ»។
«ខ្ញុំធ្លាប់រៀនខ្សោយលើមុខវិជ្ជាយ៉ាងហោចណាស់ក៏៤មុខដែរ»។
ឥឡូវនេះ ពិន្ទុរបស់ Rico មានភាពល្អប្រសើរជាងមុន ហើយមានទំនុកចិត្តជាងមុន។
«ខ្ញុំមានអារម្មណ៍អៀនខ្មាសនៅថ្ងៃទីមួយដែលខ្ញុំចាប់ផ្តើមការងារនៅអង្គការ Reach នេះ។ ខ្ញុំមិនបាននិយាយច្រើនទេ។ ខ្ញុំមិនបាននិយាយច្រើនអស់រយៈពេល២សប្តាហ៍។ ខ្ញុំហាក់ដូចជាដាច់ឆ្ងាយពីគេឯង ហើយគ្រប់គ្នាសម្លឹងមើលមកខ្ញុំ ហើយខ្ញុំគ្រាន់តែលើកដៃឡើងប៉ុណ្ណោះ។ រាល់ពេលដែលលោកគ្រូសួរខ្ញុំ ខ្ញុំតែងតែអៀន ហើយគេចពីសំណួររបស់គាត់រហូត»។
គ្រូបង្រៀននៅអង្គការ Reach បណ្តុះបណ្តាលយុវជនឲ្យចេះបង្រៀន។ ពួកគេក៏វាយតម្លៃលើការបង្រៀនរបស់យុវជនទាំងអស់នោះដែរ។ Rico និយាយថា វគ្គបណ្តុះបណ្ដាលនេះបានជួយគាត់ឲ្យយល់ដឹងពីវិធីសាស្រ្តបង្រៀនដែលទាក់ទាញសិស្សកុមារឲ្យចូលរួមក្នុងសកម្មភាពនានាក្នុងថា្នក់។
«យើងត្រូវមានទំនុកចិត្ត ត្រូវមានភាពរីករាយ ត្រូវបង្ហាញពីភាពម៉ឺងម៉ាត់ និងភាពស្វាហាប់ក្នុងការបង្រៀន ព្រោះយើងបានដឹងហើយថា សិស្សថ្នាក់ទី២ និងទី៣រពិសណាស់។ ពួកគេនឹងរត់ពេញក្នុងថ្នាក់។ ដូច្នេះយើងត្រូវចេះពីវិធីសាស្ត្រក្នុងការបង្រៀនពួកគេ។ យើងត្រូវអង្គុយចុះ និងនិយាយជាមួយពួកគេ ពីព្រោះថា សិស្សថ្នាក់ទី២ និងទី៣ ភាគច្រើនមិនសូវមានរឿងល្អកើតឡើងចំពោះពួកគេទេ។ ពួកគេមិនចង់ធ្វើកិច្ចការសាលានោះទេ ហើយក៏មិនចង់ឲ្យគេរំខានដែរ។ អ្វីដែលខ្ញុំបានធ្វើ គឺសម្រាកពីការបង្រៀនមួយនាទី ដើម្បីប្រាប់ពួកគេពីអ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះ។ ខ្ញុំនឹងលេងល្បែងកម្សាន្តតូចមួយជាមួយពួកគេ ដើម្បីធ្វើឲ្យពួកគេភ្លេចនូវរឿងមិនសប្បាយចិត្តដែលបានកើតឡើងក្នុងថ្ងៃនេះ»។
លោកស្រី Lori Pitts ពន្យល់ថា ល្បែងកម្សាន្តគឺពិតជាផ្នែកសំខាន់មួយនៃកម្មវិធីបង្រៀននេះ។
«ល្បែងកម្សាន្តទាំងនោះអាចជាការរត់ជុំវិញជារង្វង់ ការបន្ធូរអារម្មណ៍ និងការឲ្យពួកគេស្គាល់គ្នាទៅវិញទៅមក។ ខ្ញុំចូលចិត្តឲ្យពួកគេចូលរួមក្នុងសកម្មភាពក្នុងថ្នាក់ ប៉ុន្តែមិនចង់ឲ្យពួកគេសរសេរនៅតែលើក្រដាសរហូតនោះទេ។ មានសកម្មភាពក្នុងថ្នាក់មួយ ដែលខ្ញុំតម្រូវឲ្យពួកគេចាប់ដៃគូជាមួយគ្នាដើម្បីនិយាយជាមួយមិត្តភក្តិម្នាក់ទៀត ឬឲ្យពួកគេអនុវត្តនូវអ្វីដែលបានរៀនតាមរយៈការល្បែងកម្សាន្តនៅក្នុងថ្នាក់»។
កម្មវិធីនេះកំពុងតែធ្វើឲ្យមានការផ្លាស់ប្ដូរសម្រាប់សិស្សរបស់អ្នកគ្រូ Judith Miller នៅសាលាបឋមសិក្សា Payne។
«កូនសិស្សទាំងនោះមានឱកាសមើលឃើញនូវអ្វីដែលសិស្សវិទ្យាល័យធ្វើ និងរបៀបដែលសិស្សវិទ្យាល័យធ្វើការទំនាក់ទំនងជាមួយពួកគេ។ នៅពេលដែលយុវជនទាំងនោះបង្រៀនកូនសិស្ស ដំណើរការបង្រៀនប្រព្រឹត្តទៅមិនខុសគ្នានោះទេ ប៉ុន្តែវាធ្វើឲ្យមានភាពសប្បាយរីករាយ។ យុវជនទាំងនោះមិនចំជាគ្រូបង្រៀនដូចជាគ្រូប្រចាំថ្នាក់របស់ពួកគេនោះទេ។ ដូច្នេះសិស្សទាំងនោះរៀនជាមួយនឹងគ្រូ២នាក់ ដែលមានវិធីសាស្រ្តខុសគ្នា»។
យុវជនទាំងនោះទទួលបានប្រាក់កម្រៃពីការងាររបស់ពួកគេ ប៉ុន្តែ Rico ដែលបានចូលរួមក្នុងកម្មវិធីនេះអស់រយៈពេល៤ឆ្នាំមកហើយនោះបាននិយាយថា ខ្លួនមិនមែនបង្រៀនដើម្បីតែប្រាក់នោះទេ
«ខ្ញុំបង្រៀនដើម្បីជួយក្មេងៗទាំងអស់នេះ។ និយាយដោយស្មោះត្រង់ ខ្ញុំមកទីនេះជារៀងរាល់ថ្ងៃ ដើម្បីបង្រៀនពួកគេ ដើម្បីឲ្យប្រាកដថាពួកគេសប្បាយរីករាយ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមធ្វើទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន»។
កម្មវិធីនេះជាភស្តុតាងដ៏ល្អបំផុតមួយដែលបញ្ជាក់ថាអង្គការ Reach កំពុងធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់យុវជន និងកុមារ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ