ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ស៊ីរី​នៃ​រដ្ឋាភិបាល​លោក​អាសាដ​ដែល​រុស្ស៊ី​គាំទ្រ​​ ពង្រីក​ការ​វាយលុក


ក្មេងៗ​រត់​នៅ​ក្បែរ​រណ្តៅគ្រាប់​​មួយ​​​បាញ់​ដោយ​កងម្លាំង​គាំទ្រ​ដោយ​រដ្ឋា​ភិបាល​ស៊ីរី ក្នុង​តំបន់ ​al-Sakhour គ្រប់​គ្រង​ដោយ​​ពួក​ឧទ្ទាម នៅ​ជិត​ក្រុង​ Aleppo នៃ​ប្រទេស​ស៊ីរី កាល​ពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្មេងៗ​រត់​នៅ​ក្បែរ​រណ្តៅគ្រាប់​​មួយ​​​បាញ់​ដោយ​កងម្លាំង​គាំទ្រ​ដោយ​រដ្ឋា​ភិបាល​ស៊ីរី ក្នុង​តំបន់ ​al-Sakhour គ្រប់​គ្រង​ដោយ​​ពួក​ឧទ្ទាម នៅ​ជិត​ក្រុង​ Aleppo នៃ​ប្រទេស​ស៊ីរី កាល​ពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៦។

កងទ័ព​ស៊ីរី​ដែល​គាំទ្រ​ដោយកងទ័ព​អាកាស​រុស្ស៊ី​ និង​កង​ជីវពល​អ៊ីរ៉ង់​ បន្ត​វាយ​លុក​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ដោយ​គ្រប់គ្រង​បាន​វិញ​ទីក្រុង​ពីរ​ទៀត​ដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម នៅ​ក្បែរ​ទីក្រុង​អាលីប៉ូ ហើយ​បាន​រុល​ទៅ​មុខ​កាន់​តែ​កៀក​នឹង​ព្រំដែន​តួកគី។

ការ​វាយ​លុក​របស់​កង​កម្លាំង​ប្រធានាធិបតី​ស៊ីរី លោក​អាសាដ​នេះ បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​យ៉ាង​ដំណំ​នូវ​បណ្តាញ​ផ្តត់ផ្គង់​របស់​ក្រុម​ឧទ្ទាម។

ការ​ទម្លាក់​គ្រាប់​បែក​របស់រុស្ស៊ី​ឥត​ឈប់​ឈរ​ទៅ​លើ​ទីតាំង​នានា​របស់​ក្រុម​ឧទ្ទាម​នេះ ក៏​បាន​បណ្ដេញ​ជន​ភៀស​ខ្លួន​ស៊ីវិល​ស៊ីរី​រាប់​ពាន់​នាក់​ ឲ្យ​ចេញ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​តួកគី​ផងដែរ។ ប្រទេស​តួកគី​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី ២លាន​៥សែន​នាក់​ហើយ ដែល​បាន​ភៀសខ្លួន​ចេញពី​ជម្លោះ​ដែល​បាន​អូស​បន្លាយ​ពេល​អស់​៥​ឆ្នាំ​មក​ហើយ​នេះ។

ឧបនាយករដ្ឋមន្ត្រី​តួកគី​ លោក​ Numan Kurtulmus​ បាន​ព្រមាន​ថា អំពើ​ហិង្សា​នេះ​អាច​បង្ខំ​ប្រជាជន​ស៊ីរី​រហូត​ដល់​៦​សែន​នាក់​ទៀត ​ឲ្យ​ភៀស​ខ្លួន​ទៅ​ប្រទេស​តួកគី។

រដ្ឋ​មន្ត្រីការបរទេស​អាមេរិក លោក ​John Kerry ​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​សមភាគី​អារ៉ាប៊ី​សាអូឌីត​របស់​លោក ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្តែង​ក្តី​សង្ឃឹម​ថា នឹង​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ព្រម​ទាំងមាន​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ជន​ស៊ីវិល​ដែល​នៅ​ជាប់​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​នោះ៕

XS
SM
MD
LG