ប្រទេសទីមួយដែលនាយករដ្ឋមន្ត្រីតួកគីលោក Ahmet Davutoglu បានទៅធ្វើទស្សនកិច្ចបន្ទាប់ពីការបាញ់ទម្លាក់យន្តហោះនៅខែវិច្ឆិកាគឺប្រទេសអាស៊ែបៃហ្សង់ ដែលជាប្រទេសជិតខាង។ ថាមពលឧស្ម័នធម្មជាតិជាងពាក់កណ្ដាលរបស់ប្រទេសតួកគីពឹងផ្អែកលើរុស្ស៊ី ហើយការកាត់បន្ថយការពឹងពាក់នោះគឺជាអាទិភាពមួយ។
រដ្ឋាភិបាលទីក្រុងអង់ការ៉ាជាញឹកញាប់រៀបរាប់ពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអាស៊ែបៃហ្សង់ដែលជាប្រទេសសម្បូរដោយថាមពលថាជា «ប្រទេសជាតិពីរ ប្រជាជនតែមួយ»។ លោក Sinan Ulgen បញ្ញវ័ន្តដែលកំពុងធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន Carnegie ក្នុងក្រុងព្រុចសែលនិយាយថា វាជាជម្រើសមួយដែលគេមើលឃើញយ៉ាងជាក់ស្តែង។
«អាស៊ែបៃហ្សង់ដែលជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់តាមតម្រូវការ មានដូចជា ឧស្ម័នធម្មជាតិជាដើម។ ដូច្នេះ ប្រទេសនេះអាចកាត់បន្ថយការពឹងអាស្រ័យរបស់ប្រទេសតួកគីលើប្រទេសរុស្ស៊ី ក៏ប៉ុន្តែការណ៍នេះ អាចមានភាពប្រែប្រួលក្នុងទីក្រុងបាគូ (Baku) រដ្ឋធានីនៃប្រទេសអាស៊ែបៃហ្សង់ ដែលព្យាយាមមិនឲ្យមានការប្រឈមមុខជាមួយប្រទេសរុស្ស៊ី។ រុស្ស៊ីគឺជាតួអង្គសំខាន់មួយ និងមានឥទ្ធិពលលើជម្លោះនៃតំបន់ Nagorno-Karabakh»។
ក្រុមអ្នកឃ្លាំមើលបានចង្អុលបង្ហាញពីភាពតានតឹងដែលកើតមានឡើងកាលពីពេលថ្មីៗនេះរវាង ប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអាមេនី (Armenia) អំពីបញ្ហាតំបន់ Nagorno-Karabakh ដែលជាតំបន់មានជម្លោះបរិពន្ធភូមិនៃអំបូរអាមេនី ក្នុងប្រទេសអាស៊ែបៃហ្សង់។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាក៏កំពុងតែសម្លឹងរកការគាំទ្រពីរដ្ឋដែលសម្បូរថាមពលនៅអាស៊ីកណ្តាលផងដែរ ដែលមានចំណងទាក់ទងផ្នែកជាតិសាសន៍ជាមួយប្រទេសតួកគី។
គណបក្សកាន់អំណាច AK នៅតួកគីដឹកនាំដោយប្រធានាធិបតី Recep Tayyip Erdogan បានវិនិយោគទុនផ្នែកនយោបាយ និងហិរញ្ញវត្ថុនៅក្នុងតំបន់នោះ។ បើទោះបីជាមានការខំប្រឹងប្រែងដូចនេះក្តី លោក Semih Idiz អ្នកសរសេរអត្ថបទអធិប្បាយនយោបាយរបស់កាសែត Cumhuriyet នៃប្រទេសតួកគី និយាយថាប្រទេសតួកគីនៅតែតស៊ូក្នុងការស្វែងរកការគាំទ្រ។
«ខ្ញុំមិនគិតថា តួកគីមានការគាំទ្រពីប្រទេសទាំងនេះដោយស្វ័យប្រវត្តិនោះទេ។ ដូចអ្នកបានឃើញហើយ សាធារណរដ្ឋមួយចំនួននៅអាស៊ីកណ្តាលបូករួមទាំងអាស៊ែបៃហ្សង់ផង កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកមួយ ដោយសារការប្រយុទ្ធបែបនេះរវាងតួកគីនិងរុស្ស៊ី ពីព្រោះបើនិយាយពីផ្នែកនយោបាយ ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី។ ប្រទេសទាំងនេះគឺជាផ្នែកមួយនៃសហភាពការពាររបស់ប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូមាន ហើយពួកគេមានកិច្ចព្រមព្រៀងជាច្រើនជាមួយរុស្ស៊ីដែលពួកគេមិនអាចមើលរំលងបាន។ ដូច្នេះ អ្នកនឹងកត់សម្គាល់ឃើញថា ចាប់តាំងពីវិបត្តិបាញ់ទម្លាក់យន្តហោះរុស្ស៊ីមក សាធារណរដ្ឋទាំងនេះមិនសូវក្រអើតក្រទមខ្លាំងទេ»។
កាលពីខែធ្នូ ប្រធានាធិបតី Almazbek Atambayev នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgystan) បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ាធ្វើការសុំទោសទីក្រុងមូស្គូ ចំពោះការបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីដោយយន្តហោះចម្បាំងរបស់តួកគី។ លោក Almazbek Atambayev កាលពីអតីតកាលបានចាត់ទុកសមភាគីតួកគីថាជា «បងប្រុស» របស់គាត់។ លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី បានអធិប្បាយការសុំទោសនោះថាជារឿង ដែលគួរឲ្យអភ័ព្ធមួយ។ ក្រុមអ្នកឃ្លាំមើលនិយាយថា ទីក្រុងមូស្គូនឹងផ្តល់ឲ្យក្រុងអង់ការ៉ា នូវមេរៀនដ៏លំបាកមួយក្នុងរឿងនយោបាយជាក់ស្តែង ពេលនិយាយដល់តំបន់ Caucasus និងអាស៊ីកណ្តាល៕
ប្រែសម្រួលដោយ នៀម ឆេង