ស្ត្រីខ្មែរជួបនឹងកត្តាប្រឈមជាច្រើន ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ដែលក្នុងនោះអាចរួមមានអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាលើផ្លូវភេទ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ស្ត្រីខ្មែរនៅតែខំប្រឹងប្រែងដើម្បីទទួលបានការអប់រំកម្រិតឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈផ្សេងៗ។
ស្ត្រីមានចំនួនជាង៥០ភាគរយនៅក្នុងចំនួនប្រជាជនសរុបរបស់កម្ពុជា ហើយពួកគេយល់ថា ក្នុងនាមជាប្រជាជនជំនាន់ក្រោយ ពួកគេគឺជាចលករដើម្បីអភិវឌ្ឍសង្គម។ ស្ត្រីមួយចំនួនដែលទទួលបានការអប់រំកម្រិតឧត្តមសិក្សាបានប្រាប់ VOA ថា ពួកគេចង់ឃើញស្ត្រីជាច្រើននាក់ទៀតទទួលបានការអប់រំកាន់តែខ្ពស់ ដូចពួកគេដែរ។
កញ្ញា សាន់ សុជាតា គឺជាស្ត្រីខ្មែរម្នាក់ដែលខិតខំប្រឹងប្រែងសិក្សាថ្នាក់បណ្ឌិតផ្នែកសុវត្ថិភាពផ្លូវគោក នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland University of Technology នៅប្រទេសអូស្ត្រាលី ដើម្បីត្រឡប់មកជួយធ្វើឲ្យមានការផ្លាស់ប្តូរល្អក្នុងសង្គម។
នៅក្នុងបទសម្ភាន៍ជាមួយនឹង VOA កញ្ញា សុជាតា បានឲ្យដឹងថា៖ «កាលណាចំនួនស្ត្រី និងបុរសទទួលបានការអប់រំស្របគ្នា នោះវាហាក់បីដូចជាភាពជឿនលឿន និងការអភិវឌ្ឍន៍ជាតិដើរទៅមុខមួយជាពីរអញ្ចឹង»។
ដោយសារកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ស្ត្រីជាច្រើនមានឱកាសទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងនោះរួមមាន កញ្ញា ជា ផល្លា ដែលបានខិតខំប្រឹងប្រែងរហូតដល់ទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យ Oxford University នៅចក្រភពអង់គ្លេស ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។
កញ្ញា ផល្លា បានប្រាប់ VOA ថា ទាំងស្ត្រី និងបុរសអាចមានក្តីស្រមៃខ្ពស់ក្នុងការបន្តការសិក្សាឲ្យបានវែងឆ្ងាយ ដើម្បីជួយកសាងសង្គមកម្ពុជាក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
«ការអប់រំមានសារៈសំខាន់ទាំងស្រីទាំងប្រុស និងប្រទេសកម្ពុជាយើង ដោយសារតែប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម ដែលបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់ ជាពិសេសអ្នកដែលមានចំណេះដឹង។»
សំខាន់ជាងនេះ កញ្ញា ផល្លា យល់ថា កាលណាមានស្ត្រីបន្តការសិក្សាខ្ពស់កាន់តែច្រើន វាអាចជាគំរូដល់ស្ត្រីដទៃទៀតឲ្យជំនះរាល់ឧបសគ្គដើម្បីការសិក្សា។
«ការដែលខ្ញុំទទួលបានការអប់រំថ្នាក់អនុបណ្ឌិតនៅបរទេសនេះក៏អាចជាគំរូដល់ស្ត្រីផ្សេងទៀតឲ្យគាត់បន្តការសិក្សានៅបរទេសដូចខ្ញុំ»។
ក៏ប៉ុន្តែ ខណៈដែលស្ត្រីខ្មែរមួយចំនួនកំពុងស្វែងរកឱកាសធ្វើឲ្យអនាគតរបស់ពួកគេភ្លឺស្វាង ស្ត្រីជាច្រើនកំពុងប្រឈមនឹងឧបសគ្គ ដែលអាចរារាំងមិនឲ្យពួកគេឈោងចាប់យកឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈផ្សេងៗ។ ឧបសគ្គទាំងនោះមានដូចជា ភាពក្រីក្រ អំពើហិង្សា ការជួញដូរមនុស្ស ការមិនទទួលបានសេវាថែទាំសុខភាព និងទំនៀមទម្លាប់ប្រពៃណី ដែលអាចជាឧបសគ្គនៃការសិក្សា និងជោគជ័យក្នុងជីវិតរបស់ស្រ្តី។
ការផ្លាស់ប្តូររចនាសម្ព័ន្ធស្ថាប័ន និងផ្នត់គំនិតសង្គមដើរតួនាទីសំខាន់ណាស់ ដើម្បីត្រួសត្រាយផ្លូវដល់ស្ត្រី ជាពិសេសគឺស្ត្រីដែលរស់នៅតាមតំបន់ជនបទ។ ហើយស្ត្រីដែលទទួលបានជោគជ័យក្នុងការសិក្សា ដូចជា កញ្ញា ហ៊ួរ ថានី បេក្ខជនបណ្ឌិតផ្នែកការអភិវឌ្ឍអន្តរជាតិនៅសាកលវិទ្យាល័យ Michigan State Universityយល់ថា ការផ្លាស់ប្តូរនេះអាចចាប់ផ្តើមឡើងពីការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ។
នាង បាននិយាយថា៖«នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន យើងឃើញថា ម្នាក់ៗឲ្យតម្លៃលើការអប់រំ និងការទទួលបានចំណេះដឹង មានន័យថា សង្គមរបស់យើងបានបើកចំហរ ហើយបានផ្តល់ឱកាសមនុស្សស្រីគ្រប់ៗគ្នា។ ហើយនេះគឺជាចំណុចមួយដ៏គួរឲ្យកោតសរសើរពីសង្គមយើង»។
តាមរយៈការអប់រំ និងជំនាញវិជ្ជាជីវៈ ស្ត្រីមិនត្រឹមតែអាចចូលរួមយ៉ាងសកម្មដើម្បីកសាងសហគមន៍តែប៉ុណ្ណោះទេ តែថែមទាំងអប់រំ និងថែទាំងកូនរបស់ពួកគេ។ កញ្ញា ប៉ែន រ៉ានី ដែលជាបេក្ខជនបណ្ឌិតផ្នែកមនុស្សសាស្ត្រនៅសាកលវិទ្យាល័យ Sydney យល់ថា ការណ៍នេះជួយធានាថា មនុស្សជំនាន់ក្រោយរបស់កម្ពុជាធំដឹងក្តីឡើងក្នុងស្ថានភាពល្អប្រសើរ ដែលដើរតួនាទីសំខាន់ដល់ការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
«កាលណាស្ត្រីទទួលបានការអប់រំខ្ពស់ នោះគាត់អាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ។ ហើយមួយវិញទៀត ស្ត្រីភាគច្រើនគាត់ចំណាយពេលមើលថែកូន និងយកចិត្តទុកដាក់លើការសិក្សារបស់កូន។ ដូច្នេះស្ត្រីជាម្តាយគាត់មានចំណេះដឹងកាន់តែខ្ពស់ គាត់នឹងអាចជួយជ្រោមជ្រែង និងបង្រៀនកូនគាត់បានដែរ»។
ស្ត្រីខ្មែរទាំងអស់នេះបានប្រាប់ VOA ថា ពួកគេនឹងវិលត្រឡប់ទៅចូលរួមកសាងសង្គមកម្ពុជា ដោយអ្នកខ្លះប្រាថ្នាប្រឡូកក្នុងវិស័យសាធារណៈដើម្បីកសាងសមត្ថភាព និងការចូលរួមក្នុងវិស័យកសិកម្មរបស់ស្ត្រី ក៏ដូចជាចូលរួមក្នុងដំណើរកំណែទម្រង់ការអប់រំ និងការតាក់តែងគោលនយោបាយជាដើម៕