ភាពតានតឹងបានកើនឡើងរវាងតួកគី និងរុស្សីកាលពីថ្ងៃសៅរ៍ នៅពេលដែលប្រទេសតួកគី និងសម្ព័ន្ធអូតង់និយាយថា យន្តហោះចម្បាំងរុស្សីមួយគ្រឿងបានរំលោភលើដែនអាកាសរបស់តួកគី។
ប៉ុន្តែរុស្សីបានបដិសេធការចោទប្រកាន់របស់តួកគីដោយនិយាយថា ការលើកឡើងនេះគឺជា «ការឃោសនាដែលគ្មានមូលដ្ឋាន»។
ក្រសួងការបរទេសតួកគីនិយាយថា យន្តហោះចម្បាំងរុស្សី ម៉ាក Su-34 បានហោះចូលដែនអាកាសរបស់តួកគី កាលពីថ្ងៃសុក្រ នៅម៉ោង 09:45 ម៉ោងសកល ទោះបីជាមន្ត្រីតួកគី និងមន្ត្រីអូតង់ និយាយថា មានការព្រមានជាច្រើនក៏ដោយ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានប្រទេសរុស្សីថា រុស្សីនឹងទទួល«ផលវិបាក» ប្រសិនបើរុស្សីនៅតែបន្តការរំលោភបែបនេះតទៅទៀត។ ប្រធានាធិបតីតួកគីក៏បានហៅសកម្មភាពរបស់រុស្សីថាជាការ «គ្មានការទទួលខុសត្រូវ»។
រដ្ឋាភិបាលតួកគីនិយាយថា ខ្លូនបានកោះហៅឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅទីក្រុងអង់ការ៉ា ដើម្បីតវ៉ាប្រឆាំងនឹងការរំលោភចូលដែនអាកាសនេះ។
ចំណែកនៅឯទីក្រុងមូស្គូវិញ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីម្នាក់ និយាយថា «មិនមានការរំលោភចូលដែនអាកាសរបស់តូកគីពីសំណាក់យន្តហោះចម្បាំងរុស្សីណាមួយទេ»៕