បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) និងក្រុមប្រទេស G-20 បានជួបប្រជុំគ្នាបន្ទាន់មួយនៅព្រឹកថ្ងៃពុធនេះនៅក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី ដើម្បីពិភាក្សាអំពីការផ្ទុះដែលបានកើតឡើងនៅភាគខាងកើតប្រទេសប៉ូឡូញ ដែលរដ្ឋាភិបាលប៉ូឡូញថាបានបង្កឡើងដោយមីស៊ីលមួយគ្រាប់ដែលផលិតនៅប្រទេសរុស្ស៊ី។ ករណីនេះអាចបណ្ដាលឱ្យមានការរីករាលដាលកាន់តែខ្លាំងនៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបបន្ទាន់នោះថា៖ «យើងបានឯកភាពគ្នានៅក្នុងការគាំទ្រការស៊ើបអង្កេតរបស់ប្រទេសប៉ូឡូញលើហេតុការណ៍ផ្ទុះនៅក្នុងតំបន់ជនបទនៃប្រទេសនេះក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ហើយខ្ញុំនឹងធានាថា យើងនឹងរកឃើញឱ្យបានច្បាស់អំពីអ្វីដែលបានកើតឡើង»។
នៅក្នុងជំនួបបន្ទាន់នោះ លោក Biden បានកោះហៅមេដឹកនាំនៃប្រទេសកាណាដា គណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស បន្ទាប់ពីមានហេតុការណ៍ផ្ទុះនេះកើតឡើង។
លោក Biden បាននិយាយថា នៅពេលនេះ មីស៊ីលនេះទំនងជាមិនមែនបាញ់ចេញមកពីប្រទេសរុស្ស៊ីនោះទេ ដោយលោកបានបន្ថែមថា៖ «មានព័ត៌មានដំបូងៗដែលផ្ទុយពីនេះ។ ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ រហូតទាល់តែដល់ពេលដែលយើងបានបញ្ចប់ការស៊ើបអង្កេតរួចរាល់ទាំងស្រុង»។
ការរកឃើញដំបូងៗបានបង្ហាញថា មីស៊ីលដែលបាញ់ចំប្រទេសប៉ូឡូញនេះត្រូវបានបាញ់ដោយកងទ័ពអ៊ុយក្រែនដែលបាញ់សំដៅកម្ទេចមីស៊ីលដែលបាញ់ចូលមករបស់រុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងលើមន្ត្រីសហរដ្ឋអាមេរិក។
អ្នកតំណាងរដ្ឋាភិបាលរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polvansky បាននិយាយថា ការផ្ទុះនេះត្រូវបានរៀបចំឡើងដើម្បីបង្កឱ្យមានសង្គ្រាមផ្ទុះឡើងរវាងប្រទេសរុស្ស៊ីនិងអង្គការអូតង់។
លោក Polvansky បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើ Telegram របស់លោកថា៖ «មានការប៉ុនប៉ងដើម្បីបង្កហេតុឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ផ្នែកយោធារវាងអង្គការអូតង់និងប្រទេសរុស្ស៊ី ដែលនឹងជះផលវិបាកទាំងអស់ដល់ពិភពលោកទាំងមូល»៕