លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចំណាយពេលវេលាមួយផ្នែកនៅថ្ងៃទី១នៃការកាន់តំណែងជាប្រធានាធិបតីដោយទៅបំពេញទស្សនកិច្ចនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក CIA ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនៃបណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលលោកបានឈ្លោះប្រកែកជាមួយកាលពីអតីតកាល។
ដំណើរទស្សនកិច្ចនេះបានត្រូវបញ្ជាក់នៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍ដោយលោក Sean Spicer អ្នកនាំពាក្យសេតវិមាន។
លោកប្រធានាធិបតីត្រាំ បានរិះគន់ទីភ្នាក់ងារស៊ើបការណ៍កណ្តាល CIA ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងៗទៀតចំពោះការអះអាងរបស់ពួកគេថា ប្រទេសរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីត្រាំបានចោទប្រកាន់ទីភ្នាក់ងារ CIA ពីការលេចធ្លាយឯកសារសំខាន់ៗរបស់លោកដែលបានចោទប្រកាន់ពីការប្រមូលព័ត៌មានដោយរុស្ស៊ី។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំកើតមានឡើងបន្ទាប់ពីពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបានទទួលជោគជ័យនៅក្នុងការបង្អាក់រហូតទាល់ថ្ងៃច័ន្ទដើម្បីពិនិត្យពិច្ច័យរបស់ព្រឹទ្ធសភាធ្វើការជ្រើសរើសលោក Mike Pompeo សមាជិកសភាតំណាងរាស្រ្តជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល CIA របស់លោកប្រធានាធិបតីត្រាំ។ ពួកគណបក្សសាធារណរដ្ឋបានប្រកាសប្រឆាំងការពន្យារពេលនេះ ហើយបាននិយាយថា ការណ៍នេះធ្វើឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលនេះគ្មានមេដឹកនាំនៅចុងសប្តាហ៍។
មុនពេលដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីភ្នាក់ងារ CIA ប្រធានាធិបតីថ្មីបានចូលរួមពិធីសូត្រធម៌នៅឯព្រះវិហារ National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោនរួមជាមួយក្រុមគ្រួសាររបស់លោក ហើយនិងលោកអនុប្រធានាធិបតី Mike Pence ហើយនិងលោកស្រី Karen ដែលជាភរិយារបស់លោក៕