ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ​ចំអក​ការ​តវ៉ា​ប្រឆាំង​នឹង​​រូប​លោក​ប៉ុន្តែ​ទទួល​ស្គាល់​សិទ្ធិ​ពលរដ្ឋ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ


ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​លោក ​ដូណាល់ ​ត្រាំ ក្នុង​ក្បួន​ដង្ហែ​របស់​ក្រុម​ស្ត្រី កាល​ពីថ្ងៃសៅរ៍ នៅ​រដ្ឋ Chicago។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​លោក ​ដូណាល់ ​ត្រាំ ក្នុង​ក្បួន​ដង្ហែ​របស់​ក្រុម​ស្ត្រី កាល​ពីថ្ងៃសៅរ៍ នៅ​រដ្ឋ Chicago។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ចំអក​ដល់​ហ្វូង​មនុស្ស​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋបាល​ថ្មី​របស់​លោក​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស។

លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ Twitter ពី​សេតវិមាន​ថា៖ «បាន​មើល​ការតវ៉ា​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​ក្រោម​ចំណាប់​អារម្មណ៍​ថា យើង​ទើប​តែបោះឆ្នោត​រួច! ហេតុអ្វី​បាន​ជា​អ្នក​ទាំង​នេះ​មិន​ព្រម​ទៅ​បោះឆ្នោត? តារា​ល្បី​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង»។

និមិត្តរូប​តំណាង​ឲ្យ​ស្ត្រី ​លោក​ស្រី Gloria Steinem ​តារា​ចម្រៀង​ប៉ុប ​នាង Madonna តារា​សម្តែង​លោក​ស្រី ​Scarlett Johansson​ និង​មនុស្ស​ល្បី​ល្បាញ​ដ​ទៃ​ទៀត​បាន​ដឹកនាំ​ការ​ដើរ​ដង្ហែ​ក្បួន​ដែល​ហៅ​ថា ​Women's March ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ​ ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ។

ពីរ​ម៉ោង​ក្រោយ​មក ​លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ទៀត​លើ​បណ្តាញ​សង្គម Twitter ថា៖ «ការ​តវ៉ា​ដោយ​សន្តិវិធី​គឺ​ជា​និមិត្ត​សញ្ញា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង។ បើ​ទោះ​បី​ជា​ខ្ញុំ​មិន​ឯកភាព​គ្រប់​ពេល​ក៏​ដោយ ក៏​ខ្ញុំ​ទទួល​ស្គាល់​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដែរ»។

លោក ត្រាំ​ ក៏​បាន​និយាយ​អួត​អំពី​ចំនួន​មនុស្ស​ដែល​បាន​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ ដោយ​និយាយ​ថា​ «អត្រា​អ្នក​មើល​តាម​ទូរទស្សន៍​មាន​ចំនួន​៣១​លាន​នាក់ ដែល​បាន​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង ​ហើយ​មនុស្ស​១១​លាន​នាក់ច្រើន​ជាង​អត្រា​ដែល​បានមើល​កាល​ពី​៤​ឆ្នាំ​មុន»៕

XS
SM
MD
LG