ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា «ការបញ្ឈប់អរិភាពទាំងស្រុងនិងពិតប្រាកដ» អាចលេចចេញជារូបរាងបាន ប្រសិនបើប្រទេសរុស្ស៊ីដកកងទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ហើយអ៊ុយក្រែនអាចគ្រប់គ្រងឡើងវិញលើដែនដីរបស់ខ្លួននៅតាមបណ្ដោយព្រំដែនរុស្ស៊ី។
លោក Zelenskyy បានថ្លែងតាមអនឡាញទៅកាន់កិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-20 ដែលកំពុងធ្វើឡើងនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ីថា ការពន្យារពេលណាមួយនៅក្នុងការបញ្ចប់សង្គ្រាមនេះមានន័យថាពលរដ្ឋអ៊ុយក្រែនបន្ថែមទៀតនឹងស្លាប់ហើយពិភពលោកនឹងរងការគំរាមកំហែងបន្ថែមទៀត។
លោក Zelenskyy បញ្ជាក់ដូច្នេះថា៖ «ខ្ញុំជឿថា ឥឡូវនេះគឺជាពេលដែលសង្គ្រាមបំផ្លិចបំផ្លាញរបស់រុស្ស៊ីត្រូវតែនិងអាចបញ្ឈប់បាន»។
ការលើកឡើងរបស់លោក Zelenskyy នេះ បានធ្វើឡើង បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់ទីក្រុង Kherson ដែលទើបត្រូវបានរំដោះថ្មីៗ ដែលនៅទីនោះលោកបានប្រាប់កងទ័ពអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែន «ត្រៀមលក្ខណៈរួចរាល់ហើយដើម្បីសន្តិភាព»។
វត្តមានរបស់លោក Zelenskyy នៅក្នុងទីក្រុង Kherson នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីទីក្រុងនេះ ដែលនេះគឺជាការចាញ់ដ៏ធំបំផុតមួយសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទថា ការដណ្ដើមបានមកវិញរបស់អ៊ុយក្រែននូវទីក្រុង Kherson គឺជា «ជ័យជម្នះដ៏សំខាន់មួយ» សម្រាប់រដ្ឋាភិបាលអ៊ុយ ក្រែន។
លោក Biden បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្មានអ្វីក្រៅពីការអបអរសាទរចំពោះភាពក្លាហាន ការតាំងចិត្ត និងសមត្ថភាពរបស់ប្រជាពលរដ្ឋនិងកងទ័ពអ៊ុយក្រែននោះទេ។ ពួកគេអស្ចារ្យណាស់»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានបដិសេធមិនធ្វើការអធិប្បាយណាមួយអំពីដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ទីក្រុង Kherson ប៉ុន្តែបាននិយាយថា «ដែនដីនេះគឺជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី»៕