សកម្មជនជាស្ត្រីទាំងនោះបានប្រមូលគ្នាចងជាក្រុមស្រ្តីដែលមានឈ្មោះថា Tiananmen Mothers ឬ«ម្តាយធានអានមេន» ដើម្បីជាការចងចាំដល់ព្រឹទ្ធការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ ដើម្បីជំរុញឲ្យរដ្ឋាភិបាលចិន ទទួលខុសត្រូវទាំងស្រុង លើព្រឹទ្ធការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ។
នៅពេលនោះមនុស្សរាប់រយនាក់ ឬអាចប្រហែលដល់ទៅរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងបាតុកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៩ ដែលនៅពេលនោះក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅទីលានធានអានមេនក្នុងទីក្រុងប៉េកាំង មួយថ្ងៃក្រោយមក បន្ទាប់ពីលោក HuYaobangអតីតមេដឹកនាំគណបក្សកុម្មុយនិស្តចិនដែលជាអ្នកកំណែទម្រង់បានទទួលមរណភាព។
លោក Yibing Feng អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំទីក្រុងប៉េកាំងបានជួបនិយាយជាមួយស្រ្តីពីរនាក់ នៅស្របពេលដែលក្រុមអាជ្ញាធរចិនរឹតបន្តឹងការឃ្លាំមើលលើការប្រមូលផ្តុំរបស់ក្រុមសកម្មជនស្រ្តី មុនពេលចូលមកដល់នៃខួបទី៣០នៃព្រឹទ្ធការណ៍ដែលត្រូវបានគេហៅថាឧបទ្ទវហេតុនៅថ្ងៃទី៤ខែមិថុនា នៅទីលានធានអានមេននៃទីក្រុងប៉េកាំង។ មតិរបស់ក្រុមស្រ្តីសកម្មជនទាំងនោះត្រូវបានកែសម្រួលឲ្យស្រួលយល់។
VOA មិនអាចទាក់ទងលោកយាយ Ding Zilinវ័យ៨៣ឆ្នាំដែលជាសហស្ថាបនិកម្នាក់នៃក្រុមស្រ្តីនេះបានទេ។ កូនប្រុសរបស់លោកយាយឈ្មោះ Jiang Jielianដែលពេលនោះមានអាយុ១៧ឆ្នាំ បានស្លាប់នៅក្នុងការបង្ក្រាបទៅលើបាតុកម្មនៅថ្ងៃនោះ។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមអាជ្ញាធរបានបញ្ជូនលោកយាយទៅស្រុកកំណើតរបស់លោកយាយនៅទីក្រុង Wuxi។ ទាំងទូរស័ព្ទដៃនិងទូរស័ព្ទនៅផ្ទះរបស់លោកយាយត្រូវបានកាត់ផ្តាច់។
អ្នកស្រី Zhang Xianling ជាស្រ្តីម្នាក់ដែលមានកូនជាជនរងគ្រោះនៅទីលានធានអានមេនដែរ បានរំឭកពីព្រឹទ្ធការណ៍នៅថ្ងៃនោះថា នៅមុនថ្ងៃនោះមួយថ្ងៃគឺ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៩ អ្នកស្រីបារម្ភពេញមួយយប់។ អ្នកស្រីបារម្ភថាមិនដឹងជានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ កូនប្រុសរបស់អ្នកស្រីឈ្មោះ Wang Nanបានចូលទៅទីលានធានអានមេននៅពេលចាប់ផ្តើមមានបាតុកកម្ម។ លោកWang ចូលទៅទីនោះដើម្បីថតរូបពីក្បួនបាតុកម្ម។ ដំបូងឡើយលោកបានប្រាប់អ្នកស្រីថា«លោកមិនយល់ពីគោលបំណងរបស់ពួកនិសិត្សនៅទីលានធានអាមេនកំពុងទាមទារទេ»។
អ្នកស្រីបាននិយាយទៀតថា កូនប្រុសអ្នកស្រីបានចូលទៅទីលាននោះម្តងទៀតដើម្បីទៅយកព័ត៌មានអំពីចលនានិសិត្សដែលកំពុងធ្វើបាតុកម្មនៅទីនោះ បន្ទាប់មកទៀតលោកក៏សម្រេចចិត្តចូលរួមក្នុងបាតុកម្មនេះដើម្បីប្រទេសជាតិ។
អ្នកស្រី Zhangបានប្រាប់ឲ្យកូនប្រុសអ្នកស្រីប្រយ័ត្នខ្លួន និងបានសុំឲ្យលោកឈប់ទៅទីលាននោះទៀត។ ពេលនោះអ្នកស្រីបាននិយាយប្រាប់កូនប្រុសអ្នកស្រីថា ចលនានិសិត្សនេះមិនយូរមិនឆាប់នឹងត្រូវអាជ្ញាធរបង្ក្រាប ក៏ប៉ុន្តែលោកបានឆ្លើយមកវិញថាចលនានិសិត្សនេះគឺជាកម្លាំងជួយដល់ការវិវត្តន៍សង្គម មិនតែប៉ុណ្ណោះលោកថែមទាំងបានហៅអ្នកស្រីថាជាមនុស្សអភិរក្សនិយមទៀតផង។
អ្នកស្រី Zhangថា កូនប្រុសរបស់អ្នកស្រីត្រូវបានជំរុញទឹកចិត្តដោយចលនានិសិត្សនេះ»។
នៅល្ងាចថ្ងៃទី៣ ខែមិថុនា អ្នកស្រី Zhang បានឮពីមនុស្សដែលអ្នកស្រីស្គាល់ថា គេមានគម្រោងបាញ់ពួកនិសិត្សដែលធ្វើបាតុកម្ម។ អ្នកស្រីក៏បានឮពីអ្នកផ្សេងទៀតថាគេមិនបាញ់ទេ។ អ្នកស្រីបាននិយាយបន្ថែមទៀតថា ពេលនោះកូនប្រុសរបស់អ្នកស្រីបានសន្យាជាមួយអ្នកស្រីថា នឹងមិនចេញទៅក្រៅទេនៅយប់ថ្ងៃនោះ។ អ្នកស្រីថា ជាធម្មតាលោកគឺជាកូនប្រុសដែលស្តាប់បង្គាប់ណាស់។
ពួកទាហានបានបញ្ជាឲ្យកម្ទេចអ្វីដែលរដ្ឋាភិបាលនៅពេលនោះហៅថាជាកុបកម្មប្រឆាំងនឹងបដិវត្តន៍។ ពួកគេបានបាញ់ទៅលើហ្វូងនិសិត្សនៅលើទីលានធានអានមេននៅព្រឹកថ្ងៃទី៤ ខែមិថុនា។
នៅថ្ងៃទី១២ ខែមិថុនា អ្នកស្រី Zhang បានដឹងថា មានសាកសពក្មេងប្រុសម្នាក់នៅមន្ទីពេទ្យឱសថចិនបុរាណHuguosi។ អ្នកស្រីបាននិយាយថា គ្រូពេទ្យម្នាក់បានប្រាប់អ្នកស្រីថា សាកសពនោះត្រូវបានគេរកឃើញនៅគរគ្នាជាមួយនឹងសាកសពមនុស្សពីរនាក់ទៀតនៅទីលានធានអានមេន។
លោក Wang ត្រូវគេបាញ់ចំក្បាល ដែលមានជាប់បង់បិទដំបៅនៅលើមុខរបួស។ ដោយសារអ្នកស្រីឃើញបង់រុំរបួសនោះ អ្នកស្រីគិតថាច្បាស់ជាមានអ្នកណាម្នាក់ព្យាយាមជួយសង្គ្រោះកូនអ្នកស្រីនៅពេលនោះ។
អ្នកស្រី Zhang ចាប់ផ្តើមស្វែងរកព័ត៌មានពាក់ព័ន្ធនានា។ អ្នកស្រីបានចាប់ផ្តើមជួបជាមួយមនុស្សផ្សេងៗទៀតដែលបានឃើញភស្តុតាងដូចអ្នកស្រី។
ប៉ុន្មានខែក្រោយមក អ្នកស្រី Zhang ថាអ្នកស្រីចាំមិនច្បាស់ប្រហែលក្នុងខែធ្នូ ឆ្នាំ១៩៨៩ ឬខែមករា ឆ្នាំ១៩៩០ អ្នកស្រីបានរកឃើញថា និសិត្សម្នាក់ក្នុងចំណោមនិសិត្សជាច្រើននាក់ទៀតមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យប៉េកាំង គឺជាអ្នកដែលបានចូលទៅទីលានធានអានមេនបន្ទាប់ពីពួកទាហានបានបាញ់ទៅលើហ្វូងនិសិត្ស។
អ្នកស្រី Zhang បានដឹងទៀតថា ពួកទាហានបានគំរាមមិនឲ្យនិសិត្សពេទ្យទាំងនោះជួយសង្គ្រោះជនរងគ្រោះទេ ដោយពួកទាហានបានបិទផ្លូវរារាំងមិនឲ្យពួកនិសិត្សពេទ្យក៏ដូចជាឡានពេទ្យចូលទៅដល់ទីលានជាដាច់ខាត។ បន្ទាប់ពីផ្គុំបញ្ចូលគ្នានូវព័ត៌មានទាំងអស់ដែលអ្នកស្រីរកឃើញ នៅទីបំផុតអ្នកស្រីបានដឹងពីអ្វីដែលបានកើតឡើងលើកូនប្រុសអ្នកស្រីនៅថ្ងៃនោះ»។
អ្នកស្រី Zhang បាននិយាយថា លោក Wang ត្រូវបានគេបាញ់នៅម៉ោង១កណ្តាលអាទ្រាត និងបានស្លាប់ពីរម៉ោងក្រោយមក។ ពេលនោះលោកមានអាយុ១៩ឆ្នាំ។ អ្នកស្រីបានបញ្ជាក់ថារាល់ពេលដែលអ្នកស្រីរំឭកពីព្រឹទ្ធការណ៍នេះ អ្នកស្រីខ្លោចផ្សាខ្លាំងណាស់។
អ្នកស្រី You Weijie បានភ្ជាប់រឿងរ៉ាវរបស់អ្នកស្រី ដូចទៅនឹងរឿងរ៉ាវរបស់អ្នកស្រី Zhang ដែលបានដាក់រូបថតកូនប្រុសមួយផ្ទាំងធំនៅទីលានបញ្ចុះសព Wan'an។
អ្នកស្រី You បានទុកកំណត់ហេតុមួយឲ្យអ្នកស្រី Zhang ដោយអ្នកស្រីបានសរសេរថា ប្តីរបស់អ្នកស្រីឈ្មោះ Yang Minghu ត្រូវបានសម្លាប់។
អ្នកស្រី You បាននិយាយថា អ្នកស្រីមិនបានឮស្នូរគ្រាប់កាំភ្លើងនៅយប់នោះទេ ប៉ុន្តែប្តីរបស់អ្នកស្រីបានឮ។ លោក Yangដែលជាប្តីរបស់អ្នកស្រីបានជិះកង់ចេញទៅទីលានដើម្បីរកមើលថាមានរឿងអ្វីកើតឡើង។
អ្នកស្រី You និយាយថា៖
«នៅយប់នោះមនុស្សម្នាច្រើនសន្ធឹកសន្ធាប់នៅពាសពេញតាមផ្លូវក្នុងទីក្រុងប៉េកាំង»។ អ្នកស្រីបានរំឭកពីហេតុការណ៍នៅយប់នោះថា អ្នកស្រីបានឈរចាំប្តីអ្នកស្រីនៅលើផ្លូវ និងបានឮស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅម៉ោង៣ទាបភ្លឺ បន្ទាប់មកអ្នកស្រីក៏ត្រឡប់ទៅចាំនៅផ្ទះវិញ។
អ្នកស្រីនិយាយបន្ថែមទៀតថា«ម៉ោងប្រហែល៦ព្រឹកអ្នកស្រីបានទៅឈរចាំប្តីអ្នកស្រីនៅលើផ្លូវ»។ ពេលអ្នកស្រីដើរត្រឡប់មកផ្ទះវិញ អ្នកស្រីឃើញបុរសវ័យក្មេងម្នាក់អង្គុយនៅក្នុងផ្ទះអ្នកស្រី។ បុរសនោះបានប្រាប់អ្នកស្រីថា ប្តីរបស់អ្នកស្រីបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យ Tongren។
បុរសនោះបានប្រាប់អ្នកស្រីទៀតថា ពេលកើតហេតុលោកកំពុងស្ថិតនៅតំបន់ Chongwenmen ដែលមានមនុស្សកកកុញដោយសារលោកមិនហ៊ានចូលទៅទីលានធានអានមេន។
អ្នកស្រី You និយាយបន្តថា«បុរសនោះប្រាប់អ្នកស្រីថា លោកបានឃើញឡានមួយគ្រឿងមានមនុស្ស៧នាក់នៅក្នុងនោះ ហើយមានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលនៅរស់។ ក្នុងចំណោមពីរនាក់នោះ ម្នាក់គឺជាប្តីរបស់អ្នកស្រី»។
អ្នកស្រីបានចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលមានអ្នករងរបួសនៅពាសពេញក្នុងនោះ។ អ្នកស្រីបានឡើងទៅជាន់លើផ្នែកវះកាត់ ហើយគ្រូពេទ្យម្នាក់បានប្រាប់អ្នកស្រីថា លោក Yang ដែលជាប្តីរបស់អ្នកស្រីរងរបួសធ្ងន់ធ្ងរត្រង់ប្លោកនោម និងត្រគៀក។ ពេលអ្នកស្រីសាកសួរលោក Yang ពីហេតុការណ៍ដែលបានកើតឡើង ពេលនោះគ្រូពេទ្យប្រាប់អ្នកស្រីថា លោកYang ត្រូវការសម្រាក។
អ្នកស្រីបានប្រាប់ VOA ថា«អ្នកស្រីមិនជឿថាប្តីអ្នកស្រីបានស្លាប់នៅពីរថ្ងៃក្រោយមកទេ»។ នៅថ្ងៃទី៥ខែមិថុនាឆ្នាំ១៩៨៩ លោក Yangត្រូវការបញ្ចូលឈាម ប៉ុន្តែក្រុមអាជ្ញាធរនិយាយថាឈាមនៅក្នុងមន្ទីពេទ្យត្រូវបានគេទុកសម្រាប់ជួយទាហានដែលរងរបួស។ ពេលនោះអ្នកស្រី Youបានដើរស្វែងរកអ្នកផ្តល់ឈាមនៅតាមផ្លូវ ហើយគ្រូពេទ្យម្នាក់បានជួយអ្នកស្រី។
អ្នកស្រីបានរៀបរាប់បន្តថា៖
«មានមនុស្សជាច្រើនយល់ព្រមផ្តល់ឈាមឲ្យប្តីអ្នកស្រី។ សាធារណៈជនសុខចិត្តផ្តល់ឈាមជួយសង្គ្រោះអ្នករបួស«។ នៅពេលនោះប្តីប្រពន្ធទាំងពីរនាក់នេះបាននិយាយស្ងាត់ៗអំពីកូនរបស់ពួកគេ។ លោក Yang ចង់ងូតទឹកនិងចង់ញ៉ាំបាយ។ ពេលនោះគ្រូពេទ្យប្រាប់ថាលោក Yang មិនទាន់អាចញ៉ាំអ្វីបានទេ។ អ្នកស្រី You បានគិតថាពេលប្តីអ្នកស្រីចេញពីមន្ទីពេទ្យ អ្នកស្រីនឹងរកមើលថ្នាំបុរាណណាដែលអាចជួយឲ្យលោក Yangអាចឆាប់ជាសះស្បើយនិងមានកម្លាំងដូចដើមវិញ។
អ្នកស្រីនិយាយថា អ្នកស្រីបានគិតឃើញពីថ្នាំបុរាណដែលជួយដល់ឆ្អឹងនិងសន្លាក់ ព្រមទាំងស៊ុបមាន់ផងដែរ»។
នៅថ្ងៃទី៦ខែមិថុនាឆ្នាំ១៩៨៩ នៅពេលដែលអ្នកស្រី You ត្រឡប់ទៅមើលលោក Yang វិញ ពេលនោះមានមនុស្សម្នាក់បានប្រាប់អ្នកស្រីថា លោក Yang បានស្លាប់បាត់ហើយ។ ដំណឹងនេះធ្វើឲ្យអ្នកស្រីតក់ស្លុតយ៉ាងខ្លាំង។
អ្នកស្រីបាននិយាយថា រយៈពេល៦ឆ្នាំដែលអ្នកស្រីនៅតែមានអារម្មណ៍តក់ស្លុតចំពោះការស្លាប់របស់លោក Yangបុរសដែលអ្នកស្រីបានរៀបការជាមួយនៅពេលលោកមានអាយុ៣៦ឆ្នាំ ហើយពេលនោះអ្នកស្រីមានអាយុ៣០ឆ្នាំ។ អ្នកស្រីយំរហូតដល់ថ្នាក់យំលែងចេញ»។
អ្នកស្រី You និយាយថាវាមានអារម្មណ៍ពិបាកណាស់ដែលដឹងថាមនុស្សស្លាប់ដោយសារគេចាក់នឹងកាបិត។ វាមិនគួរឲ្យជឿទាល់តែសោះដែលកងទ័ពប្រទេសអ្នកស្រី សម្លាប់ពលរដ្ឋខ្លួនឯង។ អ្នកស្រីនិយាយបន្តថា យើងមិនមែនរស់នៅនៅក្នុងសម័យសង្គ្រាមទេ ហេតុការណ៍ដែលបានកើតឡើងមកលើរូបអ្នកស្រីពិតជាហួសហេតុ និងមិនអាចទទួលយកបានទេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា