ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​គ្មាន​ការបន្ត​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន


រូបឯកសារ៖ អ្នកដាំ​ស្រូវ​សាឡី​ច្រូត​កាត់​ស្រូវសាឡី​នៅ​ជិត​ក្រុង Novoazovsk ខាងក្រៅ​ទីក្រុង Mariupol ចំពេល​យោធា​រុស្ស៊ី​​កំពុង​បន្ត​សកម្មភាព​នៅ​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ អ្នកដាំ​ស្រូវ​សាឡី​ច្រូត​កាត់​ស្រូវសាឡី​នៅ​ជិត​ក្រុង Novoazovsk ខាងក្រៅ​ទីក្រុង Mariupol ចំពេល​យោធា​រុស្ស៊ី​​កំពុង​បន្ត​សកម្មភាព​នៅ​ប្រទេស​អ៊ុយក្រែន។

សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ការងារ​ដើម្បី​ធានា​ថា​ ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ មិននាំឱ្យ​មានការ​រាំងស្ទះ​ដល់ការ​នាំចេញ​ស្បៀង​អាហារ​និង​ជីរបស់ប្រទេស​រុស្ស៊ី​ ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ នៅ​ក្នុង​អំឡុង​កិច្ចពិភាក្សា​ដើម្បី​បន្តកិច្ចព្រមព្រៀង​ ដែល​ផ្តួចផ្តើម​ឡើងដោយ​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​នាំ​ចេញ​ស្បៀង​អាហារ​ពីប្រទេស​អ៊ុយក្រែន​ ដែលត្រូវអស់​សុពលភាពនៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

នៅ​ក្នុង​បទសម្ភាស​ន៍មួយ​ក្នុង​សប្តាហ៍​នេះ លោក​ Ramin Toloui​ មន្ត្រី​ជាន់​ខ្ពស់​នៃក្រសួង​ការបរទេសទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​ បាន​ប្រាប់​វីអូអេ​ថា​ ​វា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរលើសន្តិសុខ​ស្បៀង​អាហារ​ក្នុងពិភពលោក ប្រសិន​បើ​រុស្ស៊ីមិន​ព្រមបន្ត​កិច្ចព្រមព្រៀង​នោះ​ទេ។​

​លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ «នៅ​ពេលដែល​រុស្ស៊ី​បាន​ផ្អាកអនុវត្ត​កិច្ចព្រមព្រៀង​នោះមួយ​រយៈពេល​ខ្លី កាល​ពី​២​សប្តាហ៍​កន្លង​ទៅ​ យើង​បាន​ឃើញ​ថា​មាន​ការ​កើន​ឡើង​នូវ​តម្លៃ​ស្បៀង​អាហារយ៉ាង​ខ្លាំង​នៅ​លើ​ពិភព​លោកនៅ​ពេល​នោះ។​ ហើយ​នៅ​ពេល​ដែល​រុស្ស៊ី​បានចូលរួម​បន្ត​អនុវត្តវា​ឡើងវិញ ដែល​ជារឿងនាំឱ្យយើង​សប្បាយ​ចិត្តនោះ តម្លៃ​ស្បៀងអាហារក្នុង​សាកលលោក បាន​ធ្លាក់ចុះ​វិញ»។ ​

លោក​បន្ថែមទៀត​ថា «ដូច្នេះ​ផលវិបាក​ដែល​កើត​ចេញ​ពីការ​មិនបន្តកិច្ចព្រមព្រៀង​នោះ​ គឺធំធេង​ណាស់។​ យើង​បាន​ឃើញ​ហើយ​នូវ​ការ​ឡើង​ថ្លៃស្បៀង​អាហារ​ក្នុង​រយៈពេល​ខ្លី​មួយ​ នៅ​ពេល​ដែល​រុស្ស៊ី​បាន​ផ្អាក​កិច្ចសហប្រតិបត្តិការ​របស់ខ្លួន»។

កិច្ចព្រមព្រៀងនាំគ្រាប់​ធញ្ញជាតិចេញតាម​សមុទ្រខ្មៅ ដែល​អង្គការ​សហប្រជាជាតិ​និងប្រទេស​តួកគី​ បានជួយ​ចរចារ​កាល​ពី​ខែ​កក្កដា​កន្លងទៅ​ ដោយ​បាន​បង្កើត​ច្រករបៀង​មួយ​ សម្រាប់​ការ​នាំ​ចេញ​នូវ​ស្បៀងអាហារ​និង​ជី​ ប៉ុន្តែប្រទេស​រុស្ស៊ី​នៅ​ពេល​នេះហាក់​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ឡើយ​ ក្នុង​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ​ នៅ​ពេល​ដែល​វា​អស់សុពលភាព៕

XS
SM
MD
LG