កាលពីថ្ងៃសៅរ៍ លោក Joe Biden អនុប្រធានាធិបតីស.រ.អា.បានមានប្រសាសន៍ប្រាប់ប្រទេសតួកគីថា ស.រ.អា.ទទួលស្គាល់ថាគណបក្សកម្មករ Kurdistan ដែលហៅកាត់ថា PKK ជាការគំរាមកំហែងមួយដល់រដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ដូចពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមដែរ ទោះណាជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រកងកម្លាំង Kurd ដែលប្រយុទ្ធប្រឆាំងនឹងពួក ជីហាដនៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ។
លោក Biden បានឋិតនៅក្នុងក្រុង Istanbul ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី Ahmet Davutoglu និងលោកប្រធានាធិបតី Recep Tayyip Erdogan នៅមុនមានកិច្ចខិតខំប្រឹងប្រែងនៅសប្តាហ៍ក្រោយដើម្បីចាប់ផ្តើមកិច្ចចរចាអន្តរជាតិអំពីអនាគតនៃប្រទេសស៊ីរី។
នៅក្រោយជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនៃប្រទេសតួកគី លោក Biden បានមានប្រសាសន៍ថា ពួកយុទ្ធជនរដ្ឋឥស្លាម «មិនមែនជាការគំរាមកំហែងខ្លាំងតែមួយដល់ប្រជារាស្ត្រនៃប្រទេសតួកគីទេ។ ពួក PKK ក៏ជាការគំរាមកំហែងស្មើគ្នានឹងពួករដ្ឋឥស្លាមដែរហើយយើងដឹងពីរឿងនេះហើយ។ ពួក PKK ជាពួកភេរវជនហើយអ្វីដែលពួកនេះបន្តធ្វើតទៅទៀតជាការនាំឱ្យខឹងសម្បារយ៉ាងខ្លាំង។ «ក្រុមអ្នកសង្កេតការណ៍តួកគីបានកត់សម្គាល់ ថាលោក Biden មិនបានបរិហាររិះគន់ពួកជីវពល Kurd ស៊ីរីដែលគេស្គាល់ថា ជាកងឯកភាពការពាររបស់ប្រជារាស្ត្រដែលភាសាអង់គ្លេសហៅថា People's Protection Units ទេ និង ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបានប្រឆាំងយ៉ាងខ្លាំងដូចពួក PKK ដែរ។ ពួកជីវពលនេះដែលគេស្គាល់ថា YPG ក្នុងភាសា Kurd ជាសាខាប្រដាប់អាវុធនៃគណបក្សសហភាពប្រជាធិបតេយ្យ Kurd នៃប្រទេសស៊ីរីដែលមានអំណាចខ្លាំងហើយដែលហៅកាត់ថា PYD៕