កិច្ចប្រឹងប្រែងពីប្រជាពលរដ្ឋសាមញ្ញ ដែលបានចាប់ផ្ដើមពីការបង្ហោះសារតាមFacebook របស់ស្ត្រីម្នាក់ ដោយអំពាវនាវឲ្យពលរដ្ឋធ្វើសកម្មភាពផ្ទាល់ មួយថ្ងៃ ក្រោយពីការឈ្នះការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានញ៉ាំងឲ្យមានការដើរហែក្បួនមួយ ដែលមន្ត្រីប៉ាន់ប្រមាណថា មានមនុស្សចូលរួមចំនួនកន្លះលាននាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ គឺតែមួយថ្ងៃ ក្រោយពីពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោកត្រាំ។
ហ្វូងមនុស្សម្នា ដែលស្លៀកពាក់ពណ៌ផ្កាឈូក មានចំនួនរាប់សែននាក់។
ដោយអ្នកខ្លះស្រែកបន្ទរគ្នា និងខ្លះលើកបដាផ្សេងៗ ក្រុមស្រ្តីៗ ដែលបានធ្វើដំណើរមកពីទូទាំងសហរដ្ឋអាមេរិក បានប្រកាសការទាមទាររបស់ពួកគេ។
អ្នកនយោបាយ សិល្បករ និងតន្ត្រីករ បានទទូចឲ្យមានការទប់ទល់ប្រឆាំងនឹងប្រធានាធិបតីថ្មី។
ប៉ុន្តែ វាផ្ដើមចេញពីអ្នកតស៊ូស្ត្រីនិយមម្នាក់ ពីជំនាន់មុន ដែលបានប្រាប់ក្រុមអ្នកដើរហែក្បួន ឲ្យនាំការតស៊ូរបស់ពួកគេ ទៅដល់កម្រិតសកលហើយមិនត្រឹមតែមួយថ្ងៃ កាលពីថ្ងៃសៅរ៍នោះឡើយ។
អ្នកស្រី GLORIA STEINEM បានថ្លែងថា៖
«យើងត្រូវតែធ្វើសកម្មភាព ទៅតាមជំនឿរបស់ពួកយើង»។
តែ២៤ម៉ោងប៉ុណ្ណោះ ក្រោយពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ ស្ត្រីនិងបុរសរាប់ពាន់នាក់ បាននាំគ្នាដើរតាមដងផ្លូវនានាក្នុងទីក្រុង ដើម្បីឲ្យប្រធានាធិបតីថ្មីរូបនេះ ដឹងថា ពួកគេ នឹងតស៊ូប្រយុទ្ធដើម្បីគុណតម្លៃនិងទស្សនវិស័យរបស់អាមេរិក។
ហ្វូងមនុស្សម្នា ដែលដើរហែក្បួន បាននាំគ្នា ធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះថ្មីរបស់លោកប្រធានាធិបតីថ្មី ខណៈដែលពលរដ្ឋរាប់លាននាក់ទៀត បានប្រមូលផ្គុំគ្នានៅតាមទីក្រុងតូចធំនានាទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងទីប្រជុំជនក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកគាំទ្រលោក ត្រាំ ពីរបីនាក់ បានការពារប្រធានាធិបតីថ្មីរបស់ពួកគេ ខណៈដែលអ្នកដើរហែក្បួន ស្រែកប្រឆាំងនឹងសកម្មជនដែលប្រឆាំងការរំលូតកូន។
នៅពេលដែលអ្នករៀបចំកម្មវិធី និយាយថា ការដើរហែក្បួននេះ មិនមែនសំដៅត្រឹមតែការប្រឆាំងនឹងលោកត្រាំនោះ ជំនឿរបស់ប្រធានាធិបតីថ្មីរូបនេះ បានបង្កើតឲ្យមានចំណុចរួមគ្នាមួយសម្រាប់ក្រុមបាតុករនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រាប់ចាប់តាំងពីកូនស្រីរបស់ពលរដ្ឋអាមេរិកកាំងម្នាក់ ដែលកាន់សាសនាឥស្លាម ហើយដែលមានឪពុកមានដើមកំណើតពីអាហ្វ្រិក និងម្ដាយម៉ារ៉ុក ដែលភ័យខ្លាចវោហារសាស្ត្រក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាម អាចជំរុញឲ្យអ្នកដទៃទៀត ធ្វើសកម្មភាព។
នាង RUQAYYAH គឺជាសិស្សម្នាក់។
«ពេលជិះរថភ្លើងទៅធ្វើការរាល់ថ្ងៃ ខ្ញុំសុខចិត្តពាក់ជិតៗ ដោយសារខ្ញុំមិនចង់ឲ្យនរណាគេ សម្លក់ សម្លឹងមុខក្រោយទេ ព្រោះវាគួរឲ្យខ្លាច»។
រហូតដល់ស្ត្រីជាម្ដាយម្នាក់គឺអ្នកស្រី RACHEL BURKHOLDER មកពីរដ្ឋអាឡាបាម៉ា ដែលបានចំណាយពេលជិះឡានក្រុងអស់១៤ម៉ោង មកកាន់រដ្ឋធានីនេះ។
«នេះគឺប្រាកដជាដំណើរផ្សងព្រេងដ៏ធំបំផុតដែលខ្ញុំមិនដែលបានធ្វើ ហើយក៏ជាការចូលប្រឡូកពាក់ព័ន្ធនឹងរឿងនយោបាយខ្លាំងបំផុតដែលខ្ញុំមិនធ្លាប់ធ្វើកន្លងមកដែរ។ ខ្ញុំជាមនុស្សរាងស្ងៀមស្ងាត់និងខ្លាច មិនហ៊ានធ្វើរឿងអ្វីថ្មីទេ ដូច្នេះ សកម្មភាពទាំងនេះ គឺជារឿងថ្មីស្រឡាងសម្រាប់ខ្ញុំ»។
រហូតដល់ ស្ត្រីជាម្តាយគឺអ្នកស្រី HOLLY SEIBOLD ដែលបានចែករំលែកការស្រលាញ់និងការចូលរួមនយោបាយ ជាមួយកូនស្រីរបស់ខ្លួនផងដែរ។
«ពិតណាស់ យើងទទួលស្គាល់លោក ត្រាំ ជាប្រធានាធិបតី ដោយសារនេះគឺផ្នែកមួយនៃលទ្ធិប្រជាធបិតេយ្យ ប៉ុន្តែ ខ្ញុំនឹងមិននៅមើលនឹងភ្នែកនោះ ហើយបណ្ដោយឲ្យឥរិយាបថរបស់គាត់ ខ្លាចទៅជារបៀបដែលសង្គមទទួលស្គាល់ជាទូទៅនោះទេ»។
ចំណែក អ្នកស្រី MARILYNNE STARR ស្ត្រីវ័យ៧៣ឆ្នាំដែលមានកូននិងចៅប្រុសៗ ជួយនាំមកចូលរួមក្នុងការដើរហែក្បួននេះដែរដោយសារអ្នកស្រីមិនអាចដើរបាន ក៏សុខចិត្តធ្វើដំណើរតាមយន្តហោះ រាប់ពាន់គីឡូម៉ែត្រ ពីផ្ទះ មកចូលរួម ដើម្បី បន្ថែមសំឡេងរបស់អ្នកស្រី នៅទីនេះដែរ។
«វាមានសារសំខាន់ណាស់ ដែលយើងប្រាប់ ត្រាំថា យើងទាមទារការគោរពស្ត្រី និងអ្នករាល់គ្នា។ កុំ មើលស្រាលពួកយើង ដោយសារ យើងនឹងវាយបកវិញ»។
ការទាមទារ ដែលបន្ទរដោយហ្វូងមនុស្សដើរហែក្បួនទាំងនេះ ដែលនិយាយថា ការដើរហែក្បួនកាលពីថ្ងៃសៅរ៍នោះ បានបង្ហាញពីកម្លាំងរបស់ពួកគេតាមរយៈចំនួនពួកគេ ដែលចេញមកចូលរួម បង្ហាញស្រាប់៕
ប្រែសម្រួលដោយ សាយ មុន្នី