ប្រទេសរុស្ស៊ីកំពុងស្នើការឈប់បាញ់គ្នាមួយនៅក្នុងប្រទេសស៊ីរីនៅពេលដែលរដ្ឋមន្រ្តីការបរទេសបានជួបគ្នានៅក្នុងទីក្រុង Munich ដើម្បីស្វះស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិលបង្ហូរឈាមដែលបានកម្ទេចប្រទេសអារ៉ាប់មួយនេះ។
សំណើដែលបានធ្វើឡើងដោយលោក Gennady Gatilov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានអំពាវនាវឲ្យមានការឈប់បាញ់គ្នាដែលចូលជាធរមាននៅថ្ងៃទី១ ខែមីនា។សហរដ្ឋអាមេរិកបានជំទាស់ប្រឆាំងដោយទាមទារឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ហើយនិងមានជំនួយមនុស្សធម៌កាន់តែច្រើនឡើងចូលក្នុងទីក្រុងនានារបស់ស៊ីរីដែលត្រូវបានឡោមព័ទ្ធ។
ជម្លោះដែលមានរយៈពេល៥ឆ្នាំដែលបានដាក់ប្រធានាធិបតីស៊ីរី បាល់សា អាសាដ (Bashar Assad) ប្រឆាំងនឹងពួកកងកម្លាំងឧទ្ទាមដែលស្វះស្វែងទម្លាក់ប្រធានាធិបតីអាសាដ បានធ្វើឲ្យមនុស្សជាង២សែន៥ម៉ឺននាក់ស្លាប់ហើយបានធ្វើឲ្យប្រទេសនោះស្ថិតក្នុងវិបត្តិដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសនៅក្នុងការគាំទ្ររបបអាសាដ ដែលរុស្ស៊ីនិយាយថា ការវាយប្រហារនោះគឺប្រឆាំងកងកម្លាំងរបស់ក្រុមរដ្ឋឥស្លាមដែលបានចាក់ឬសនៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បាននិយាយថា ភាគច្រើននៃការវាយប្រហារតាមអាកាសទាំងនោះកំពុងដៅលើក្រុមនិយមផ្លូវកណ្តាលដែលប្រឆាំងប្រធានាធិបតីអាសាដ។
យុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីពេលថ្មីៗនេះទៅលើទីក្រុង Aleppo បានបណ្តាលឲ្យក្រុមប្រឆាំងដើរចេញពីការចរចាសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវកាលពីខែមុន៕