ការស្ទាប់ស្ទង់មតិមួយបានរកឃើញថា ភាគច្រើននៃអ្នកដែលត្រូវបានសម្ភាស មិនទុកចិត្តចំពោះប្រទេសណាទាំងអស់ ក្រៅតែពីប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ដែលជាប្រទេសជិតខាងរបស់តួកគី។
ការស្ទាបស្ទង់មតិដែលធ្វើឡើងដោយមូលនិធិ Marshall អាល្លឺម៉ង់នៃសហរដ្ឋអាមេរិក (German Marshall Fund of the United States) បង្ហាញថា ប្រជាពលរដ្ឋតួកគី៩១ភាគរយយល់ឃើញថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមជាអង្គការភេរវកម្ម ហើយ៨២ភាគរយនៃពួកគេយល់ថា ក្រុមនោះជាការគំរាមកំហែងមួយ។
ប្រជាពលរដ្ឋតួកគីភាគច្រើនបានប្រឆាំងនឹងការធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសស៊ីរី ដើម្បីជួយគាំទ្រក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ លោក Ozgur Unluhisarcikli អ្នកដឹកនាំគម្រោងស្ទង់មតិសាធារណៈបាននិយាយថា ការរកឃើញនៅក្នុងការស្ទង់មតិនេះគូសបញ្ជាក់អំពីការមិនជឿទុកចិត្តជាលក្ខណៈប្រពៃណីទៅកាន់ប្រទេសភាគច្រើន ក៏ប៉ុន្តែ វាបានបញ្ជាក់អំពីនិន្នាការថ្មីមួយផងដែរ។
«យើងមើលឃើញមានការងាកទៅរកបស្ចឹមប្រទេសក្នុងអំឡុងពេលបីឆ្នាំកន្លងទៅនេះ។ ហើយខ្ញុំគិតថា វាបណ្តាលមកពីអស្ថិរភាពនៅតាមបណ្តោយព្រំដែនរបស់តួកគី។ ប្រទេសតួកគីយល់ថា ខ្លួនមិនសូវមានសន្តិសុខទេ។ ប៉ុន្តែ បើនិយាយពីទិដ្ឋភាពផ្នែកលិទ្ធិប្រជាធិបតេយ្យវិញ យើងធ្លាប់គិតថាយើងមិនត្រូវការដំណើរការចូលរួមរបស់សហភាអឺរ៉ុបសម្រាប់ការធ្វើប្រជាធិតេយ្យូបនីយកម្មនោះទេ។ ប៉ុន្តែ តាមការពិភាក្សាអំពីភាពដុនដាបពាក់ព័ន្ធនឹងលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី ឥឡូវនេះ មានការយល់ឃើញថា សហភាពអឺរ៉ុបនៅតែជាបង្គោលប្រជាធិបតេយ្យដ៏រឹងមាំសម្រាប់តួកគី»។
តុលាការសិទ្ធិមនុស្សអឺរ៉ុបត្រូវបានចាត់ទុកថាជាវិទ្យាស្ថានអន្តរជាតិដែលគួរឲ្យទុកចិត្តខ្លាំងជាងគេ ហើយ៤៤ភាគរយនៃប្រជាជនគាំទ្រការខិតខំប្រឹងប្រែងរបស់ប្រទេសគួកគីដើម្បីចូលជាសមាជិករបស់សហភាពអឺរ៉ុប។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសនេះអំពីអ្វីដែលគេយល់ឃើញថា ជាកំណើននៃការប្រើអំណាចផ្តាច់ការរបស់ប្រនាធិបតី Recep Tayyip Erdogan និងគណបក្ស AKP របស់លោក។
ជាការបរិហារមួយទៀតទៅលើគណបក្ស AKP ការស្ទាបស្ទង់មតិនោះបង្ហាញថា ៥១ភាគរយនៃប្រជាជនតួកគីលើកឡើងថា និកម្មភាពឬភាពអត់ការងារធ្វើ និងបញ្ហាសេដ្ឋកិច្ច ជាបញ្ហាចម្បងបំផុតដែលប្រទេសតួកគីកំពុងជួបប្រទះ ហើយមតិភាគច្រើនជឿថា បញ្ហានេះនឹងបន្តកាន់តែយ៉ាប់យឺនទៅៗ។
អ្នកវិទ្យាសាស្រ្តនយោបាយ លោក Cengiz Aktar នៃសាកលវិទ្យាល័យ Suleyman Sahក្រុងអ៊ីស្តង់ប៊ុល និយាយថា រឿងនេះអាចបង្កជាបញ្ហាសម្រាប់គណបក្សកាន់អំណាច។
«របាយការណ៍នេះក៏ជាការបញ្ជាក់មួយទៀតដែរអំពីស្ថានភាពធ្ងន់ធ្ងរនៃសេដ្ឋកិច្ច។ នៅពេលយើងនឹកត្រឡប់ទៅក្រោយវិញឃើញថា គណបក្ស AKP ទទួលបានជោគជ័យកន្លងមកគឺដោយសារតែស្ថានភាពសេដ្ឋកិច្ច។ បញ្ហានេះប្រាប់យើងយ៉ាងច្រើនអំពីការខកចិត្តរបស់អ្នកបោះឆ្នោត។ ដូច្នេះ ខ្ញុំថា នេះគឺជារឿងគួរឲ្យបារម្ភសម្រាប់គណបក្ស AKP»។
តួកគីនឹងរៀបចំការបោះឆ្នោតជាតិនាថ្ងៃទី១ ខែវិច្ឆិកា ហើយគណបក្ស AKP កំពុងស្វះស្វែងរក្សាសំឡេងមតិភាគច្រើននៅក្នុងរដ្ឋសភាឡើងវិញ បន្ទាប់ពីបានបាត់បង់នៅក្នុងការបោះឆ្នោតនៅខែមិថុនា។ ក៏ប៉ុន្តែ ការរកឃើញនៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា គណបក្សនេះនឹងប្រឈមជាមួយនឹងឧបសគ្គដ៏លំបាកមួយ៕
ប្រែសម្រួលដោយ សើ សាយ្យាណា