ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សករាជ​លោក ត្រាំ​ បាន​ចាប់​ផ្ដើម​ហើយ ជាមួយ​នឹង​ការ​សន្យា​អំពី​ការ​ផ្លាស់ប្ដូរ


ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

​លោក​ត្រាំ មាន​ប្រសាសន៍​​ថា៖ «យើង​មិន​គ្រាន់តែ​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ​ទៀត ឬ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយទៀត​ប៉ុណ្ណោះ​ទេ គឺ​យើង​កំពុង​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​ប្រគល់​អំណាច​នេះ ទៅ​ឲ្យ​អ្នក​ទាំងអស់​គ្នា ដែល​ជា​ប្រជាពលរដ្ឋ​វិញ»។

ដោយ​សករាជ​ថ្មី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ចាប់​ផ្ដើម​ហើយ​នោះ លោក ដូណាល់ ត្រាំ ទទួល​បាន​អំណាច​ជា​ផ្លូវការ ហើយ​មាន​បំណង​លុបចោល​កេរដំណែល​ជា​ច្រើន​ដែល​អ្នក​កាន់​តំណែង​មុន​លោក​ បាន​បន្សល់​ទុក។ លោក ដូណាល់ ត្រាំ បាន​ប្ដេជ្ញា​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ដែល​ស្ដាប់​ទៅ​ដូច​ជា​សារ​នៃ​យុទ្ធនាការ​នយោបាយ​ក្នុង​ពេល​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុនថា​ លោក​នឹង​ធ្វើ​ការ​ងារ​តំណាង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង «ដែល​ត្រូវ​គេ​បំភ្លេច​ចោល» ។

ដូច​ប្រធានាធិបតី​មុនៗ​ដែរ លោក ដូណាល់ ត្រាំ បាន​ស្បថ​ចូល​កាន់​តំណែង​ធម្មតា។

ដោយ​មាន​អ្នកគាំទ្រ​ដែល​រំភើបចិត្ត​រាប់​សែន​នាក់​ មើល​មក​លោក លោក ត្រាំ បាន​ផ្ដល់​សញ្ញាណ​យ៉ាង​រហ័ស​មួយ​អំពី​យុគសម័យ​ថ្មី​នៃ​ការ​ផ្លាស់ប្ដូរ​ក្នុង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

​លោក​ត្រាំ មាន​ប្រសាសន៍​ទៅ​កាន់​មនុស្សម្នា​ទាំង​នោះ​ថា៖

«យើង​មិន​គ្រាន់តែ​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ​ទៀត ឬ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយទៀត​ប៉ុណ្ណោះ​ទេ គឺ​យើង​កំពុង​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​ប្រគល់​អំណាច​នេះ ទៅ​ឲ្យ​អ្នក​ទាំងអស់​គ្នា ដែល​ជា​ប្រជាពលរដ្ឋ​វិញ»។

លោក ត្រាំ ក៏​មាន​សារ​មួយ​មិនមែន​សម្រាប់​តែ​ពលរដ្ឋ​អាមេរិកាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អ្នក​ទស្សនា​សន្ទរកថា​របស់​លោក​នៅ​ជុំវិញ​ពិភពលោក​ដែរ។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

លោក​ត្រាំ មាន​ប្រសាសន៍​នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ថា៖

«ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទស្សនវិស័យ​ថ្មី​មួយ នឹង​គ្រប់គ្រង​ដែនដី​របស់​យើង។ ចាប់​ពី​ខណៈ​ពេល​នេះ​ទៅ ទស្សនវិស័យ​នោះ គឺ​មាន​តែ​អាមេរិក​មុនគេ អ្វីៗ​គឺ​អាមេរិក​មុន​គេ ប៉ុណ្ណោះ»។

លោក ត្រាំ បាន​យក​មក​ប្រើ​រូបភាព​នៃ​រោងចក្រ​អាមេរិកាំង​ដែល​បាន​បិទទ្វារ​និង​រូបភាព​នៃ​ពលរដ្ឋ​អាមេរិកាំង ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន «បំភ្លេចចោល» ។

អ្នក​ជំនាញ​ Jack Raycove​ នៃ​សកលវិទ្យាល័យ Standford University បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​Skype ថា​ពាក្យសម្ដី​ជាច្រើន​ក្នុង​សុន្ទរកថា​របស់​លោក​ ត្រាំ បាន​សំដៅ​ទៅ​រក​អ្នកគាំទ្រ​ដ៏​មុតមាំ​របស់​លោក។

«លោក ត្រាំ គ្រាន់តែ​ប្រាប់​ពី​ទស្សនវិស័យ​របស់​លោក​អំពី​ពលរដ្ឋ​អាមេរិកាំង​ប៉ុណ្ណោះ ឬ​ក៏​យ៉ាង​ហោច​ណាស់ សំដៅ​ដល់​អ្នក​បោះឆ្នោត​ឲ្យ​លោក ត្រាំ ដែល​ត្រូវ​គេ​ធ្វើ​ព្រងើយកន្តើយ​ដាក់ ត្រូវ​គេ​ធ្វើ​ឲ្យ​អាក់អន់ចិត្ត ឬ​សូម្បី​តែ​ត្រូវ​គេ​ក្បត់»។

លោក ត្រាំ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ដែល​មាន​ការ​បែងចែក​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​ត្រាំ មាន​ប្រសាសន៍​ថា៖

«យើង​ត្រូវ​តែ​និយាយ​ដោយ​បើក​ចំហ​ចេញ​ពី​ចិត្ត​របស់​យើង និង​ជជែក​ដេញ​ដោយ​គ្នា​យ៉ាង​ស្មោះត្រង់​អំពី​ការ​មិន​យល់​ស្រប​គ្នា ប៉ុន្តែ យើង​តែងតែ​បន្ត​សាមគ្គីភាព​របស់​យើង។ នៅ​ពេល​អាមេរិក មាន​ការ​រួបរួម​គ្នា នោះ​គ្មាន​នរណា​អាច​បញ្ឈប់​អាមេរិក​ បាន​ឡើយ»។

ប៉ុន្តែ ការ​បែងចែក​គ្នា​ខាង​នយោបាយ​នោះ បាន​លេច​រូប​រាង​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ដោយ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ ត្រាំ ដែល​មាន​រាយប៉ាយ ជុំវិញ​ទីក្រុង រួម​ទាំង​ការ​ប្រឈម​មុខ​ដាក់គ្នា​ជាមួយ​ប៉ូលិស​ផង។

លោក ត្រាំ ឡើង​កាន់​តំណែង ដោយ​មាន​អត្រា​នៃ​ការ​គាំទ្រ​ពី​សាធារណជន​ទាប​ជាង​គេ​បំផុត សម្រាប់​ប្រធានាធិបតី​ដែល​ចូល​កាន់​តំណែង​ថ្មី ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​ចុងក្រោយ​នេះ។

ប៉ុន្តែ លោក John Fortierអ្នក​ជំនាញ​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ទ្វេ​បក្ស(Bipartisan Policy Center) មាន​ប្រសាសន៍​ថា គេ​រំពឹង​ថា លោក​ ត្រាំ នឹង​ចាប់ផ្ដើម​ធ្វើ​ការងារ​យ៉ាង​លឿន ទៅលើ​អាទិភាព​របស់​លោក ដែល​រួម​មាន​ផ្នែក​អន្តោប្រវេសន្ត និង​ការ​ថែទាំ​សុខភាព​ជាដើម។

«ចាប់​ទី​ពេល​នេះ​ទៅ លោក ត្រាំ ពិត​ជា​មាន​សំឡេង​គាំទ្រ​នៅ​ក្នុង​សភា ដែល​មាន​សំឡេង​មតិ​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ ដើម្បី​សម្រេច​កិច្ចការ​ជាច្រើន​បាន។ ប៉ុន្តែ លោក​ក៏​មាន​កិច្ចការ​លំបាក​ខ្លាំង​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ។ ការលុបចោល​និង​ការ​ជំនួស​កម្មវិធី​ថែទាំ​សុខភាព Obamacare គឺ​ជា​អ្វី​មួយ​ដែល​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​ចង់​បាន ប៉ុន្តែ សេចក្ដី​ពិស្ដារ​និង​របៀប​ធ្វើ​នោះ មាន​ការ​លំបាក​ខ្លាំង​ណាស់»

លោក ត្រាំ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ ក្នុង​នាម​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្តូរ។ ប៉ុន្តែ អ្នក​ប្រវត្តិសាស្ត្រ Richard Norton Smith មាន​ប្រសាសន៍​ថា ការណ៍​នេះ ក៏​មាន​ហានិភ័យ​ខាង​នយោបាយ​ដែរ​ក្នុង​ពេល​កន្លង​មក។

«ដោយ​លោក​ប្រធានាធិបតី​អាមេរិក Woodrow Wilson បាន​មាន​ប្រសាសន៍​យ៉ាង​ល្បី​ខ្ទរខ្ទារ​អញ្ចឹង​ថា ប្រសិន​បើ​អ្នក​ចង់​មាន​សត្រូវ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ ចូរ​សាក​ផ្លាស់ប្ដូរ​អ្វី​មួយ​លមើល​ទៅ។ ប្រធានាធិបតី​ទាំងឡាយ​ណា ដែល​ចង់ធ្វើការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន ធ្វើ​ឲ្យ​មាន​សត្រូវ​ជាច្រើន »។

នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ការផ្លាស់ប្តូរ​នោះ បាន​ក្លាយ​ជា​ផ្លូវ​ការ​ហើយ​នៅ​ពេល​នេះ។ សម័យ​កាល​លោក អូបាម៉ា បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ហើយ ខណៈ​យុគសម័យ​លោក ដូណាល់​ ត្រាំ ទើប​នឹង​ចាប់ផ្តើម៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី

XS
SM
MD
LG